ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ស្ត្រីជនជាតិអាម៉េរិកម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីបានរកឃើញកាំភ្លើងធ្វើពីមាសទម្ងន់ ២៤ ការ៉ាត់មួយដើមនៅក្នុងវ៉ាលិសរបស់នាង។
កងកម្លាំងព្រំដែនអូស្ត្រាលី (ABF)បាននិយាយកាលពីថ្ងៃអង្គារទី២៥មេសាថា ស្ត្រី ដែលគេមិនបញ្ចេញអត្តសញ្ញាណនេះ បានមកដល់ទីក្រុងស៊ីដនីពីទីក្រុងឡូសអាន់ជេឡេសហើយមិនមានលិខិតអនុញ្ញាតសម្រាប់អាវុធទេ។
នាងអាចប្រឈមជាប់គុក ១០ ឆ្នាំ។នាងក៏អាចប្រឈមមុខនឹងការលុបចោលទិដ្ឋាការនិងការបណ្តេញចេញពីអូស្ត្រាលីផងដែរ ដោយរង់ចាំលទ្ធផលនៃដំណើរការរបស់តុលាការសិន។
រូបថត ដែលចេញផ្សាយដោយ ABFបានបង្ហាញការស្កែនវ៉ាលិសនាងនៅអាកាសយានដ្ឋាន ដែលបង្ហាញអាវុធនៅក្នុងវ៉ាលិសរបស់នាង។ រូបថតទីពីរបានបង្ហាញកាំភ្លើងខ្លី បន្ទាប់ពីបើកវ៉ាលិស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រី ABF បាននិយាយថា បច្ចេកវិជ្ជារាវរកដ៏ទំនើបបានជួយបញ្ឈប់អាវុធដ៏គ្រោះថ្នាក់មិនឱ្យចូលក្នុងប្រទេស។
មេបញ្ជាការ ABF លោក ចាស្ទីន បាធឺស (Justin Bathurst) បាននិយាយថា “ម្តងហើយម្តងទៀត យើងបានឃើញពីរបៀបដែលមន្ត្រី ABFធ្វើបានល្អណាស់ក្នុងការកំណត់គោលដៅនិងបញ្ឈប់ទំនិញខុសច្បាប់និងគ្រោះថ្នាក់ខ្ពស់មិនឱ្យឆ្លងកាត់ព្រំដែនអូស្ត្រាលី”។
ក្រុមមន្ត្រីបាននិយាយថា ស្ត្រីអាយុ ២៨ ឆ្នាំរូបនោះត្រូវបានចោទប្រកាន់ ហើយបានបង្ហាញខ្លួននៅចំពោះមុខតុលាការតំបន់ដោននីងសិនធឺ (Downing Center) កាលពីថ្ងៃចន្ទជាកន្លែងដែលនាងទទួលបានសិទ្ធិនៅក្រៅឃុំ។
អូស្ត្រាលីមានច្បាប់អាវុធគ្រប់ជ្រុងជ្រោយបំផុតមួយនៅក្នុងពិភពលោក។ ច្បាប់ស្តីពីអាវុធត្រូវបានអនុម័តបន្ទាប់ពីមនុស្ស ៣៥ នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ ១៩៩៦ ដោយខ្មាន់កាំភ្លើងនៅរដ្ឋថាស្មេនៀ (Tasmania)។បន្ទាប់ពីការវាយប្រហារនោះមក អាវុធស្វ័យប្រវត្តិនិងពាក់កណ្តាលស្វ័យប្រវត្តិទាំងអស់បានក្លាយជាខុសច្បាប់ ហើយអាវុធប្រហែល ៦០០.០០០ ដើមត្រូវបានប្រគល់ជូនរដ្ឋជាផ្នែកនៃគម្រោងទិញត្រឡប់មកវិញជាចាំបាច់របស់រដ្ឋាភិបាល៕
ស្ត្រីអាម៉េរិកប្រឈមជាប់គុក១០ឆ្នាំពីបទនាំអាវុធចូលអូស្ត្រាលីខុសច្បាប់