ដោយៈសុផល,ង៉ានទិត្យ/ព្រះសីហនុ៖នាវាខ្នាតអន្តរជាតិ វ៉េសស្ទឺដាម (Westerdam)នឹងមកចូលចតសាជាថ្មីម្តងទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេស​កម្ពុជានៅចុងឆ្នាំនេះ បន្ទាប់ពីបានចូលចតម្តងហើយកាលថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ បន្ទាប់​ពីប្រទេសជាច្រើនបានបដិសេធមិនឱ្យចូលចត ហើយចុងក្រោយមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលយល់ព្រមឱ្យចូលចត និង​មាន​វត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទៅទទួលដោយភាពកក់ក្តៅនិងស្និទ្ធស្នាលទៀតផង។

នេះជាការបញ្ជាក់របស់លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ក្នុងពេលជួប​ប្រតិភូអ្នកសារព័ត៌មានមួយក្រុមមក​ពីច្រើន​អង្គភាព​​កាលពីថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៣។ លោកអគ្គនាយកបានឱ្យដឹងបន្ថែមទៀតថា ស្តូបនាវាវ៉េសស្ទឺដាម បាននិងកំពុងសាងសង់នៅផែចាស់ ដើម្បីរំលឹកដល់ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាន​អនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីប្រទេស និងដែនដីមួយចំនួនបានបដិសេធមិនអនុញ្ញាតចូលចត។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ បន្ទាប់ពីប្រទេស និងកោះចំនួនប្រាំ(ជប៉ុន តៃវ៉ាន់ កោះហ្គា ម ហ្វីលីពីន និងថៃ) បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ-១៩ ខណៈនាវានេះ​កំពុងផ្ទុកមនុស្ស​ជាង ២.២០០នាក់ នៅលើនាវា ។ក្នុងនោះ អ្នកដំណើរ ១.៤៥៥នាក់ មានជាង ៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាម៉េរិក មានចំនួន ៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩នាក់ អាល្លឺម៉ង់ ៥៧នាក់ និងជនជាតិមួយចំនួនទៀត។

មូលហេតុដែលរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យនាវាអាម៉េរិក Westerdam ចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺកូវីដ-១៩។

សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)ដោយមានកិច្ចសហការនិងគាំទ្រដោយក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចការងារនៃអ្នកសារព័ត៌មានមួយក្រុមដែលមកពីស្ថាប័នសារព័ត៌មានជាច្រើនទៅកាន់ខេត្តព្រះសីហនុរយៈពេលបីថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២៥ដល់ទី២៧ខែមេសាឆ្នាំ២០២៣។ ប្រតិភូដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាផ្ទាល់៕សរន