ដោយ៖ សុខុម / ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងរៀបចំទីតាំង និង កន្លែងសំខាន់ៗ ដើម្បីត្រៀមទទួលក្បួនដង្ហែ ព្រះអគ្គិជ័យកីឡា ដែលនឹងចូលមក ដល់ទឹកដី ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំស្ថាប័ន មន្ទីរសមត្ថកិច្ច ចុះទៅពិនិត្យទីតាំង មុខសាលាខេត្ត វត្តស្រះកែវមុន្នីវណ្ណ ហៅវត្តលើគល់ស្ពាន សេកុង និងនៅច្រកទ្វារព្រំដែនអន្តរសជាតិ ត្រពាំងក្រៀល នៅព្រឹកថ្ងៃទី២៦ មេសា នេះ ។
សូមបញ្ជាក់ថា ក្បួនព្រះអគ្គិជ័យកីឡា នឹងដង្ហែចេញពីប្រទេសឡាវ ចូលមក ប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិ ណងណុកឃៀន ឡាវ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ មេសា ស្អែកនេះ ។ ពិធីប្រគល់ និងទទួល ព្រះអគ្គិជ័យកីឡា នឹងធ្វើឡើងនៅច្រកព្រំដែន បន្ទាប់មក ហែចូលទៅកាន់ ទីរួមខេត្ត ហើយបន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល នៅថ្ងៃបន្ទាប់។
មុននេះ ព្រះអគ្គិជ័យកីឡា បានដង្ហែទៅកាន់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី -អាគ្នេយ៍ រួចហើយ។ ព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ ប្រទេសកម្ពុជាវិញ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ។ ថ្ងៃទី២៩ ខែមេសា ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្ត ជុំវិញបឹងទន្លេសាប ដោយផ្តើមពី ខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ។ ថ្ងៃទី៥ ខែឧសភា ព្រះអគ្គិជ័យកីឡា ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមករាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋាន មរតកតេជោ នៅវេលាម៉ោង ៨ យប់ ។
សូមបញ្ជាក់ដែរថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែ ចេញពីខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយដង្ហែឆ្ពោះទៅកាន់ប្រទេស វៀតណាម។ បន្ទាប់ពីប្រទេសវៀតណាម ព្រះអគ្គិជ័យ ក៏បានដង្ហែទៅកាន់ ប្រទេសសមាជិកអាស៊ានដទៃទៀត ជាបន្តបន្ទាប់៕ V / N