ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​កែលំអ​ប្រព័ន្ធ​សុខាភិបាល​បន្ថែម ដើម្បី​បំពេញតម្រូវការ​សេវា​ពិនិត្យ និង​ព្យាបាល​ជូន​ដល់​ប្រជាជន​ឱ្យបាន​ទាន់ពេលវេលា មាន​បច្ចេកទេស​កាន់តែ​ទំនើប​ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​វេជ្ជ​សា​ស្ត្រក្នុង​បរិបទ​សុខាភិបាល​ឌីជីថល​ជំរុញ​ការផ្តល់សេវា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​។​នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​វ​ជ្ជ​សា​ស្ត​សាន់​រ៉ា​យស៍​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែង​ទៀតថា​៖​ទន្ទឹមនឹងនេះ​ផងដែរ ក្រសួងសុខាភិបាល​ក៏បាន​អនុញ្ញាតិ​ឱ្យមាន​ការ បង្កើត​មន្ទីរពេទ្យ ឬ​គ្លីនិក ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​ទំនើបៗ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ផ្នែក​សេវា​សុខាភិបាល​ចូលរួម​កាត់បន្ថយ​នូវ​ការស្វែងរក​សេវា​សុខាភិបាល​នៅ​ក្រៅ​ប្រទេស ដែលមាន​បន្ទុក​ចំណាយ​ខ្ពស់​សម្រាប់ពលរដ្ឋ​កម្ពុជា​។

​លោកស្រី​រដ្ឋលេខាធិការ បាន​លើកទឹកចិត្ត​ដល់​មជ្ឈមណ្ឌល​សាន់​រ៉ា​យស៍​សែន​សុខ ក៏ដូចជា​មន្ទីរពេទ្យ និង​គ្លីនិក ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​នានា ដែល​បានទទួល​ការអនុញ្ញាតឱ្យ​ដំណើរការ​នៅ​កម្ពុជា ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ឱ្យ​បានជា​អតិបរមា រៀបចំ​ដោយ​យកចិត្តទុកដាក់​តាម​ក្បួន​ខ្នាត​ទាំង​ផ្នែក​បច្ចេកទេស វេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាល​ធនធាន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ការងារ​គ្រប់គ្រង និង​ការ ថែទាំ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ត្រឹមត្រូវ ដើម្បី​ធានា​នូវ​ការផ្តល់សេវា​របស់ខ្លួន​នឹង​ទទួលបាន​នូវ​គុណ ភាព និង​សុវត្ថិភាព ស្របតាម​ស្តង់ដារ​អប្ប​បរមា​សម្រាប់​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែល​ទើបតែ​ត្រូវ​បានដាក់ ឱ្យប្រើ​ប្រាស់​នាពេល​ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ២០២៣ ដល់ ២០៣០​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា៖​«​មូលដ្ឋាន​សុខាភិបាល​ឯកជន នៅតែ​ជា​ដៃគូ​អភិវឌ្ឍ​សុខាភិបាលដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ​សុខាភិ -​បា​ល​ដែល​តម្រូវឱ្យ​មានការ​ពង្រឹងគុណភាព​សេវា និង​ត្រូវតែ​ផ្តល់​សេវា​ដែលមាន​គុណភាពនិង​សុវត្ថិភាព​ជូន​ប្រជាជន​នៅ​ព្រះរាជា​ណា​ច​កក្រម្ពុជា​ដោយ​មិន​គិតពី​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ»​។​

​ក្នុងនាម​ក្រសួងសុខាភិបាល លោកស្រី​សង្ឃឹមថា​« វត្តមាន​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាន់​រ៉ា​យស៍​សែន​សុខ​នាពេលនេះ និង​តទៅ​អនាគត​នឹងធ្វើ​ឱ្យ​ការផ្ដល់សេវា​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើងនិង​បង្ក​ភាព​ភាពងាយស្រួលមាន​ប្រសិទ្ធភាព​ខ្ពស់និងទទួលបាន​ទំនុកចិត្ត​ពី​ប្រជា​ជ​ន​​ហើយក៏​នឹង​អាចជួយ​ជំរុញ​ឱ្យ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​រីកចំរើន​ទៅមុខ​ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​»​។​

​លោក កា​ម៉ាតៈ ខ​យ៉ា (Kamata Keiya) ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​មន្ទីរពេទ្យ សាន់​រ៉ា​យស៍​ភ្នំពេញ បាន​ថ្លែងថា​៖​មន្ទីរពេទ្យ​Sunrise បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៦​ហើយ​ឥឡូវនេះ​ជា​ឆ្នាំ​ទី​៧​នៃប្រតិបត្តិ​ការ​របស់​ខ្លួន​។​នៅពេលនេះ​ពួកយើង​បានសម្រេច​ចិត្ត​បង្កើត​មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ បន្ថែមមួយទៀតដើម្បី​ផ្តល់​សេវា​សុខភាព​កាន់តែ​ទំនើប ងាយស្រួល ប្រកបដោយ​គុណភាព និង​សុវត្ថិភាព សម្រាប់​ប្រជាពលរដ្ឋ​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​សាន់​រ៉ា​យស៍​សែន​សុខ​ល​មាន​សេវាកម្ម​ដូចជា​៖​ផ្នែក​ពិនិត្យ​សុខភាព ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ថែទាំ​បន្ទាន់ និង​វះកាត់​ខ្នាតតូច ការពិនិត្យ រោគវិនិច្ឆ័យ​៖ រូបភាព​វេជ្ជសាស្ត្រ និង​មន្ទីរពិសោធន៍ ការចាក់​ថ្នាំ​បង្ការ ជាដើម​។​ចាប់តាំងពី​ឆ្នាំ​២០១៦ មក មន្ទីរពេទ្យ Sunrise Japan Phnom Penh បាន​ប្តេជ្ញា​បម្រើប្រជាជន​កម្ពុជា​តាម​រយៈ​ការផ្តល់សេវា​វេជ្ជសាស្ត្រ​លំដាប់​ពិភពលោក​។ ក្នុង​រយៈពេល ៧ ឆ្នាំ​នៃ​ប្រតិបត្តិការ​យើង​បានផ្តល់​សេវា​ពិនិត្យ​សុខភាព​ច្រើនជាង ២៥,០០០​រៀងរាល់ឆ្នាំ​។​

​វេជ្ជបណ្ឌិត ហុង ឆាយ នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​សាន់​រ៉ា​យស៍​សែន​សុខ​បាន​មានប្រសាសន៍ថា​៖​បេសកកម្ម​របស់​យើង​សម្រាប់​មជ្ឈ​មណ្ឌល​វេជ្ជសាស្ដ្រ Sunrise គឺ​ដើម្បី​ធានាថា​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួលបាន​សេវា​វេជ្ជសាស្ដ្រ​ល្អ​បំផុត​ត្រឹម​តែមួយ​ជំហាន​ប៉ុណ្ណោះ​ពី​ផ្ទះ​។​
​មជ្ឈមណ្ឌល​ថ្មី​នេះ​គឺជា​គ្លីនិក​ទំនើប​បំផុត​ដែលមាន​គោលបំណង​ព​ន្លឿ​ន​ការផ្តល់​ការពិនិត្យ​សុខភាព​បង្ការ​ជាមួយនឹង​ជម្រើស​ពិនិត្យ​សុខភាព​ជាច្រើន​។ ​ការផ្តួចផ្តើម​គំនិត​នេះ​គឺ​ដើម្បី​ការពារ​ជីវិត​និង​ធ្វើឱ្យមាន​សុខ​ភាពល្អ​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​ប្រជាជន​នឹង​ឆ្លងកាត់​បទពិសោធន៍​ថែទាំ​សុខភាព ដ៏​ធំ​ទូលាយ ជាមួយនឹង​តម្លៃ​សមរម្យ​និង​បរិយាកាស​ប្រកបដោយ​ផាសុកភាព​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សាន់​រ៉ា​យ ប្តេជ្ញា​ផ្តល់​សេវាកម្ម​ល្អ​បំផុត​ដើម្បី​បំពេញចិត្ត​របស់​ប្រជាពលរដ្ឋ តាមរយៈ​ចំណុច​សំខាន់ៗ​ចំនួន ៤៖១- តម្លៃ​សមរម្យ​,២-​សេវាកម្ម​រហ័ស ៣-​គុណភាព​ខ្ពស់​និង​ទី​៤- ផាសុកភាព​។​

​សូមជម្រាបថា​៖ នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​វ​ជ្ជ​សា​ស្ត​សាន់​រ៉ា​យស៍​សែន​សុខ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល ឯកឧត្តម អ៊ូ​អ៊ិ​ណុ អាត់​ស៊ូ​ស៊ី (Atsushi Ueno) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាពនៃ​រដ្ឋាភិ​បា​ល ជប៉ុន ប្រចាំ​កម្ពុជា លោក សា​នុយ កា​ហ្ស៊ី​ម៉ាសា (Sanui Kazumasa) ប្រធាន​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា លោក កា​ម៉ាតៈ ខ​យ៉ា (Kamata Keiya) ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​មន្ទីរពេទ្យ សាន់​រ៉ា​យស៍​ភ្នំពេញ លោក Tsuboya, នាយក​ផ្សារ​ទំនើប AEON Mall សែន​សុខ​៕Ph