​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មេសា​ថា សម្ពន្ធភាព​កូរ៉េខាងត្បូង​-​អាម៉េរិក​ត្រូវតែ​”​ហក់​ចូលទៅក្នុង​​ដំណាក់កាល​ថ្មី​” ដើម្បី​រួម​គ្នា​ជម្នះ​នូវ​វិបត្តិ​ដ៏​ស្មុគស្មាញ រួម​ទាំង​ការថយចុះ​កំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង​ខាង​បច្ចេកវិជ្ជា​ជាមួយ​គូប្រជែង​យុទ្ធសាស្ត្រ និង​ការប្រែប្រួល​អាកាសធាតុ​។​

​ថ្លែង​មួយ​ថ្ងៃមុន​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ប្រធានាធិបតី ចូ បៃ​ដិន លោក​យូ​ន​បាន​ប្រាប់​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អាម៉េរិក​ថា​សម្ពន្ធភាព​សន្តិសុខ​ទ្វេភាគី​​គួរតែ “​វិវ​ឌ្ឍ​ទៅជា​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​សម្ពន្ធភាព​បច្ចេកវិជ្ជា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នាពេល​អនាគត​”​។​

​លោក​បាន​និយាយថា សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​បាន​កំពុង​ជួប​បញ្ហា​ប្រឈម​ថ្មីៗ ហើយ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​កំពុង​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​មិន​ស្ងប់​។​

​លោក​យូ​ន​បាន​និយាយថា “​ការប្រកួតប្រជែង​ដើម្បី​អនុត្តរភាព​បច្ចេកវិជ្ជា បញ្ហា​ថាមពល​និង​វិបត្តិ​អាកាសធាតុ​កំពុង​ធ្វើឱ្យ​មាន​ភាពមិនច្បាស់លាស់​បន្ថែមទៀត​លើ​សកម្មភាព​អាជីវកម្ម​ពីមួយថ្ងៃ​​ទៅមួយថ្ងៃ​”​។​

​លោក​យូ​ន​បាន​និយាយថា រាប់​ចាប់ពី​ការបណ្តាក់ទុន​រួមគ្នា​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​កូរ៉េខាងត្បូង​និង​ក្រុមហ៊ុន​អាម៉េរិក​ក្នុង​ឆ្នាំ​១៩៦៥​កូរ៉េខាងត្បូង​បាន​ក្រោក​ឡើង​ក្លាយជា​ប្រទេស​ឈានមុខ​គេ​លើ​​ពិភពលោក​ក្នុង​ការផលិត​អង្គ​ចងចាំ​ដែល​ស្មើនឹង ៦០ ភាគរយ​នៃ​ចំណែក​ទីផ្សារ​ពិភពលោក​។​

​លោក​យូ​ន​បាន​និយាយថា “​កិច្ចសហប្រតិបត្តិការ​នេះ​គួរតែ​ពង្រីក​ឱ្យ​ហួស​ពី​បន្ទះ​ឈីប​ទៅកាន់ប​ច្ចេក​វិជ្ជាកំពុ​ង​រីកចម្រើន​នាពេល​អនាគត​នានា​ដូចជា AI, Quantum, SMR (Small Modular Reactors) និង​អ្វីៗ​ច្រើន​ទៀត​”​។​

​លោក​បាន​និយាយថា បច្ចេកវិជ្ជា​ស្នូល​ពី​សហរដ្ឋ​អាម៉េរិក​និង​សមត្ថភាព​ផលិត​កម្រិត​ខ្ពស់​របស់​កូរ៉េខាងត្បូង​នឹង “​បង្កើត​ការ​សហការ​គ្នា​ដ៏​ធំ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​”​។​

​លោក​យូ​ន​បាន​និយាយថា លោក​សង្ឃឹមថា ក្នុងអំឡុង​ទស្សនកិច្ច​របស់​លោក ប្រទេស​ទាំង​ពីរ​នឹង​បញ្ជាក់​សាជាថ្មី​អំពី​ឋានៈ​របស់​ពួកគេ​ជា​សម្ពន្ធមិត្ត​ពិត​និង​ដៃគូ​បច្ចេកវិជ្ជា​ទំនើប​ដើម្បី​បង្កើត​ឱកាស​អាជីវ​​កម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​”​ការវិនិយោគ​ទ្វេភាគី​របស់​យើង​ត្រូវតែ​ពង្រីក​ទាំង​បរិមាណ​និង​គុណភាព​ដើម្បី​កសាង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដែល​មាន​ស្ថិរភាព​និង​ភាព​ធន់​ជាង​មុន​”​។​

​លោក​បាន​និយាយថា ប្រទេស​ទាំង​ពីរ​គឺជា​ដៃគូ​ដ៏​ល្អ​សម្រាប់ “​មិត្ត​រួម​ការងារ​”​ដែល​ជា​ការនិយាយ​សំដៅលើ​ដំណើរការ​ដែល​ដឹកនាំ​ដោយ​អាម៉េរិក​ក្នុង​ការកាត់បន្ថយ​ការពឹងផ្អែក​លើ​ប្រទេស​ចិន​សម្រាប់​​ទំនិញ​និង​សម្ភារៈ​សំខាន់ៗ ទោះបីជា​លោក​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​ក៏​ដោយ​។​

​លោក​យូ​ន​បាន​និយាយថា រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើការ​ដើម្បី​បង្កើត​បរិយាកាស​ទីផ្សារ​ដោយ​យុត្តិធម៌​និង​អាច​ព្យាករណ៍​បាន និង​ផ្តល់​ឥណទាន​ពន្ធ​សំខាន់ៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ​ដ៏​ក្លាហាន​ដោយ​ក្រុមហ៊ុន​អាម៉េរិក​។​

​លោក​បាន​និយាយថា “​សាធារណរដ្ឋ​កូរ៉េ​និង​សហរដ្ឋ​អាម៉េរិក​បាន​ផាត់​ពណ៌​គំនូរព្រាង​ដ៏​អស្ចារ្យ​ជាមួយគ្នា​អស់​រយៈពេល ៧០ ឆ្នាំ​មកហើយ​។ រយៈពេល ៧០ ឆ្នាំ​ខាង​មុខ​រួម​គ្នា​នឹង​ក្លាយ​ជា​ដំណើរ​នៃ​ការបំពេញ​គំនូរព្រាង​ជាមួយនឹង​ពណ៌​ដែល​ត្រូវ​គ្នា​”៕

លោក​យូ​ន​មកដល់​សភា​ពាណិជ្ជកម្ម​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ