ដោយ: បូកគោ / កំពត: អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ រដ្ឋបាលខេត្តកំពត បានសម្រេចយកទីតាំងរង្វង់មូល រូបសំណាកផ្លែទុរេន រៀបចំជាកន្លែង សម្រាប់ប្រជាពលរដ្ឋ ទស្សនាការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌ កីឡាស៊ីហ្គេម។ ទស្សនិកជន នឹងបានកម្សាន្តសប្បាយ តាមរយៈការទស្សនា រូបភាព និងសំឡេង លើផ្ទាំងកញ្ចក់ទូរទស្សន៍ អិលអ៊ីឌី ដែលបន្តផ្ទាល់ពី រាជធានីភ្នំពេញ។

លោក ណុប ណាប់ ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តកំពត បានប្រាប់ឱ្យដឹងថា ផ្អែកតាមប្រសាសន៍ណែនាំរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល លោកអភិបាលខេត្តកំពត បានសម្រេចយកទីតាំងរង្វង់មូលរូបសំណាកផ្លែទុរេន ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ កម្សាន្តសប្បាយជាមួយនឹងការទស្សនាកម្មវិធី ប្រកួតបាល់ទាត់ ក្របខ័ណ្ឌកីឡាស៊ីហ្គេម។ ជាកិច្ចចាប់ផ្ដើមដំបូង ពោលគឺ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត នឹងបានតាមដានទស្សនា តាមរយ:ការបន្តផ្ទាល់ នូវកម្មវិធីប្រកួត រវាងក្រុមកីឡា កម្ពុជា និងក្រុមទីម័ខាងកើត។

លោកប្រធានការិយាល័យ បានបញ្ជាក់ថាៈ ក្នុងនាមប្រជាពលរដ្ឋម្នាក់ លោកពិតជាមានចិត្តសប្បាយរីករាយ ដែលប្រមុខរាជរដ្ឋាភិបាល បានគិតគូរធ្វើ យ៉ាងណាឱ្យរូបភាព នៃការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌកីឡាស៊ីហ្គេម បានដល់គ្រប់ រាជធានី ខេត្ត ។

លោកសង្ឃឹមថាៈ ប្រជាពលរដ្ឋដែលនិយមពេញចិត្តវិស័យកីឡា នឹងមកចូលរួម ទស្សនាច្រើនកុះករ ជាក់ជាមិនខាន។

ជាមួយនេះ ប្រជាពលរដ្ឋ ក្នុងក្រុងកំពត បានសម្ដែងការចាប់អារម្មណ៍ថា ការរៀប ចំបន្តផ្ទាល់កម្មវិធីប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពិតជាល្អប្រពៃ និងមានអ្នកមកចូលរួមទស្សនាច្រើន ព្រោះរូបភាពបែបនេះ កម្រមានណាស់ នៅកម្ពុជា។ ម្យ៉ាងទៀត ពលរដ្ឋខេត្តកំពត ភាគច្រើន ស្រលាញ់ចូលចិត្ត និងគាំទ្រ វិស័យកីឡាខ្លាំងក្លាបំផុត៕ V / N