​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជនសង្ស័យ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ស៊ូដង់​ម្នាក់ ជា​ផ្នែក​នៃ​របប​អ៊ីស្លាម​និយម​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​ក្នុង​ឆ្នាំ ២០១៩ បាន​រត់គេច​ពី​ពន្ធនាគារ ខណៈ​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​អង្រួន​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មេសា ដោយ​បង្កើន​ការបារម្ភ​សម្រាប់​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​។​

​នៅ​ថ្ងៃទី​ពីរ​នៃ​បទ​ឈប់​បាញ់​រយៈពេល​បី​ថ្ងៃ សាក្សី​បាន​រាយការណ៍​អំពី “​ការវាយប្រហារ​តាម​អាកាស​យ៉ាងធ្ងន់ធ្ងរ​” នៅ​ទន្លេ​នី​ល​ខាងកើត ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​រដ្ឋធានី​កា​ទុំ និង​”​ការផ្ទុះ​ដ៏​ធំ​នៅ​​ទិសដៅ​នៃ​ជំរំ​យោធា​”​។​

​សាក្សី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា យន្តហោះ​ចម្បាំង​បាន​ហោះ​នៅ​ភាគ​ខាងជើង​ជាយក្រុង​កា​ទុំ ដោយ​នាំឱ្យ​មាន​ការ​បាញ់កាំភ្លើង​ប្រឆាំង​យន្តហោះ​យ៉ាង​ខ្លាំងក្លា​ពី​កង​ជីវពល​។​

​នៅ​ភាគខាងត្បូង​ទីក្រុង​កា​ទុំ ការបាញ់​កាំភ្លើងយន្ត​ត្រូវបាន​រាយការណ៍​នៅ​ជិត​ផ្ទះ​មួយ​ក្នុងចំណោម​ផ្ទះ​នានា​ដែល​គ្រប់គ្រង​ដោយ​មេបញ្ជាការ​កងជីវពល​លោក ម៉ូ​ហា​ម៉េដ ហាម​ដាន ដាកឡូ (Mohamed Hamdan Daglo) ដែល​ដឹកនាំ​កងកម្លាំង​គាំទ្រ​រហ័ស (RSF) ប្រដាប់​អាវុធ​ធុន​ធ្ងន់​ចូល​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​កងកម្លាំងប្រដាប់អាវុធ​ក្រោម​ការដឹកនាំ​របស់​មេ​បញ្ជាកា​រ​កងទ័ព លោក អាប់ឌែល ហ្វាត​តា អាល់ បឺ​ហាន (Abdel Fattah al-Burhan)​។​

​កងទ័ព​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​បញ្ជូន​អ្នកតំណាង​ម្នាក់​ទៅ​កាន់​ទីក្រុង​ជូ​បា (Juba) រដ្ឋធានី​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​នៅ​ជិតខាង ដើម្បី​ពិភាក្សា​ជាមួយ​កងជីវពល RSF”​តាម​គំនិត​​ផ្តួចផ្តើម​របស់ IGAD” ដែល​ជា​ប្លុក​តំបន់​អាហ្វ្រិក​ខាងកើត​។​

​កងកម្លាំង​ប្រដាប់អាវុធ​បាន​និយាយថា កិច្ចចរចា​គឺ​មាន​បំណង “​បន្ត​បទ​ឈប់​បាញ់​រយៈពេល ៧២ ម៉ោង​” ខណៈ​បទ​ឈប់​បាញ់​បច្ចុប្បន្ន ដែល​ភាគច្រើន​ត្រូវបាន​ព្រងើយកន្តើយ​នឹងត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​​ព្រហស្បតិ៍​នេះ​។​

​នៅក្នុង​ភាពចលាចល ដែល​បាន​សម្លាប់​មនុស្ស​រាប់រ​យ​នាក់ បង្ក​ឱ្យ​មាន​ការ​ភៀសខ្លួន និង​បង្ក​ការប៉ះពាល់​ដល់​ផ្នែក​មនុស្សធម៌​កាន់តែ​ជ្រាលជ្រៅ​នោះ លោក អា​ម៉េដ ហា​រុន (Ahmed Harun)​ដែល​​មាន​ទំនាក់ទំនង​ជាមួយ​នឹង​របប​របស់​បុរស​ខ្លាំង អូ​ម៉ា អាល់​បា​សៀ (Omar al-Bashir) ដែល​គេ​បណ្តេញចេញ​ពី​អំណាច​នោះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​គាត់​និង​អ្នក​ផ្សេង​ទៀត​បាន​រត់គេច​​ពី​ពន្ធនាគារ​។​

​លោក​ហា​រុន​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​តាម​ចាប់ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាក់ទង​នឹង​ការបង្កើត​កងជីវពល​ចាន​ចា​វីដ (Janjaweed) របស់​របប​លោក​បា​សៀ​ប្រឆាំងនឹង​ជនជាតិភាគតិច​មិនមែន​អារ៉ាប់​នៅ​តំបន់​ដា​ហ្វួ (Darfur)​។​

​ចាប់តាំងពី​ឆ្នាំ ២០០៣ ជម្លោះ​បាន​ធ្វើឱ្យ​មនុស្ស​ប្រហែល ៣០០.០០០ នាក់​ស្លាប់ និង ២,៥ លាន​នាក់​ត្រូវ​ភៀសខ្លួន នេះ​បើ​យោងតាម​អង្គការសហប្រជាជាតិ​។​

​កង​ជីវពល RSF របស់​លោក​ដាកឡូ​គឺ​កើត​ចេញ​មកពី​កងជីវពល​ចាន​ចា​វីដ​នេះឯង​។​

​បន្ទាប់​ពី​ជាប់​នៅក្នុង​គុក​ទទេ​ស្អាត កូបឺ (Kober) នៅក្នុង “​ការបាញ់ប្រហារ​នៃ​សមរភូមិ​បច្ចុប្បន្ន​” លោក​ហា​រុន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ដែល​បាន​ថត​ទុកជា​មុន​ថា គាត់​និង​សមាជិក​អតីត​របប​ចាស់​ផ្សេងទៀត​បាន​យក “​ការការពារ​ខ្លួន​យើង​ដាក់​នៅក្នុង​ដៃ​របស់​យើង​ផ្ទាល់​”​។​

​ការិយាល័យ​រដ្ឋអាជ្ញា ICC បាន​និយាយថា ខ្លួន​កំពុង​តាមដាន​ការវិវឌ្ឍ​នេះ ប៉ុន្តែ​បាន​បន្ថែមថា​មិន​មាន​ការបញ្ជាក់​ឯករាជ្យ​អំពី​ស្ថានភាព​អ្នក​ជាប់​ឃុំ​នៅ​គុក​កូបឺ​ទេ​៕

​យន្តហោះ​ចម្បាំង​បាន​ហោះ​នៅ​ភាគ​ខាងជើង​ជាយក្រុង​កា​ទុំ ដោយ​នាំឱ្យ​មាន​ការ​បាញ់កាំភ្លើង​ប្រឆាំង​យន្តហោះ​យ៉ាង​ខ្លាំងក្លា​ពី​កង​ជីវពល