ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធបាននិយាយតាមទូស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលវាទំនងជាការទាក់ទងគ្នាតាមទូរស័ព្ទជាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពចូលកាន់កាប់ទឹកដីអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន។
ប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីអ៊ុយក្រែន ហ្សេឡេនស្គី បានសន្ទនាគ្នាតាមទូរស័ព្ទជិតមួយម៉ោងកាលពីថ្ងៃពុធ
ក្នុងកិច្ចពិភាក្សាជិតមួយម៉ោង រួមមានកិច្ចខិតខំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងសំរាប់ការចរចារកសន្តិភាពនៅអ៊ុយក្រែនផងដែរ។
ប្រធានាធិបតីចិនបានប្រាប់សមភាគីអ៊ុយក្រែនថា រដ្ឋាភិបាលលោកនឹងបញ្ជូនតំណាងសន្តិភាពមួយរូបទៅកាន់អ៊ុយក្រែននិងទៅកាន់ប្រទេសដទៃទៀត បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថាខ្លួនចង់ដើរតួជាអ្នកដឹកនាំសម្របសម្រួលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថាខ្លួនអព្យាក្រិតនៅក្នុងជម្លោះនៅអ៊ុយក្រែននិងលោកស៊ីក៏មិនដែលថ្កោលទោសរុស្ស៊ីចំពោះការបញ្ជូនទ័ពចូលប្រទេសក្បែរខាងខ្លួនដែរនៅពេលខ្លួនកាន់តែត្រូវបានបណ្តាប្រទេសលោកខាងលិចជំរុញអោយហក់ចូលជួយសម្របសម្រួលជម្លោះនេះ។
«ឯកសារវិជ្ជមាន»១២ចំណុចសំរាប់វិបត្តិអ៊ុយក្រែន ចេញដោយចិនកាលពីខែកុម្ភៈ ត្រូវបានប្រទេសលោកខាងលិចជាច្រើនថាលម្អៀងទៅខាងរុស្ស៊ី ហើយដំណើររបស់ស៊ីទៅកាន់ទីក្រុងមូស្គូកាលពីខែមីនាកាន់តែបង្កការរិះគន់។
លោកហ្សេឡេនស្គី បានសរសេរបង្ហោះថា«ខ្ញុំបានសន្ទនាតាមទូរស័ព្ទអស់ពេលដ៏យូរជាមួយលោកស៊ី ជីនពីង។ខ្ញុំជឿថាការសន្ទនានេះ ព្រមទាំងការតែងតាំងឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅចិន នឹងផ្តល់កំលាំងជំរុញធំមួយដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី»។
ចំណែកអ្នកនាំពាក្យរបស់ហ្សេឡេនស្គី បាននិយាយតាមហ្វេសប៊ុកថា មេដឹកនាំទាំងពីរបានជួបសន្ទនាគ្នាជិតមួយម៉ោង ហើយទូរទស្សន៍ចិន CCTVបានរាយការណ៍ថាក្នុងអំឡុងពេលពិភាក្សាដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលទីក្រុងគៀវ លោកស៊ីបានប្រាប់លោកហ្សេឡេនស្គីថា «កិច្ចពិភាក្សានិងការចរចា»ជា«ផ្លូវចេញតែមួយគត់»ពីសង្គ្រាមនេះ។
CCTVបានបន្តថា«លោកស៊ីបានមានប្រសាសន៍ថា ស្តីពីវិបត្តិអ៊ុយក្រែន ចិនតែងតែងឈរនៅខាងសន្តិភាពនិងគោលជំហរស្នូលរបស់ខ្លួនគឺជំរុញកិច្ចពិភាក្សារកសន្តិភាព។ចិនមិនឈរមើលភ្លើងឆេះទៅពីផ្នែកម្ខាង និងក៏មិនបន្ថែមប្រេងលើភ្លើងដែរ ហើយក៏មិនឆ្លៀតកេងយកប្រយោជន៍ពីវិបត្តិដែរ»។
ទូរទស្សន៍ចិនបានបន្តថា «ស្តីពីបញ្ហានុយគ្លេអ៊ែរ លោកស៊ីបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធគួររក្សាចិត្តអោយត្រជាក់និងអត់ធ្មត់ដោយផ្តោតលើអនាគតនិងជោគវាសនាខ្លួនឯងព្រមទាំងមនុស្សលោកទាំងអស់ ហើយរួមគ្នាចាត់ចែងនិងគ្រប់គ្រងវិបត្តិ»។
ប្រតិកម្មនឹងជំនួបកាលពីថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា «ចិនត្រៀមខ្លួននិងខិតខំបង្កើតដំណើរការចរចា តែអាជ្ញាធរអ៊ុយក្រែននិងអ្នកផ្តល់គំនិតលោកខាងលិចរបស់គេបានបង្ហាញលទ្ធភាពរួចហើយដើម្បីបំផ្លាញគំនិតផ្តួចផ្តើមសន្តិភាពណាមួយ»។
ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានហៅការចូលរួមពាក់ព័ន្ធថាជា«រឿងល្អ»មួយ នៅពេលរដ្ឋាភិបាលទីក្រុងព្រុចសែល ដែលតំណាងអោយសហភាពអឺរ៉ុបក៏ផ្តល់ការស្វាគមន៍។
បារាំងក៏បាននិយាយថា ខ្លួនលើកទឹកចិត្តអោយគ្រប់ភាគីចូលរួមក្នុងដំណោះស្រាយមួយនៃជម្លោះនេះស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់រដ្ឋាភិបាលទីក្រុងគៀវនិងច្បាប់អន្តរជាតិ៕