ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីចាកេញពីកម្ពុជា ថ្ងៃទី២២ មីនា នោះ ព្រះអគ្គិជ័យ ដើម្បីដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់ ដោយផ្ដើមចេញពីប្រទេស វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា រហូតដល់ប្រទេសឡាវ ក្រោយគេ ដោយជោគជ័យនោះ នៅថ្ងៃទី២៧ មេសា នេះ ព្រះអគ្គិកីឡា វិលមកកាន់ប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង ។

ការដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នេះ មានតែប្រទេសព្រុយណេ មួយប៉ុណ្ណោះ ដែលភ្លើងគប់មិនបានទៅដល់ ដោយសារប្រទេសនោះ ជាប់បុណ្យរ៉ាម៉ាដន មិនអាចទទួលរៀបចំបាន ។

ជាមួយដំណើរវិលត្រឡប់ ចូលមាតុភូមិរបស់ព្រះអគ្គិជ័យកីឡា នេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋខេត្តស្ទឹងត្រែង និងខេត្តពាក់ព័ន្ធ ត្រៀមទទួល ស្វាគមន៍ព្រះអគ្គិជ័យកីឡា ពេលដង្ហែត្រឡប់មកកម្ពុជាវិញ ក៏ដូចជាត្រៀមទទួល ស្វាគមន៍ និងអបអរសាទរ ពិធីដង្ហែពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ ដែលត្រូវឆ្លងកាត់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល នាថ្ងៃទី២៨ ខែមេសាទៀតផង។

បន្ទាប់ពីព្រះអគ្គិជ័យកីឡា ទៅដល់រាជធានីភ្នំពេញ ក្រុមប្រតិភូពិសេស CAMSOC នឹងបន្ដដង្ហែ ជុំវិញបឹងទន្លេសាប ដោយចេញដំណើរពីរាជធានី ភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ។

អ្វីដែលពិសេស គឺនៅថ្ងៃទី៥ ខែឧសភា ដែលពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងចេញ ពីខេត្តកំពង់ធំ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យដល់គោលដៅខ្ទង់ ម៉ោង ៨និង៣០នាទីយប់ ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ តែម្ដង ៕ V / N