ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីហ្វឹកហាត់នៅប្រទេសចិន ប្រមាណជា ៧ ខែមក នោះកីឡាអត្តពលកម្ម បានវិលត្រឡប់មកមាតុប្រទេសវិញហើយ ដើម្បីត្រៀមចូលរួម ប្រកួតកីឡាស៊ីហ្គេម នាពេលដ៏ខ្លីខាងមុខនេះ។

កីឡាករអត្តពលកម្ម ប៉ែន សុខគង់ លើវិញ្ញាសារត់ល្បឿន ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ ផ្ទៃរាប គូសបញ្ជាក់ថា ក្រោយការហ្វឹកហាត់ នៅប្រទេសចិន រយៈពេលប្រមាណ ៧ខែ គឺកីឡាករ កីឡាការិនី គ្រប់វិញ្ញាសាទាំងអស់ បានកើន ឡើងគុណភាពបច្ចេកទេសខ្ពស់តែម្តង ដោយសារការបោះជំរំហ្វឹកហាត់នៅចិន គឺហាត់នៅលើភ្នំ ដែលមានសីតុណ្ហភាពទាប ពោលគឺ ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ជាង ២.០០០ ម៉ែត្រ។

ការហ្វឹកហាត់នៅតំបន់ដែលខ្ពស់ជាងនីវ៉ូសមុទ្រ គឺជាតំបន់ដែលមានកង្វះខាត អុកស៊ីហ្ស៊ែន។ ការទម្លាប់ខ្លួនហ្វឹកហាត់ នៅតំបន់ខ្វះអុកស៊ីហ្ស៊ែន នៅពេលដែល មកប្រកួត នៅតំបន់ដែលទាបជាងនីវ៉ូសមុទ្រ ដែលមានអុកស៊ីហ្ស៊ែនគ្រប់គ្រាន់ នោះ សិទ្ធិផលរបស់កីឡាករ នឹងកាន់តែប្រសើរ។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា បានចេញទៅហ្វឹកហាត់ រយៈពេល ៧ខែ នៅប្រទេសចិន ចំនួន ១២ ប្រភេទកីឡា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នេះ ក្រោមជំនួយឥតសំណង លើការហ្វឹកហាត់ ពីរដ្ឋាភិបាលចិន ក្រៅអំពីជំនួយឥត សំណង លើហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរង្វង់ទឹកប្រាក់ ប្រមាណ ១៥០ លានដុល្លារអាម៉េរិក។

កម្ពុជា បានបញ្ជូនកីឡា ចំនួន១២ ទៅហ្វឹកហាត់នៅប្រទេសចិន ដែលមានចំនួន កីឡាករ កីឡាការិនីសរុប ១៤១ នាក់ និងគ្រូបង្វឹក ១៣នាក់ ស្មើនឹង ៧៨ វិញ្ញាសា។

សម្រាប់ប្រភេទកីឡាអត្តពលកម្ម ស៊ីហ្គេម ២០២៣ មានវិញ្ញាសា សរុបទាំង បុរស-នារី ចំនួន ៤៧ វិញ្ញាសា ស្មើនឹង ៤៧ មេដាយមាស ដោយប្រភេទកីឡា អូឡាំពិកមួយនេះ គឺជាប្រភេទកីឡាកាតព្វកិច្ច ជាមួយប្រភេទកីឡាហែលទឹក ដែលត្រូវដាក់បញ្ចូល ជាដាច់ខាត ក្នុងព្រឹត្តិការណ៍ហ្គេមធំៗ រួមទាំងស៊ីហ្គេម ទៀតផង។

កីឡាករ ប៉ែន សុខគង់ ក៏បានប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដែលខ្លួនមាន ដើម្បីកសាងកំណត់ត្រាថ្មីមួយ សម្រាប់ការប្រកួតស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយសារការហ្វឹកហាត់ នៅប្រទេសចិន ដែលនៅតំបន់ភ្នំ ដែលមានកម្រិតសីតុណ្ហភាពទាបបំផុត គឺជាឱកាសដ៏ល្អក្នុងការបង្កើនសិទ្ធផល កាន់តែខ្ពស់ សម្រាប់ការប្រកួត នៅលើផ្ទៃរាបធម្មតា។

កីឡាករជម្រើសជាតិអត្តពលកម្មរូបនេះ សង្កេតឃើញថា សិទ្ធិផលរបស់ ក្រុមអត្តពលកកម្មកម្ពុជា មានលក្ខណៈល្អប្រសើរ ហើយពួកគាត់ រំពឹងថា ការប្រកួតកីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ កម្ពុជា នឹងទទួលបានលទ្ធផលល្អ ជាក់ជាពុំខាន៕ V / N