ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទ និងបើក វគ្គបណ្តុះ​​បណ្តាលមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល។ ពិធីបិទនិងបើកវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ពិធីដែលធ្វើឡើង នៅថ្ងៃនេះ រួម មានការបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ សម្រាប់កម្មសិក្សាការី វគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងការបិទវគ្គប ណ្តុះបណ្តាល រយៈពេលខ្លី ដែលរួមមាន វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»សម្រាប់មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ វគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់​នៃក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវគ្គពង្រឹងសមត្ថភាព ក្រុមការងារកែទម្រង់តាមប្រព័ន្ធ ឌីជីថល ដែលមានចំនួនសរុបទាំងអស់ ១.០២១ អង្គ/នាក់។ ក្នុងនោះ មានព្រះ សង្ឃ ១១ អង្គ មាននារី ២០៧ នាក់ និងជនពិការ ៧ នាក់ ។

ជាមួយគ្នានេះ ក៏មានកម្មវិធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ សម្រាប់សិស្ស មន្ត្រីក្រមការ​ជំនាន់ទី១០ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ដែលមានចំនួនសរុបទាំងអស់ ៧២៩ អង្គ/នាក់។ ក្នុងនោះ​មាន​ព្រះសង្ឃ ៣០ អង្គ មាននារី ១៦៩ នាក់ និងជនពិការ ១០ នាក់។

សាលាភូមិន្ទរដ្ឋបាល គឺជាគ្រឹះស្ថានអប់រំដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលមន្ត្រី រាជការ ដើម្បីពង្រឹងសមត្ថភាពការងារ តាមក្រសួងស្ថាប័នសាធារណៈ ឱ្យបានត្រឹមត្រូវ​ទៅ​តាមក្រឹតក្រមច្បាប់របស់ជាតិ។ ចាប់តាំងពីការបើកឱ្យ ដំណើរការឡើងវិញ រយៈពេល ៣០ ឆ្នាំ មកនេះ ពោលគឺ ចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាល​សម្រេចបាននូវការបណ្តុះ​បណ្តាល មន្ត្រីរាជការ និងមន្ត្រីសាធារណៈ ទាំងវគ្គសិក្សា រយៈពេលវែង និងវគ្គសិក្សា រយៈពេលខ្លី សរុបចំនួន ១៩.៣៤៤ នាក់ (នារី ៤.៥៤៦ នាក់ ស្មើនឹង ២៤ ភាគរយ) ។ បបណ្តុះបណ្តាលសិស្សមន្ត្រី ដែលបានប្រលងជាប់​នៅគ្រប់កម្រិត​សរុបចំនួន ១.៤០៣ នាក់ (នារី ៣៣៨ នាក់)។

ចាប់ពីឆ្នាំ២០១៦ មក សាលាបានបើកវគ្គបណ្តុះបណ្តាល​តម្រង់ទិស សម្រាប់​មន្ត្រីថ្មី ដែលត្រូវបានជ្រើសរើស ដោយក្រសួងស្ថាប័ន តាមរយៈ​ការប្រលង​ចូល​ក្នុងក្របខណ្ឌរដ្ឋបាល ចំនួន ៤.៨៣២ នាក់ (នារី ១.៨៧៤ នាក់)។ ទន្ទឹមនោះ សាលាក៏បានបើកវគ្គវិក្រឹត្យការ ដើម្បីបណ្តុះបណ្តាលបន្តដល់ មន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល សរុបចំនួន ៧.២៣១ នាក់ (នារី ១.០៩៣ នាក់ ស្មើនឹង ១៥ ភាគរយ) ព្រមទាំងបាន សហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួន បើកវគ្គរយៈពេលខ្លី ដល់មន្រ្តីរាជការ បានចំនួនសរុប ៥.៨៧៨ នាក់ (នារី ១,២៤១ នាក់ ស្មើនឹង ២១ ភាគរយ)៕ V / N