ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោកប្រធានាធិបតី ចូ បៃដិន និងលោក យូន ស៊ុកយ៉ូល របស់កូរ៉េខាងត្បូង បានបង្ហាញផែនការថ្មីមួយកាលពីថ្ងៃពុធទី២៦មេសាដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមេដឹកនាំអាម៉េរិកបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ការវាយប្រហារបែបនោះនឹង “នាំមកនូវទីបញ្ចប់ដល់របបណា” ដែលចាប់ផ្តើមសកម្មភាពបែបនេះ។
កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់នុយក្លេអ៊ែរថ្មីនេះគឺអំពាវនាវឱ្យមានការចូលចតជាប្រចាំនូវនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយជំរុញឱ្យមានការហ្វឹកហ្វឺនច្រើនឡើងរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះត្រូវបានបង្ហាញខណៈលោកបៃដិនធ្វើជាម្ចាស់ផ្ទះសម្រាប់ដំណើរទស្សនៈកិច្ចផ្លូវរដ្ឋនៅគ្រាដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះល្បឿននៃការសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
លោកបៃដិនបាននិយាយនៅក្នុងសន្និសីទកាសែតនៅសួនកុឡាបជាមួយលោកយូន យ៉ាងដូច្នេះថា”ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាម៉េរិកឬសម្ពន្ធមិត្តនិងដៃគូរបស់ខ្លួនគឺមិនអាចទទួលយកបានទេ ហើយនឹងនាំមកនូវទីបញ្ចប់ដល់របបណាដែលចាត់វិធានការបែបនេះ”។
លោកយូនបាននិយាយថា ការប្តេជ្ញាចិត្តថ្មីដោយ “សម្ពន្ធមិត្តដែលមានគុណធម៌”គឺរួមមានផែនការសម្រាប់ការពិគ្រោះយោបល់ប្រធានាធិបតីទ្វេភាគីនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការបង្កើតក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ និង ការធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មានស្តីពីផែនការប្រតិបត្តិការនុយក្លេអ៊ែរនិងអាវុធយុទ្ធសាស្ត្រ។
លោកយូនបាននិយាយថា “សន្តិភាពប្រកបដោយនិរន្តរភាពនៅឧបទ្វីបកូរ៉េមិនបានកើតឡើងដោយស្វ័យប្រវត្តិទេ”។ លោកបានបន្ថែមថា”ប្រទេសរបស់យើងទាំងពីរបានយល់ព្រមក្នុងការពិគ្រោះយោបល់ប្រធានាធិបតីទ្វេភាគីភ្លាមៗនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយសន្យាឆ្លើយតបយ៉ាងរហ័ស លើសលប់និងយ៉ាងម៉ឺងម៉ាត់ក្នុងការប្រើប្រាស់កម្លាំងពេញលេញរបស់សម្ពន្ធមិត្ត រួមទាំងអាវុធនុយក្លេអ៊ែររបស់អាម៉េរិក”៕
លោកបៃដិននិងលោកយូននិយាយទៅកាន់អ្នកយកព័ត៌មាននៅសួនកុឡាបកាលពីថ្ងៃពុធ