ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ទូកមួយដែលដាក់ជនអន្តោប្រវេសន៍សំដៅទៅកាន់អឺរ៉ុបបានលិចនៅឯនាយឆ្នេរប្រទេសលីប៊ី និងយ៉ាងហោចណាស់មនុស្ស៥៥នាក់បានលង់ទឹកស្លាប់ រួមមានស្ត្រីនិងកុមារ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាតិ(IOM)។
វាជាសោកនាដកម្មចុងក្រោយនៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ដែលជាផ្លូវលួចដឹកជញ្ជូនជនចំណាកស្រុកដ៏សំខាន់មួយ។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃអង្គារទី២៥មេសា។ទូកនេះផ្ទុកមនុស្សយ៉ាងតិច៦០នាក់ដោយចេញដំណើរពីទីប្រជុំជនហ្ការ៉ាបូលី(Garabouli)ខាងកើតរដ្ឋធានីទ្រីប៉ូលីស របស់លីប៊ី។
ទីភ្នាក់ងារខាងលើបាននិយាយថា ជនចំណាកស្រុកប្រាំនាក់នៅមានជីវិតនិងត្រូវបានស្រង់នាំទៅកាន់ឆ្នេរដោយកងឆ្មាំសមុទ្រលីប៊ី ហើយគេនៅមិនទាន់ដឹងថាអ្វីជាមូលហេតុនាំអោយទូកនេះលិច។
វាជាសោកនាដកម្មចុងក្រោយបំផុតនៅកណ្តាលសមុទ្រម៉េឌីទែរ៉ាណេ ។IOMបាននិយាយថា មនុស្សយ៉ាងតិច៥៣៧នាក់បានលង់ទឹកស្លាប់ឬបាត់ខ្លួនក្នុងពេលធ្វើដំណើរផ្សងព្រេងកាត់សមុទ្រម៉េឌីទែរ៉ាណេនៅឯនាយឆ្នេរលីប៊ីនៅឆ្នាំនេះ ហើយជាង៤.៣០០នាក់ទៀតត្រូវបានស្ទាក់ឃាត់និងបញ្ជូនទៅកាន់ឆ្នេរដើមវិញ។
មុននេះក្នុងខែមេសា គំរោងបាត់ខ្លួនជនចំណាកស្រុករបស់IOMបាននិយាយថា នៅត្រីមាសទីមួយឆ្នាំ២០២៣ ជាពេលមានជនចំណាកស្រុកស្លាប់ច្រើនបំផុតនៅសមុទ្រម៉េឌីទែរ៉ាណេ ធៀបនឹងត្រីមាននានាគិតចាប់តាំងពីឆ្នាំ២០១៧ គឺ៤៤១នាក់ត្រូវបានចុះក្នុងឯកសារ។
នៅឆ្នាំ២០២២ ជនចំណាកស្រុកផ្សងព្រេងតាមទូកយ៉ាងតិច៥២៩នាក់ត្រូវបានរាយការណ៍ថាស្លាប់ និង៨៤៨នាក់បាត់ខ្លួននៅឯនាយឆ្នេរលីប៊ី ខណៈជាង២៤.៦៨០នាក់ទៀតត្រូវបានស្ទាក់ទុកនិងបញ្ជូនត្រឡប់ទៅកាន់ប្រទេសអាហ្វ្រិកខាងជើងនេះវិញ៕
លីប៊ីក្លាយជាចំណុចឆ្លងកាត់ជនចំណាកស្រុកដ៏ធំពីអាហ្វ្រិកនិងមជ្ឈិមបូព៌ា ទៅកាន់អឺរ៉ុប។ក្នុងរូប ជនចំណាកស្រុកត្រូវបានស្ទាក់នាំមកកាន់ឆ្នេរ