ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេលនេះ ជើងខ្លាំងខាងកីឡាអុកចត្រង្គ ទាំង៧ ប្រទេស រួមទាំងកម្ពុជាផងនោះ កំពុងតែស្ថិតនៅក្នុងប្រទេសកម្ពុជាហើយ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រទេសចំនួន៧ ប្រទេស ដែលបានចូលរួមប្រកួតនោះ រួមមាន ប្រទេសកម្ពុជា ដែលជា ម្ចាស់ផ្ទះ ប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ដែលមាន កីឡាករសរុបចំនួន ៦២ រូប ។ ក្នុងនោះ កម្ពុជា មាន ១២ រូប (កីឡាការិនី ២រូប)។

ប្រមុខសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា លោក គុជ គីមឡុង បាននិយាយថាៈ ការប្រកួត កីឡាអុកចត្រង្គ ក្នុងក្របខណ្ឌកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៩ ខែមេសា ខានស្អែកនេះ រហូតដល់ថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣ នាសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វិញ្ញាសាដែលដាក់ប្រកួត គឺមានចំនួន ៧ វិញ្ញាសា។ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កីឡាករទាំងអស់ បានត្រៀមខ្លូនរួចជាស្រេច ក្នុងការប្រឹងប្រែងស្វែងរក លទ្ធផលល្អ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាជាតិរបស់យើង។

មុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួត អុកចត្រង្គ ជើងឯកអាស៊ីអាគ្នេយ៍ «Southeast Asian Ouk Chaktrang Championship» ដោយមានប្រទេស ចំនួន៥ ចូលរួមគឺ កម្ពុជាដែលជា ម្ចាស់ផ្ទះ វៀតណាម មីយ៉ាន់ម៉ា ថៃ និងឡាវ ។

ក្នុងព្រឹត្តិការណ៍ កាលនោះ កម្ពុជា ប្រជែងបានមេដាយមាសចំនួន ៣ គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៣គ្រឿង ឈរនៅកំពូលតារាង។ វៀតណាម បានមេដាយមាស ២គ្រឿង ប្រាក់ ៣គ្រឿង សំរឹទ្ធ ២គ្រឿង។ មីយ៉ាន់ម៉ា មេដាយមាស ១គ្រឿង សំរឹទ្ធ ២គ្រឿង ថៃមេដាយប្រាក់ ១គ្រឿង សំរឹទ្ធ២គ្រឿង និងឡាវ មិនបានទទួលមេដាយ អ្វីទាំងអស់។

សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមម៉ាឡេស៊ី និងហ្វីលីពីន បានបង្ហាញពីវត្តមានរបស់ ខ្លួន ទោះជាយ៉ាងណា ក៏លោក គុជ គីមឡុង មានជំនឿចិត្តថា កម្ពុជានៅតែធ្វើបានល្អ ដដែល ៕ V / N