ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្នុងពេលប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ដល់បាតក្នុងការស្ទង់មតិ គណបក្សផាឡាង ប្រាចារ៉ាត(PPRP)ដែលកំពុងកាន់អំណាចនៅថៃកាលពីថ្ងៃពុធទី២៦មេសាបានប្រកាសការសន្យាថ្មីថា «បើខ្លួនបន្តនៅក្នុងអំណាចក្រោយការបោះឆ្នោតថ្ងៃ១៤ឧសភានៅពេលមិនដល់មួយខែទៀតនេះ ខ្លួននឹងផ្ទេរប្រាក់៣០.០០០បាត(៨៧៨ដុល្លារ)ចូលក្នុងគណនីធនាគាររបស់កសិករប្រាំបីលាននាក់នៅទូទាំងប្រទេស»។
បើធ្វើដូច្នេះមែន វានឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់២៤០ពាន់លានបាត (ជាង៧ពាន់លានដុល្លារ)។
ការប្រកាសនេះធ្វើឡើងក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការយុទ្ធសាស្ត្របោះឆ្នោតរបស់បក្ស ដែលដឹកនាំប្រជុំដោយឧបនាយករដ្ឋមន្ត្រីថៃលោកប្រាវីត វង់ស៊ូវ៉ុន(Prawit Wongsuwan)ដែលក៏ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សផាឡាង ប្រាចារ៉ាត។
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សផាឡាង ប្រាចារ៉ាតលោក ប្រាវីត ចូលរួមចាប់ឆ្នោតយកលេខរៀងគណបក្សនៅក្រុងបាងកកកាលពីថ្ងៃ៤មេសា។ការស្ទង់មតិចុងក្រោយបង្ហាញថា លោកមិនជាប់ក្នុងចំណោមបេក្ខជន១០នាក់លើគេទេសំរាប់ការបោះឆ្នោតនៅខែក្រោយ
បើតាមមន្ត្រីបក្ស លុយនេះនឹងបញ្ជូនអោយកសិករដើម្បីវិនិយោគក្នុងកសិដ្ឋានរបស់គេ និងធ្វើអោយប្រសើរស្ថានភាពរស់នៅរបស់គេផងដែរ។លោកថាការជួយលុយនេះវាខុសគ្នាពីការសន្យាផ្ទេរប្រាក់១០.០០០បាតចូលក្នុងហោរប៉ៅឌីជីថលរបស់ជនជាតិថៃគ្រប់រូបដែលមានអាយុ១៦ឆ្នាំឡើង ដែលសន្យាដោយបក្សប្រឆាំងភឿថៃ ដោយថាផែនការរបស់PPRPផ្តោតលើក្រុមមនុស្សជាក់លាក់មួយ។
ការសន្យាក្នុងពេលឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ បានរងការរិះគន់ដោយសារវាគំរាមប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិ ទោះជាយ៉ាងណាសមាជិកភឿថៃបានពន្យល់ថាការធ្វើដូច្នេះនឹងជួយជំរុញសេដ្ឋកិច្ចនិងនាំដល់ចំណូលពន្ធខ្ពស់ឡើង។
ការស្ទង់មិតលើអ្នកមានសិទ្ធិបោះឆ្នោត២.០០០នាក់កាលពីពេលមុននេះក្នុងខែមេសា បង្ហាញថាគណបក្សPPRPទទួលបានការគាំទ្រតែពីរភាគរយ៕