ដោយៈ ប.ខុន / ភ្នំពេញៈ ការខូចខាតផ្ទះសម្បែង ដោយបាតុភូតខ្យល់កន្ត្រាក់ នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣ នេះ នៅទូទាំងប្រទេស មានចំនួន ១០១ លើកបណ្តាលឱ្យខូចផ្ទះតូចធំ ធ្ងន់ធ្ងរ ចំនួន ១.១១១ ខ្នង របើកដំបូល និងជញ្ជាំង ចំនួន៧.៣២៨ខ្នង របើកដំបូលសាលារៀន ចំនួន៥៥ខ្នង អគារផ្សេងៗចំនួន ១៤អគារ   បណ្តាឱ្យស្លាប់មនុស្ស ៦នាក់ របួស ៨៧នាក់ ។ ឯគ្រោះថ្នាក់ដោយបាតុភូតរន្ទះ បណ្តាលឱ្យស្លាប់មនុស្ស ៩នាក់ របួស៤នាក់ និង ងាប់គោក្របីចំនួន ១៦ក្បាល។

លោក កែវ វី ទីប្រឹក្សាគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថាៈ បាតុភូតខ្យល់កន្ត្រាក់ ដែលបាន កើតមានក្នុងខែមេសា ត្រឹមថ្ងៃទី២៥ មានចំនួន ៦៨ លើក បង្កឱ្យខូចផ្ទះតូចធំធ្ងន់ធ្ងរ ចំនួន ៨៤១ ខ្នង របើកដំបូល របើកជញ្ជាំង ៦.៦០២ ខ្នង របើកដំបូលសាលារៀន ចំ នួន ២៧ អគារ និងអគារសាធារណៈចំនួន ១១ បង្កឱ្យស្លាប់មនុស្ស ៤នាក់ និង របួសធ្ងន់ស្រាល ចំនួន៩នាក់។

លោកទីប្រឹក្សា បាននិយាយឱ្យដឹងទៀតថាៈ បើគិតរយៈពេល ៤ខែ ដើមឆ្នាំ២០២៣ នេះ បាតុភូតខ្យល់កន្ត្រាក់ បានកើតមានចំនួន ១០១ លើក ធ្វើឱ្យខូចផ្ទះតូចធំ ធ្ងន់ធ្ងរ មានចំនួន ១.១១១ ខ្នង របើកដំបូល និងជញ្ជាំង ចំនួន ៧.៣២៨ខ្នង អគារសាលា រៀនចំនួន ៥៥ខ្នង អគារផ្សេងៗ ចំនួន ១៤អគារ បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់ របួស ៨៧នាក់។ ឯគ្រោះថ្នាក់ដោយបាតុភូតរន្ទះ បណ្តាលឱ្យស្លាប់មនុស្ស ៩នាក់ របួស ៤នាក់ និង ងាប់គោក្របី ចំនួន ១៦ក្បាល។

គ្រោះថ្នាក់ដោយបាតុភូតខាងលើ បើប្រៀបធៀបរយៈពេល ៤ខែដូចគ្នាទៅនឹងឆ្នាំ ២០២២ លោក កែវ វី បញ្ជាក់ថាៈ ឆ្នាំ២០២៣ នេះ បាតុភូតខ្យល់កន្ត្រាក់ បានកើតមានឡើងច្រើនលើក និងការខូចខាតផ្ទះសម្បែង ក៏មានចំនួនច្រើនដែរ។ រយៈពេល៤ខែ ឆ្នាំ២០២២ បាតុភូតខ្យល់កន្ត្រាក់ នៅទូទាំងប្រទេស កើតមានចំនួន ៦០ លើក ធ្វើឱ្យរលំខ្ទះខូចធ្ងន់ធ្ង ចំនួន ៣៥៨ ខ្នង របើកដំបូល និងជញ្ជាំង មានចំនួន ១.៤៨៣ ខ្នង  របើកដំបូលសាលារៀន ចំនួន ១៤ អគារ ស្លាប់មនុស្ស ២នាក់ និងរបួស ១៦នាក់ ។ បាតុភូតរន្ទះ បណ្តាលឱ្យស្លាប់មនុស្ស ៩នាក់ និងងាប់គោក្របី ចំនួន ២៣ក្បាល ៕ V / N