ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានបង្ហាញការសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ តំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករ និយោជិត កាន់តែប្រសើរ ព្រមទាំងរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា យ៉ាងសំខាន់ណាស់ដែរ។
គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ លោក អុិត សំហេង បែបនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជា មួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
ក្នុងពិធីនេះដែរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បាននាំយកដំណឹងល្អៗ ជូនលោក អុិត សំហេង ថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បានគោរពអញ្ជើញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល ជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រសំបកកង់រថយន្ត ដែលមានឈ្មោះថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។
តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុរូបនេះ ក៏បានអញ្ជើញលោករដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីនេះផងដែរ។
ទាក់ទិនក្នុងរឿងនេះ លោក ចិន ជានកាង បានបន្តថាៈ កន្លងមកនេះ ក្រុមហ៊ុនតំបន់ សេដ្ឋកិច្ចក្រុងព្រះសីហនុ បានទាក់ទាញវិនិយោគិនជាច្រើន មកសិក្សានៅប្រទេស កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗ ទាំង២ គឺគណៈប្រតិភូ ក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេស ចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិន បានបើកចំហការចេញចូលប្រទេស កាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិន នឹងមកវិនិយោគ នៅប្រទេសកម្ពុជា កាន់តែច្រើន។
ដំណឹងល្អមួយទៀត គឺរោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលលោក អុិត សំហេង ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងវូស៊ី កន្លងទៅនោះ បច្ចុប្បន្ននេះ បានវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើ និងការទាក់ទាញរបស់លោករដ្ឋមន្រ្តី អិុត សំហេង។ ការវិនិយោគនេះ គឺជាគម្រោងធំបំផុត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនវិនិយោគ ចំនួន ៣០០ លានដុល្លារ។
ចំពោះដំណឹងដ៏ល្អនេះ លោករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការសប្បាយរីករាយ និងស្វាគមន៍ ចំពោះវត្តមានរោងចក្រនេះ នៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនរូបនេះ បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងទាក់ទាញ វិនិយោគិន មកកាន់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុ ដើម្បីផ្ដល់ឱកាសការងារ កាន់តែច្រើន ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងខិតខំប្រឹងប្រែងទាក់ទាញវិស័យ ដែលប្រើប្រាស់បច្ចេកវិទ្យា កាន់តែទំនើប មកវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុ។
លោក រដ្ឋមន្ត្រី អុិត សំហេង ក៏បានស្នើតាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដើម្បីឱ្យវិទ្យាស្ថានមិត្តភាព កម្ពុជា-ចិន បង្កើនការវិនិយោគបន្ថែម ទៅលើការបណ្ដុះបណ្ដាល ពិសេសសម្ភារៈ គ្រូបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនការ បណ្ដុះបណ្ដាលធនធានមនុស្ស បន្ថែមទៀត ឆ្លើយតបនឹងតម្រូវការក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ៕/V