​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ចម្បាំង​របស់​ស៊ូដង់​បាន​វាយលុក​លើ​កងជីវពល​ក្នុង​ទីក្រុង​កា​ទុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧​មេសា​ខណៈ​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​និង​ការ​លួច​ប្លន់​បាន​​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​ដា​ហ្វួ (Darfur)​ខណៈ​កងទ័ព​និង​កម្លាំង​ជា​គូប្រជែង​បាន​យល់ព្រម​បន្ត​បទ​ឈប់​បាញ់​ដែលមាន​ស្រាប់ បើទោះបីជា​ការប្រយុទ្ធ​បាន​បន្ត​ផ្ទុះឡើង​ក៏ដោយ​។​

​ក្នុងពេល​តែ​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នៃ​បទ​ឈប់​បាញ់​ចំនួន​បី​ថ្ងៃ​ដែល​ត្រូវបាន​រំលោភ​ម្តង​ហើយ​ម្តងទៀត​គ្រោង​បញ្ចប់​កាលពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ តែ​កងទ័ព​និង​កងកម្លាំង​គាំទ្រ​រហ័ស (RSF)​ដែល​ជា​ក្រុម​ធ្វើសង្គ្រាម​នឹង​គ្នា បានប្រកាស​ពន្យារ​បទ​ឈប់​បាញ់ ៧២ ម៉ោង​ទៀត បន្ទាប់​ពី​រង​សម្ពាធ​ពី​អា​រ៉ាប៊ីសាអូឌីត​និង​សហ​រដ្ឋ​អាម៉េរិក​។​

​មាន​កិច្ចខិតខំ​ប្រឹងប្រែង​បទ​ឈប់​បាញ់​ជាច្រើនលើក​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី ១៥ ខែ​មេសា រវាង​កងទ័ព​របស់​ស៊ូដង់​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ អាប់ឌែល ហ្វាត​តា អាល់ បឺ​ហាន (Abdel Fattah al-Burhan) និង​កងកម្លាំងប្រដាប់អាវុធ RSF ដែល​បញ្ជា​ដោយ​អនុប្រធាន​របស់​គាត់​ដែល​ជា​គូប្រជែង​នឹង​គ្នា​គឺ លោក ម៉ូ​ហា​ម៉េដ ម៉ា​ម​ដាន ដាកឡូ (Mohamed Hamdan Daglo) ។ បទ​ឈប់​បាញ់​ទាំងអស់​គឺ​សុទ្ធតែ​បរាជ័យ​។​

​អាជ្ញាធរ​បរទេស​ពាក់ព័ន្ធ​ដែល​ព្យាយាម​ជួយ​បញ្ចប់​ការប្រយុទ្ធ​គ្នា​នេះ បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​បន្ត​នេះ និង ជំរុញ​ឱ្យ​អនុវត្ត​វា​ពេញលេញ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម សហភាព​អាហ្វ្រិក អង្គការសហប្រជាជាតិ អា​រ៉ាប៊ីសាអូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក​បាន​សាទរ​ចំពោះ​”​ការត្រៀមខ្លួន​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​​ការចូលរួម​ក្នុង​កិច្ចសន្ទនា​ឆ្ពោះទៅរក​ការបង្កើត​ការបញ្ឈប់​អរិភាព​យូរអង្វែង និង​ធានា​ឱ្យ​ជំនួយ​មនុស្សធម៌​ចូល​បាន​ដោយ​គ្មាន​ឧបសគ្គ​”​។​

​ពួកគេ​បាន​និយាយថា ការ​ធ្វើ​ដូច្នេះ​បាន​នឹង​នាំឱ្យ​មាន​ការអនុវត្ត​ផែនការ​កាត់បន្ថយ​ជម្លោះ ដែល​បាន​បង្ហាញ​នៅក្នុង​ផែនការ​ថ្ងៃទី ២០ ខែ​មេសា​ដើម្បី​សន្តិភាព​៕

ការប្រយុទ្ធ​កាន់តែ​ខ្លាំងក្លា​ក្នុង​ក្រុង​កា​ទុំ​ត្បិត​មាន​បទ​ឈប់​បាញ់​នៅនឹងកន្លែង