ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៩ មេសា ស្អែកនេះ សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម បាល់ទាត់ នឹងចាប់ផ្ដើមប្រកួតហើយ។
ដោយសារបាល់ទាត់ ត្រូវចាប់ផ្ដើមប្រកួតមុនគេនោះ ក្រុមបាល់ទាត់ នៃបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ បានសម្រុកធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ដែលជាកន្លែង នៃការប្រព្រឹត្តិទៅនៃ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។
ពេលនេះ ក្រុមជម្រើសជាតិ អាយុក្រោម ២២ ឆ្នាំ នៃប្រទេសមីយ៉ាន់ម៉ា បានមកដល់ កម្ពុជាហើយ។ មីយ៉ាន់ម៉ាស្ថិតនៅពូលAជាមួយម្ចាស់ផ្ទះកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត។
ថ្ងៃទី២៩ មេសា ស្អែកនេះ សម្រាប់ពូល A មាន ៤ ក្រុម នឹងចាប់ផ្ដើមប្រកួត ដោយក្រុមហ្វីលីពីន ត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី និងកម្ពុជា ជួបជាមួយទីម័រ ខាងកើត។ ចំពោះក្រុមមីយ៉ាន់ម៉ា នៅអង្គុយមើលនៅឡើយទេ។ សម្រាប់ក្រុមកម្ពុជា នឹងត្រូវប្រកួតជាមួយមីយ៉ាន់ម៉ា នៅក្នុងការប្រកួតទី៣ គឺថ្ងៃទី៧ ឧសភា។
បន្ទាប់ពីប្រកួតជាមួយទីម័រខាងកើត នាថ្ងៃស្អែកនេះ ក្នុងការប្រកួតទី២ កម្ពុជាជួបជា មួយហ្វីលីពីន បន្ទាប់មក មីយ៉ាន់ម៉ា និងចុតក្រោយជាមួយឥណ្ឌូណេស៊ី៕ V / N