ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ប៉ូលីសថៃបានពង្រីកការស៊ើបអង្កេតស្ត្រីម្នាក់ដែលជាប់ចោទពីបទសម្លាប់មនុស្សជាបន្តបន្ទាប់ដោយប្រើថ្នាំបំពុលស្យានីដ(cyanide)។កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលីសបានបង្កើនចំនួនជនរងគ្រោះដល់១៣នាក់ និងចោទប្រកាន់ស្ត្រីដែលជាប្រពន្ធប៉ូលីសនេះពីបទឃាតកម្មគិតទុកជាមុន។
សារ៉ារ៉ាត រ៉ាងស៊ីវូថាផន(Sararat Rangsiwuthaporn)ដែលបានរៀបការជាមួយនាយប៉ូលីសជាន់ខ្ពស់ម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារចំពោះឃាតកម្មចំនួនប្រាំបួន ក្នុងយៈពេលជាងពីរឆ្នាំ។
ប៉ូលីសជឿថា លុយជាហេតុផលជំរុញការសម្លាប់ជាបន្តបន្ទាប់នេះ តែនាងសារ៉ារ៉ាត ដែលកំពុងមានផ្ទៃពោះបួនខែ ពីមុនធ្លាប់មានបញ្ហាសរសៃប្រសាទ(វិកលចរិត)។
នាយរងប៉ូលីសជាតិថៃបានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីប៉ូលីសឥឡូវកំពុងស៊ើបអង្កេតលើការស្លាប់មនុស្ស១៣នាក់ចាប់តាំងពីឆ្នាំ២០២០ហើយនាងសារ៉ារ៉ាតត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។
ប៉ូលីសមិនកំណត់ថានាងបានប្រព្រឹត្តឃាតកម្មប៉ុន្មានករណីទេ តែនាងបានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនាង។ប៉ូលីសក៏បានពង្រីកតំបន់ស៊ើបអង្កេតទៅកាន់ខេត្តចំនួនប្រាំ ភាគច្រើននៅខាងលិចក្រុងបាងកក។
ប៉ូលីសបានរកឃើញសារធាតុម្យ៉ាងនៅផ្ទះរបស់នារីជាប់ចោទហើយគេជឿថាវាជាទឹកថ្នាំបំពុលស្យានីដ ដែលជនសង្ស័យដាក់ក្នុងអាហារនិងទឹកផឹករបស់ជនរងគ្រោះ។
ក្រោយការពិនិត្យសុខភាពនៅក្នុងគុក នាយកដ្ឋានអបរំកែប្រែបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា នាងសារ៉ារ៉ាតមានផ្ទៃពោះបួនខែនិងរងសម្ពាធផ្លូវចិត្ត ភ្នែកស្រវ៉ាំងនិងឈឺក្បាល។
ក្រុមអ្នកស៊ើបអង្កេតក៏បានសាកសួរប្តីដែលជាមន្ត្រីប៉ូលីសនិងសាក្សីដទៃទៀត។
ប៉ូលីសបាននិយាយថា ជនរងគ្រោះទី១៤បានគេចផុតពីសេចក្តីស្លាប់យ៉ាងប្រផុតប្រផើយ ក្រោយក្អួតដោយសារពុលអាហារ និងបានអំពាវនាវសាធារណជនអោយផ្តល់ព័ត៌មានអំពីករណីពុលដៃទៃទៀតដែលអាចជាប់ពាក់ព័ន្ធជនសង្ស័យខាងលើ។
ដំបូងប៉ូលីសសង្ស័យស្ត្រីនេះធ្វើឃាតមិត្តម្នាក់នៅខេត្តរ៉ាតចាប៊ូរី នៅខាងលិចក្រុងបាងកកកាលពីពីរសប្តាហ៍មុន។ជនរងគ្រោះបានដួលលើមាត់ទន្លេក្រោយការព្រលែងត្រីក្នុងពិធីបែបព្រះពុទ្ធសាសនាមួយ។ក្រោយសាកសួរជនសង្ស័យ ពួកអ្នកស៊ើបអង្កេតបានភ្ជាប់នាងទៅនឹងករណីពុលថ្នាំស្យានីដដទៃទៀត៕
សារ៉ារ៉ាត រ៉ាងស៊ីវូថាផន ត្រូវប៉ូលីសចាប់ខ្លួនកាលពីថ្ងៃអង្គារចំពោះឃាតកម្មប្រាំបួនករណីក្នុងរយៈពេលជាងពីរឆ្នាំ