ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ជាងដែកម្នាក់ បានរងរបួសធ្ងន់ ដោយសារឡើង ផ្សារដែកដំបូលផ្ទះ ហើយប៉ះនឹងខ្សែភ្លើងស្រាត។ ហេតុការណ៍នេះ បានកើតឡើង
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទី ល្ងាច នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេក បានឱ្យដឹងថាៈ ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ព្រេម សារ៉ន ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ជាជាងផ្សាដែក។ ជាងផ្សាដែកម្នាក់នេះ បានមកផ្សាដែក និងធ្វើតូប លក់អីវ៉ាន់ឱ្យ ឈ្មោះ សារិក ចាន់ថា ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។
ប្រភព បានបន្តថាៈ បុរសនោះ បានឡើងផ្សាដំបូល ហើយបានលើកដែក ដែលមានប្រវែង ៣ ម៉ែត្រ នៅលើដំបូល មិនប្រយ័ត្ន ក៏ទៅប៉ះនឹងខ្សែភ្លើងស្រាត តង់ស្យុងមធ្យម រត់កាត់ពីខាងលើ បណ្ដាលឱ្យឆ្លងចរន្តភ្លើង ឆក់ ទើរជំពាក់ នៅលើដំបូលតូបមួយសន្ទុះ។ ក្រោយមក ទើបមានបងប្អូនជិតខាង មកជួយសង្គ្រោះ នាំចុះមកក្រោម រួចសាច់ញាតិ ក៏បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឯកជន រុងរឿង ស្រុកស្វាយចេក ។ ចំណែកគ្រូពេទ្យ បានប្រាប់គ្រួសារជនរងគ្រោះថាៈ អ្នកជំងឺ មាន ស្ថានភាពធ្ងន់ធ្ងរ ៕ V / N