ដោយ៖ ដេប៉ូ/បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាលេខាធិការដ្ឋាន គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ តាមដាន និងត្រួតពិនិត្យ ការអនុវត្តគោលនយោបាយជាតិ ស្តីពីការងារ ២០១៥–២០២៥ បានបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់សមាជិក គណៈកម្មការ ខេត្តបន្ទាយមានជ័យ និងលេខាធិការដ្ឋាន សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥–២០២៥ អំពីការអនុវត្តគោលនយោបាយនេះ។
ថ្លែងក្នុងពិធី ដែលបានរៀបចំឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ លោក សោម ចំណានរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការអន្តរក្រសួង បានលើកឡើងថា គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥–២០២៥ ដើរតួនាទីសំខាន់ ក្នុងការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្ម ផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពី ឧស្សាហកម្ម មានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥–២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុម ក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋ នូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
រហូតមកដល់បច្ចុប្បន្ននេះ គោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្ត យ៉ាងសកម្ម ដោយក្រសួង ស្ថាប័ន និងអង្គភាពនានាព្រោះថា សកម្មភាពទាំងឡាយនោះ ក៏ត្រូវបានកំណត់ផងដែរ នៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រចាំ ឆ្នាំនីមួយៗនៃទិសដៅការងារ និងបេសកកម្មរបស់ សាមីអង្គភាពរួចហើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការ សង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះ បណ្តាលនេះហើយ ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥–២០២៥ នៅខេត្តបន្ទាយមានជ័យ នឹងកាន់តែមានប្រសិទ្ធភាព មួយកម្រិតទៀត។
គួរបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារកម្ពុជា ឆ្នាំ២០១៥–២០២៥ ត្រូវបានបង្កើតឡើង ស្របតាមបរិបទ និងស្ថានភាពនៃកម្ពុជា ដោយបានពិនិត្យនិងអនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញា នៃអង្គការអន្តរជាតិ ខាងការងារ (ILO) ឆ្នាំ១៩៦៤លេខ១២២ ស្តីពីគោលនយោបាយមុខរបរ ដែលមានចក្ខុវិស័យ លើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូរ របស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងមានផលិតផលខ្ពស់ ជូនពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌ ។គោលនយោបាយនេះ ត្រូវបានរៀប ចំស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥–២០២៥ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ពីឧស្សាហកម្ម មានតម្លៃបន្ថែមទាប ឈានទៅឧស្សាហកម្មទំនើបដែលផ្អែកលើ ជំនាញមានតម្លៃបន្ថែមខ្ពស់ លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារ ខ្ពស់៕/V-PC