ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ យោធាចិនបានបញ្ជូនយន្តហោះយោធាចំនួន៣៨គ្រឿងនិងនាវាចម្បាំងប្រាំមួយគ្រឿងចូលក្បែរកោះតៃវ៉ាន់ នេះបើតាមការប្រកាសរបស់ក្រសួងយោធាតៃវ៉ាន់កាលពីថ្ងៃសុក្រនៅក្នុងការបង្ហាញកម្លាំងធំបំផុតចាប់តាំងពីខ្លួនបញ្ចប់សមយុទ្ធយោធាដ៏គគ្រឹកគគ្រេងបំផុតនៅជុំវិញកោះតៃវ៉ាន់ក្នុងខែមេសានេះ។
នៅថ្ងៃសុក្រនេះដែរ កងទ័ពរំដោះប្រជាជនចិនក៏បានចេញការប្រឆាំងតវ៉ាមួយចំពោះការហោះរបស់យន្តហោះល្បាតប្រឆាំងនាវាមុជទឹករបស់កងទ័ពជើងទឹកអាម៉េរិកធុនP-8A Poseidon កាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកមហាចិនដីគោកនិងកោះតៃវ៉ាន់ ។
ដោយហៅការហោះកាលពីថ្ងៃព្រហស្បតិ៍ថាជាការបង្ករឿង បញ្ជាការយោធភូមិភាគបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយថាខ្លួនបានបញ្ជូនយន្តហោះប្រដេញទៅស្ទាក់ផ្លូវយន្តហោះអាម៉េរិក។វាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំពើដូច្នេះបង្ហាញពេញធឹងថា អាម៉េរិកជាអ្នករំខានសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កហានិភ័យសន្តិសុខនៅក្នុងច្រកសមុទ្រនេះ។«ទាហានក្នុងយោធភូមិភាគនៅបន្តរក្សាការប្រុងប្រៀបខ្លួនកំរិតខ្ពស់គ្រប់ពេលនិងដាច់ខាតការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ ព្រមទាំងសន្តិភាពនិងស្ថិរភាពតំបន់»។
តែកងនាវាទីប្រាំពីរអាម៉េរិកបាននិយាយថា ការហោះហើរកាលពីថ្ងៃព្រហស្បតិ៍ស្របតាមច្បាប់អន្តរជាតិនិងបង្ហាញថា អាម៉េរិកប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយសេរីនិងបើកចំហ ហើយ«អាម៉េរិកនៅបន្តហោះហើរនិងបើកនាវានៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត រួមទាំងក្នុងច្រកសមុទ្រតៃវ៉ាន់ផង»។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា ក្រៅពីយន្តហោះដ៏ច្រើន នាវាចិនយ៉ាងតិចប្រាំមួយគ្រឿងក៏ត្រូវបានប្រទះឃើញនៅក្នុងតំបន់ចាប់ពីម៉ោងប្រាំមួយព្រឹកថ្ងៃព្រហស្បតិ៍ដល់៦ព្រឹកថ្ងៃសុក្រ។យន្តហោះ១៩គ្រឿងបានហោះកាត់ខ្សែបន្ទាត់កណ្តាលនៅច្រកសមុទ្រតៃវ៉ាន់ វារួមមានយន្តហោះSU-30 , J-16 និងដ្រូនខ្នាតធំមួយដែលអាចផ្ទុកគ្រាប់បែកនិងកាំជ្រួច។ពួកវាបានហោះក្រឡឹងកោះ ក្នុងចំណាត់ការដ៏កម្រមួយ។
គេមិនដឹងថាមានហេតុផលអ្វីបានជាចិនបញ្ចេញកម្លាំងច្រើនបែបនេះចូលទៅក្បែរកោះតៃវ៉ាន់ តែកងទ័ពចិនតែងហ្វឹកហាត់ការវាយប្រហារ គំរាមនិងដាក់សម្ពាធនៅពេលកោះប្រជាធិបតេយ្យនេះជិតរៀបចំការបោះឆ្នោតប្រធានាធិបតី៕
ចិនទើបបញ្ចប់សមយុទ្ធបិទខ្ទប់កោះតៃវ៉ាន់កាលពីដើមខែមេសានេះ ក្រោយពីប្រធានាធិបតីតៃវ៉ាន់ស្កាត់ជួបប្រធានសភាអាម៉េរិកកាលពីថ្ងៃ៥មេសា