ដោយ: បូកគោ / កំពត: សាលាដំបូងខេត្តកំពត នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន អភិបាលរងក្រុងបូកគោម្នាក់ ពីបទហិង្សា លើភរិយា។

យោងដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៥៩១/២៣ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើប សួរ មានខ្លឹមសារថា ភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ត្រូវនាំជនត្រូវចោទ ឈ្មោះ គឹម បញ្ញា អាយុ ៣១ឆ្នាំ មុនពេលឃាត់ខ្លួន រស់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបាន ត្រឹមត្រូវតាមច្បាប់។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ច បានឃាត់ខ្លួន លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ស្របតាមបណ្ដឹងរបស់ស្ត្រី ជាភរិយាឈ្មោះ ម៉ាត់ លក្ខិណា អំពីការប្រើហិង្សា។

ភរិយារបស់លោកអភិបាលរងក្រុងបូកគោរូបនោះ បានរៀបរាប់លើបណ្ដាញព័ត៌មាន សង្គម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានខ្លឹមសារថា នាង និងស្វាមីឈ្មោះ គឹម បញ្ញា បានរួមរស់ជាមួយគ្នា តាំងពីឆ្នាំ២០១៩ ដោយនាងទទួលក្តីឈឺចាប់ ទាំងរាងកាយ និងផ្លូវចិត្តនូវអំពើហិង្សាម្តងហើយម្តងទៀត។ កន្លងមក លោក គឹម បញ្ញា ធ្លាប់ធ្វើកិច្ចសន្យាថា ឈប់ប្រើអំពើហិង្សាមកលើរូបនាងទៀតហើយ។ ប៉ុន្តែការវាយដំ នៅតែកើតមានរហូតធ្វើឲ្យនាងឆ្អែតចិត្ត ចំពោះទង្វើដែលគាត់ បានប្រព្រឹត្ត និងអស់ការទ្រាំបន្តទៅទៀត។ ដូច្នេះ សូមលោកពូអភិបាលខេត្តកំពត ជ្រាប និងជួយរកយុតិ្តធម៌ សម្រាប់នាងផង។

ផ្ដើមចេញពីករណីនេះ នៅសៀលថ្ងៃទី២៥ ខែមេសាដដែល លោកស្នងការនគរបាល ខេត្តកំពត បានកោះហៅលោក គឹម បញ្ញា ឲ្យចូលបំភ្លឺជាមួយ សមត្ថកិច្ចជាបន្ទាន់។ ដោយមានគោលការណ៍ណែនាំ ពីលោកអភិបាលខេត្តកំពត និងលោកព្រះរាជអាជ្ញា អមសាលាដំបូង សមត្ថកិច្ច ក៏បានឃាត់ខ្លួនលោកអភិបាលរងក្រុងបូកគោរូបនោះ រួចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង នាព្រឹកថ្ងៃទីថ្ងៃទី២៧ ខែមេសា ដើម្បីបន្តនីតិវិធី៕ V / N