ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងលិខិតផ្លូវការចុះថ្ងៃទី ២៦ ខែ ឆ្នាំ ២០២៣ បានជម្រាបទៅអភិបាលស្រុកក្រុងទាំង៩ ក្នុងកម្មវត្ថុស្តីពីការកំណត់ទីតាំងដើម្បីចាក់ផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ក្នុងលិខិតនោះថា៖ ព្រះរាជាណាចក្រកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ–រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដូចនេះរដ្ឋបាលខេត្ត សូមស្នើលោកអភិបាល នៃគណៈអភិបាលគ្រប់ក្រុង–ស្រុក រៀបចំទីកន្លែងសមរម្យដើម្បីចាក់ផ្សាយបន្តផ្ទាល់នូវគ្រប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ។
ជាពិសេសការប្រកួតរបស់ក្រុមកីឡាបាល់ទាត់បុរសចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ (ដូចមានតារាងកម្មវិធីជូនភ្ជាប់) ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនេះស្នើឲ្យមានការរៀបចំរបៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់ ឲ្យបានល្អផងដែរ។
លិខិតបញ្ជាក់ថា :សូមលោកអភិបាលស្រុក ក្រុងពិនិត្យ និងចាត់ចែងរៀបចំឲ្យបានឆាប់បំផុត” ។ មកទល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៣ នេះ មានរដ្ឋបាលក្រុង ស្រុកខ្លះបានឆ្លើយតបនិងរៀបចំទីទាំងរួចហើយ។
ក្នុងនោះ រដ្ឋបាលក្រុងប៉ោយប៉ែតបានរៀបចំ៤ទីទាំង គឺនៅបរិវេណកាស៊ីណូហូលីដេផាលេស(Holiday Palace Casino )ផ្សារទំនើបប៊ីកស៊ី(Big C Super Market) ,បរិវេណតំបន់សេដ្ឋកិច្ចពិសេសអូរនាងនិងបរិវេណតំបន់សេដ្ឋកិច្ចពិសេសសានកូ ] ហើយភ្ជាប់ជាមួយនូវកាលវិភាគនៃផេកផ្លូវការ ពីថ្ងៃទី២៩ខែមេសា តទៅ ពិសេសកម្ពុជាត្រូវប៉ះជាមួយប្រទេសនានា ។
ក្នុងលិខិតមួយទៀត រដ្ឋបាលខេត្តក៏មានចេញលិខិតផ្លូវការស្តីពីវាយជួង ទូងស្គរ និងគោះរគាំងគ្រប់វត្តអារាមព្រះពុទ្ធសាសនា វិហារ ស៊ូរ៉ាវ ស្នាក់ការនៃពារហ:សាសនានានាផងដែរនៅថ្ងៃបើកសម្ពោធព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ។
ឯស្រុក ក្រុងក៏បានណែនាំពីការអោយសម្អាតមុខបរិវេណផ្ទះ អគារធ្វើការ ការចងទង់លម្អ ទង់ជាតិផងដែរ ៕/PC