ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមញញួរធំ West Ham ដែលកំពុងល្អក្រៅដី រំពឹងរក្សាការលេងល្អបែបនេះជាបន្ត នៅពេលពួកគេធ្វើដំណើរទៅទឹកដីរបស់ Crystal Palace នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះនៅក្នុងក្របខ័ណ្ឌ English Premier League ខណៈថ្ងៃស្អែកក្រុមមេឃខៀវ Man City នឹងចាប់ផ្តើមជាន់មួយទំហឹងដើម្បីប្រជែងលើកពាន EPL ក្នុងពេលធ្វើដំណើរទៅសួរសុខទុក្ខ Fulham នៅទីក្រុងឡុងដ៍។
ការព្យាករណ៍ ៖
– Crystal Palace vs West Ham (ថ្ងៃសៅរ៍)
* ក្រុម West Ham ឈ្នះ ៣ និងស្មើ ១ ក្នុងចំណោមការប្រកួតក្រៅដី៤លើកចុងក្រោយរបស់ពួកគេ ដោយរបូត១គ្រាប់ប៉ុណ្ណោះ។
* Crystal Palace បង្កើតឱកាសស៊ុតចូលទីបានត្រឹមតែ ០,៩៦ គ្រាប់ក្នុងមួយប្រកួតនៅក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ ដោយរកមិនបានសូម្បី១គ្រាប់។
* Lucas Paqueta បានស៊ុតបញ្ចូលទីរាល់ការប្រកួត៣លើកចុងក្រោយរបស់ West Ham ។
ក្រុមឥន្ទ្រីកំណាច Crystal Palace បានរងបរាជ័យលើកដំបូងរបស់ពួកគេនៅក្នុងយុគសម័យដឹកនាំរបស់លោក Roy Hodgson កាលពីយប់ថ្ងៃអង្គារ ខណៈពួកគេបង្ហាញការលេងដ៏អន់នៅឯកីឡដ្ឋាន Molineux ហើយពួកគេអាចនឹងរងបរាជ័យមួយផ្សេងទៀតនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមឡើងជើង West Ham នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ។
ក្រុមឥន្ទ្រីមើលទៅជាក្រុមមានការកែទម្រង់ច្រើន ចាប់តាំងពីលោក Hodgson ត្រឡប់មកទីលានចាស់របស់គាត់វិញ ប៉ុន្តែការទទួលបាន១ពិន្ទុ និងស៊ុតចូលសូន្យគ្រាប់ពីការប្រកួត២លើកចុងក្រោយរបស់ពួកគេបានបង្ហាញថា ពួកគេកំពុងធ្លាក់ចុះទម្រង់លេងបន្តិច ជាពិសេសចាប់តាំងពីពួកគេបង្កើតឱកាសស៊ុតចូលបានត្រឹមតែ ០,៩៦ គ្រាប់ក្នុងមួយប្រកួត។
ដោយឈរនៅលេខរៀងទី ១២ ក្នុងតារាង និងមាន ៨ ពិន្ទុដាច់ពីតំបន់កាត់ចោល ការឈ្នះ ៣ ប្រកួតជាប់គ្នាស្ទើរតែប្រាកដថាបានជួយសង្គ្រោះពួកគេពីការតស៊ូក្នុងតំបន់បាតតារាងដ៏យូរ ប៉ុន្តែលោក Hodgson មានបំណងចង់បញ្ចប់យុទ្ធនាការនៅចំណាត់ថ្នាក់ល្អជាងនេះ។
ក្រុមញញួរធំ West Ham ក៏ចង់មានចំណាត់ថ្នាក់ល្អដែរ បន្ទាប់ពីយុទ្ធនាការ Premier League ដ៏គួរឱ្យខកចិត្ត ត្បិតពួកគេទើបនឹងចាញ់ Liverpool កាលពីពាក់កណ្តាលសប្តាហ៍។
ក្រុមញញួរធំបានយកឈ្នះលើក្រុម Bournemouth កាលពីសប្តាហ៍មុន ហើយបានឈ្នះការប្រកួតក្រៅដី២លើកចុងក្រោយក្នុងក្របខ័ណ្ឌ Premier League ខណៈពួកគេក៏បានឆ្លងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Conference League ផងដែរ។
ក្រុមរបស់លោក David Moyes ឥឡូវនេះបានឈ្នះ៣ និងស្មើ១នៅក្រៅដី៤លើកចុងក្រោយនិងរក្សាបាន Clean Sheet ចំនួន៣លើក។ ពួកគេបានឈ្នះ២លើកចុងក្រោយនៅទឹកដី Selhurst Park ហើយមិនដែលចាញ់នៅទឹកដីនេះចាប់តាំងពីឆ្នាំ ២០១៩ ដូច្នេះលទ្ធភាពដែល West Ham ឈ្នះគឺមានខ្ពស់ណាស់នៅថ្ងៃនេះ។
លទ្ធផលទស្សនទាយ West Ham ឈ្នះ ១-០។
– Fulham vs Manchester City
* Fulham បានរងបរាជ័យ៦លើកពីការប្រកួត៨លើកចុងក្រោយរបស់ពួកគេ។
* ក្រុមក្ងោកសបានចាញ់ការប្រកួតទាំង៦ទល់នឹងក្រុមកំពូលតារាងទាំង៤នៅរដូវកាលនេះ។
* City បានស៊ុតបញ្ចូលទីយ៉ាងតិច៣គ្រាប់ក្នុង ៨ ប្រកួតចុងក្រោយរបស់ពួកគេ។
* ម្ចាស់ផ្ទះបានចាញ់គេទល់នឹងសូន្យ២ដងក្នុងចំណោម៣លើកចុងក្រោយក្នុងផ្ទះ។
ទម្រង់លេងរបស់ Man City ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺពិតជាល្អខ្លាំងណាស់ ដោយការឈ្នះឥតឈប់ឈររបស់ក្រុមមេឃខៀវបានធ្វើឱ្យពួកគេស្ថិតលើមាគាឈ្នះពានបីក្នុងមួយរដូវកាល។ ការទទួលជ័យជម្នះ ៤-១ របស់ពួកគេលើក្រុម Arsenal កាលពីថ្ងៃពុធបានបញ្ចប់ការប្រជែងដណ្តើមពានទាំងស្រុង បើទោះបីជា Man City នៅតែឈរនៅលេខពីរក្នុងតារាងក៏ដោយ។
ក្រុមមេឃខៀវមានពីរពិន្ទុចាញ់ក្រុម Arsenal ជាមួយនឹងការប្រកួតចំនួនពីរក្នុងដៃ ខណៈក្រុមកាំភ្លើងធំកំពុងធ្លាក់ចុះទម្រង់លេង ដោយឆ្លងកាត់៤ប្រកួតមិនទាន់ឈ្នះ។ City ឥឡូវបានគ្រប់គ្រងទាំងស្រុងលើការប្រជែងដណ្តើមពាន ហើយពួកគេត្រូវការភ្លាត់ស្នៀតធ្ងន់ធ្ងរបីបួនប្រកួតជាប់គ្នាទើបអាចរបូតពានពីដៃ ដែលរឿងនេះស្ទើរតែមិនអាចកើតឡើងសោះ។
ការប្រកួត៧លើកជាប់គ្នារបស់ City ដើម្បីដណ្តើមពាននឹងចាប់ផ្តើមនៅថ្ងៃអាទិត្យស្អែកនេះ នៅពេលពួកគេធ្វើដំណើរទៅកាន់ទឹកដីរបស់ Fulham ដែលគ្មានអីត្រូវលេងតទៅទៀត បន្ទាប់ពីការវិលត្រឡប់មកក្របខ័ណ្ឌកំពូលអង់គ្លេសវិញយ៉ាងភ្ញាក់ផ្អើល។ ដោយបានឃើញក្រុមការពារជើងឯកនេះបំបាក់ក្រុមនាំមុខក្នុងលីកផុយៗ ពួកគេនឹងច្បាស់ជាអាចឈ្នះងាយៗម្តងទៀតនៅកីឡដ្ឋាន Craven Cottage ។
Fulham អាចរក្សាចំណាត់ថ្នាក់នៅពាក់កណ្តាលកំពូលនៃតារាង Premier League យ៉ាងងាយ ប៉ុន្តែរដូវកាលដ៏ល្អរបស់ពួកគេហាក់គាំងត្រឹមចុងរដូវកាលនេះ។ វាពិបាកណាស់ក្នុងការឃើញក្រុមរបស់លោក Marco Silva បំបាក់ Man City នៅពេលមើលឃើញស្ថានភាពជាក់ស្តែងបែបនេះ ជាពិសេសខ្សែប្រយុទ្ធ Aleksandar Mitrovic នៅតែបន្តជាប់បម្រាម។
ទោះបីជា Fulham កំពុងប្រឹងដណ្តើមលេខល្អដើម្បីលេងនៅអឺរ៉ុបក៏ដោយ ក៏ប៉ុន្តែការប៉ះក្រុមខ្លាំងៗគឺជាចំណុចខ្សោយរបស់ពួកគេ។ ក្រុមផ្កាឈូកសបានចាញ់ការប្រកួតទាំង៦លើកទល់នឹងក្រុមកំពូលទាំង៤នាពេលបច្ចុប្បន្ន ខណៈពួកគេក៏ត្រូវបានទម្លាក់ចេញពីការប្រកួត FA Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រដោយក្រុម Manchester United ផងដែរ។
ក្រុមម្ចាស់ផ្ទះឈានចូលការប្រកួតនេះជាមួយនឹងបរាជ័យចំនួន ៦ ដងក្នុង ៨ ប្រកួតចុងក្រោយរបស់ពួកគេ ហើយបើពិចារណាពីការលំបាករបស់ពួកគេជាមួយនឹងក្រុមកំពូលទាំងបួននៃលីក ក្រុមឡើងជើង City គួរតែអាចឈ្នះងាយបំផុត។
លទ្ធផលទស្សនទាយ Man City ឈ្នះ ៤-០៕
Man City រំពឹងឈ្នះ Fulham ងាយៗនៅថ្ងៃអាទិត្យ