​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​និយាយថា ប្រទេស​របស់​នាង​នឹង​សម្ញែង​កម្លាំង​យោធា​របស់​ខ្លួន​ច្រើន​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ច​ព្រម​​ព្រៀង​ថ្មី​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ក្នុង​ការបង្កើន​ការទប់ស្កាត់​នុយក្លេអ៊ែរ​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​លោកស្រី​អះអាងថា​វា​បាន​បង្ហាញ​នូវ​អរិភាព​ខ្លាំង​របស់​ពួកគេ​ចំពោះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​នាង គីម យ៉ូ​ចុង ក៏​បាន​និយាយ​ប្រមាថ​ផ្ទាល់ខ្លួន​ចំពោះ​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន ដែល​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង យូ​ន ស៊ុក​យ៉ូល​កាលពី​ថ្ងៃ​ពុធ បាន​ថ្លែងថា រាល់​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​លើ​សហរដ្ឋ​អាម៉េរិក​ឬ​សម្ពន្ធមិត្ត ជា​លទ្ធផល​នឹង​ក្លាយ​ជា​ទីបញ្ចប់​នៃ​របប​ណា​ដែល​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នេះ​។​

​ជំនួប​របស់​លោក​បៃដិនជា​មួយលោ​កយូន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​កើតឡើង​ចំ​ពេលមា​ន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​ខណៈ​ល្បឿន​នៃ​ការ​សម្ញែង​អាវុធ​របស់​កូរ៉េ​ខាងជើង​និង​សម​​យុទ្ធ​យោធា​រួម​គ្នា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​កើនឡើង​នៅក្នុង​វដ្ត​នៃ​ការ​ឌឺដង​ដាក់គ្នា​។​

​ចាប់តាំងពី​ដើមឆ្នាំ​២០២២ មក កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រហែល ១០០ គ្រាប់​រួមទាំង​ការបង្ហាញ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដែល​បង្កើតឡើង​ដើម្បី​បាញ់​ទៅដល់​ដីគោក​អាម៉េរិក​និង​ការបាញ់​​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​មួយចំនួន ដែល​កូរ៉េខាងជើង​ពណ៌នា​ថា​ជា​ការហាត់​សម​ធ្វើ​ជា​វាយ​នុយក្លេអ៊ែរ​លើ​កូរ៉េខាងត្បូង​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​បង្កើន​ភាព​តានតឹង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ឬ​ប៉ុន្មាន​ខែ​ខាង​មុខ​ខណៈ​លោក​បន្ត​ពន្លឿន​យុទ្ធនាការ​មួយ​ក្នុង​​គោលបំណង​ពង្រឹង​ឋានៈ​របស់​កូរ៉េ​ខាងជើង​ជា​មហាអំណាច​នុយក្លេអ៊ែរ ហើយ​នៅ​ទីបំផុត​នឹង​បើក​ការចរចា​សម្បទាន​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ចេញ​ពី​ឋានៈ​មហាអំណាច​នុយក្លេអ៊ែរ​​នេះឯង​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល លោកបៃ​ដិ​ន​និង​លោក​យូន​បាន​ប្រកាស​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​នុយក្លេអ៊ែរ​ថ្មី​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ចូល​ចត​នាវាមុជទឹក​នុយក្លេអ៊ែរ​របស់​អាម៉េរិក​ជា​ទៀងទាត់​​នៅ​កូរ៉េ​ខាងត្បូង​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ និង​ជំរុញ​ការហ្វឹកហាត់​រវាង​ប្រទេស​ទាំង​ពីរ​។ ​ពួកគេ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ផង​ដែរ​ចំពោះ​ផែនការ​នានា​សម្រាប់​ការពិគ្រោះ​យោបល់​ប្រធានាធិបតី​ទ្វេភាគី​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ការបង្កើត​ក្រុម​ពិគ្រោះ​យោបល់​​នុយក្លេអ៊ែ​រ និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការចែករំលែក​ព័ត៌មាន​ស្តីពី​ផែនការ​ប្រតិបត្តិការ​នុយក្លេអ៊ែរ​និង​អាវុធ​យុទ្ធសាស្ត្រ​។​

​នៅក្នុង​ការអត្ថាធិប្បាយ​របស់​នាង​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ គីម យ៉ូ​ចុងបាន​និយាយថា កិច្ចព្រមព្រៀង​អាម៉េរិក​-​កូរ៉េខាងត្បូង​បាន​ឆ្លុះបញ្ចាំង​ពី “​ឆន្ទៈ​អរិភាព​និង​សកម្មភាព​គឃ្លើន​បំផុត​” របស់​សម្ពន្ធមិត្ត​ប្រឆាំងនឹង​កូរ៉េខាងជើង ហើយ​នឹង​រុញ​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​ឆ្ពោះទៅរក “​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​”​។​

​លោកស្រី​គីម ជា​មន្ត្រី​គោលនយោបាយ​ការបរទេស​កំពូល​ម្នាក់​របស់​បងប្រុស​របស់​នាង បាន​និយាយថា កិច្ចប្រជុំ​កំពូល​នេះ​បាន​ពង្រឹង​ជំនឿ​ជាក់របស់​កូរ៉េខាងជើ​ង​ខ្លាំងឡើង ដើម្បី​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ នាង​បាន​និយាយថា វា​នឹង​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​កូរ៉េខាងជើង​ក្នុងការ​ធ្វើ​ឱ្យ​ល្អឥតខ្ចោះ​នូវ “​បេសកកម្ម​ទី​ពីរ​នៃ​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ​” ដែល​ទំនង​ចង់​សំដៅលើ​គោល​លទ្ធិ​នុយក្លេអ៊ែរ​របស់​ប្រទេស ដែល​អំពាវនាវ​ឱ្យមាន​ការវាយប្រហារ​នុយក្លេអ៊ែរ​ជាមុន​លើ​សេណា​រី​យ៉ូដ៏​ទូលំទូលាយ ដែល​ខ្លួន​យល់ឃើញ​ជា​ការគំរាមកំហែង​ដល់​ថ្នាក់ដឹកនាំ​របស់​ខ្លួន​។​

​លោកស្រី​បាន​ពន្លះ​លោកបៃ​ដិន​ជុំវិញ​ការព្រមាន​ចំៗ​របស់​គាត់​ថា ការឈ្លានពាន​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នឹង​នាំមក​នូវ​ទីបញ្ចប់​នៃ​របប​របស់​ខ្លួន ដោយ​និយាយថា គាត់​កំពុង “​គណនា​ខុស​ពេក​ក្រៃ​និង​ក្លាហាន​ដោយ​គ្មាន​ការទទួលខុសត្រូវ​”​។ ទោះយ៉ាងណា លោកស្រី​បាន​និយាយ​ថា​កូរ៉េ​ខាងជើង​នឹង​មិនមែន​គ្រាន់តែ​ចាត់ទុក​វា​ជា​ពាក្យ​មិន​សម​ហេតុផល​ពី​មនុស្ស​ចាស់ជរា​ម្នាក់​នោះឡើយ​។​

​នាង​បាន​និយាយថា “​នៅពេលដែល​យើង​ពិចារណា​ថា ការបញ្ចេញ​មតិ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ផ្ទាល់​ដោយ​ប្រធានាធិបតី​អាម៉េរិក ដែល​ជា​សត្រូវ​ដ៏​អរិភាព​បំផុត​របស់​យើង វា​គឺជា​វោហា​សាស្ត្រ​គំរាមកំហែង ដែល​ខ្លួន​គាត់​ទេ​គួរតែ​ត្រៀម​លក្ខណៈ​សម្រាប់​ក្រោយពេល​មាន​ព្យុះ​ដ៏​ខ្លាំង​”​។​

“​នៅពេលណា​ដែល​សត្រូវ​កាន់តែ​រៀបចំ​សមយុទ្ធ​នុយក្លេអ៊ែរ​និង​បង្កើន​សព្វាវុធ​នុយក្លេអ៊ែ​រ​កាន់តែច្រើន ដែល​ពួកគេ​ដាក់ពង្រាយ​នៅ​តំបន់​ជុំវិញ​ឧបទ្វីប​កូរ៉េ ការអនុវត្ត​សិទ្ធិ​ស្វ័យការពារ​របស់​យើង​កាន់តែ​រឹងមាំ​ឡើង​នឹង​តម្រង់​ទិស​ដោយ​ផ្ទាល់​លើ​ពួកគេ​”៕

គីម យ៉ូ​ជុង ពន្លះ​លោកបៃ​ដិន​ចំពោះ​ការគំរាម​រំលាយ​ប្រទេស​របស់​នាង​ចោល ក្នុងករណី​កូរ៉េខាងជើង​វាយប្រហារ​នុយក្លេអ៊ែរ​ជាមុន