​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មេសា​បាន​សម្លាប់​មនុស្ស ២៦ នាក់​ក្នុងនោះ​មាន​កុមារ ៥ នាក់ ខណៈ​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​និយាយថា ការត្រៀមខ្លួន​សម្រាប់​ការវាយលុក​ប្រឆាំង​នឹង​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូគឺ​ជិត​រួចរាល់​ហើយ​។​

​ការវាយប្រហារ​ថ្មី​ដ៏​សាហាវ​នេះ រួម​មាន​ការ​វាយ​លើ​ប្លុក​លំនៅឋាន​មួយ​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​យូ​ម៉ាន់ (Uman) ភាគ​កណ្តាល​អ៊ុ​យក្រែន កន្លែង​ដែល​អ្នកសារព័ត៌មាន AFP​បាន​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​កំពុង​ទាញ​សាកសព​ជនរងគ្រោះ​ចេញ​ពី​អគារ​ដែល​រង​ការបំផ្លាញ​។​

​ការ​បាញ់ស្រោច​មី​ស៊ី​ល​ជាង​២០​គ្រាប់​ពេញ​មួយ​យប់​បានបញ្ចប់​ការផ្អាក​បាញ់​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ម្តង​ហើយ​ម្តងទៀត​ក្នុង​គោលបំណង​ធ្វើឱ្យ​ហិនហោច​បណ្តាញ​ថា​ម​​ពល​របស់​អ៊ុយ​ក្រែន​ក្នុងអំឡុង​រដូវរងា​។​

​កាលពី​យប់​ថ្ងៃ​សុក្រ បុគ្គលិក​សង្គ្រោះ​នៅ​ទីក្រុង​យូ​ម៉ាន់ ជា​កន្លែង​ធ្វើ​ធម្ម​យាត្រា​ហា​ស៊ី​ឌី​ក (Hasidic)​ប្រចាំឆ្នាំ បាន​ទាញ​សាកសព​ក្មេង​ម្នាក់​ទៀត​ចេញ​ពី​ក្រោម​គំនរ​បាក់បែក​។ អាជ្ញាធរ​បាន​និយាយថា មី​ស៊ី​ល​រុស្ស៊ី​បាន​សម្លាប់​មនុស្ស ២៣ នាក់ ក្នុងនោះ​មាន​កុមារ ៤ នាក់​នៅ​ទីក្រុង​យូ​ម៉ាន់​។​

​លោក​ឌី​មី​ទ្រី (Dmitry) អាយុ ៣៣ ឆ្នាំ​ជា​អ្នកស្រុក​មក​ពី​លូ​ហាន​សខ៍ភាគ​ខាងកើត​ដែល​ស្ថិតនៅក្រោ​មការ​គ្រប់គ្រង​របស់​រុស្ស៊ី បាន​និយាយថា “​ខ្ញុំ​ចង់​ឃើញ​កូន​របស់​ខ្ញុំ​ពួកគេ​ស្ថិតនៅ​ក្រោម​គំនរ​​បាក់បែក​”​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់​រថយន្ត​ស្ទូច​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត​ក្នុងចំណោម​ប្លុក​លំនៅឋាន​ច្រើន​ជាន់​សេសសល់​ដទៃ​នៅ​កណ្តាល​ទីក្រុង ដែល​មាន​ប្រជាជន​ចំនួន ៨០.០០០ នាក់​នេះ​។​

​លោក​ឌី​មី​ទ្រី​បាន​និយាយថា “​ខ្ញុំ​បាន​ឃើញ​ច្រើន​មកហើយ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាត់បង់​កូន​របស់​ខ្ញុំ​ពី​មុន​ទេ​។ ឥឡូវ​នេះ​ខ្ញុំ​ចង់​ឃើញ​កូន​ខ្ញុំ​ទាំង​រស់​ឬ​ស្លាប់​”​។​

​មី​ស៊ី​ល​របស់​រុស្ស៊ី​ក៏​បាន​វាយប្រហារ​កណ្តាល​ទីក្រុង​ឌី​នី​ប្រូ (Dnipro)​ដែល​បាន​រង​ទុក្ខវេទនា​រួចជាស្រេច​ផងដែរ បន្ទាប់​ពី​ការវាយប្រហារ​កាលពី​ខែ​មករា​ទៅលើ​ប្លុក​អគារ​ខ្ពស់ ដែល​បាន​សម្លាប់​មនុស្ស​ជាង ៤០ នាក់​៕

​ក្រុង​នានា​របស់​អ៊ុយ​ក្រែង​រង​ការវាយប្រហារ​ពី​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ