​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​,​បាងកក​ប៉ុស្តិ៍​)៖​វីរុស​អូ​មី​ក្រុង​ប្រភេទ​ថ្មី​ចម្លង​លឿន​ជាង​វីរុស​មុនៗ តែ​បង្ក​ជំងឺ​ស្រាល​ជាង​ហើយ​អ្នក​ឆ្លង​ភាគច្រើន​ជា​មនុស្ស​វ័យចាស់ៗ​ដែល​មាន​ជំងឺ​ជាប់​ខ្លួន​ស្រាប់​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មេសា​បាន​ប្រកាសថា ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​បង្កឡើង​ដោយ​វីរុស​អូ​មី​ក្រុង​ថ្មី​ចំនួន​ជិត​៣.០០០​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ ដោយ​កើន​​ពី​ចំនួន​ឆ្លង​៣០០​នាក់​កាល​ពី​មួយ​ថ្ងៃមុន​និង​ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ដើម​ខែ​មេសា​ម​ក​។​

​ទោះជា​យ៉ាងណា ចំនួន​អ្នកជំងឺ​ដែល​ទាមទារ​ឧបករណ៍​ជំនួយ​ដង្ហើម​បាន​ធ្លាក់ចុះ​មក​នៅត្រឹម​៨៥​ករណី ដោយ​ធ្លាក់​ចុះ​អស់​៣៨​នាក់​ធៀប​នឹង​មួយ​ថ្ងៃមុន​។​

​ការវិភាគ​សំណុំ​ហ្សែ​ន​អ្នកជំងឺ​រវាងខែ​មីនា​និង​មេសាបង្ហាញថា ពួកគេ​បាន​ឆ្លង​វីរុស​អូ​មី​ក្រុង​XBB ដែល​បង្ក​រោគសញ្ញា​ក្តៅខ្លួន ក្អក​និង​ឈឺ​សាច់ដុំ​។​

​វេជ្ជបណ្ឌិត ង្វៀន ថាញ់ ហ្វុង​(Nguyen Thanh Phong)​ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង​នៅ​មន្ទីរពេទ្យ​ក្រុង​ហូជីមិញ បាន​និយាយថា វីរុស​អូ​មី​ក្រុង​ប្រភេទ​ថ្មី​នេះ​មិន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដូច​វីរុស​Delta​កាលពី​​ពីរ​ឆ្នាំ​មុន​ទេ​។​ចំណែក​វេជ្ជបណ្ឌិត ទ្រឿង ហ៊ូ ខាញ់​(Truong Huu Khanh) អនុប្រធាន​សមាគម​ជំងឺឆ្លង​ក្រុង​ហូជីមិញ បាន​និយាយថា ប្រព័ន្ធ​សុខាភិបាល​ក្រុងមិន​ជោរជន់​ដោយ​អ្នកជំងឺ​កូវី​ដ​១៩​ទេ​នាពេលនេះ​ដោយសារ​វា​មិន​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ ទោះជា​ចម្លង​ខ្លាំង​ជាង​។​

​លោក​ខាញ់​បាន​និយាយថា «​អូ​មី​ក្រុង​ថ្មី​នេះ​ឥឡូវ​ចម្លង​លឿន​ជាង​មុន តែ​មិន​កាច​ដូច​វីរុស​ចាស់​ទេ​»​។​

​បុគ្គលិក​ពេទ្យ​មើលថែ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យក្រុង​ហូជីមិញ​កាលពី​ខែ​មេសា ឆ្នាំ​២០២៣

​ជុំវិញ​កូវី​ដ​១៩​នេះដែរ អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​ស្ត្រី​អាយុ​៧០​ឆ្នាំ​ម្នាក់​ស្លាប់​នៅក្នុង​ផ្ទុះ​របស់​គាត់​ក្នុង​ក្រុង​បាងកកកាលពី​ថ្ងៃ​សុក្រ និង​ពិនិត្យ​ទៅ​ឃើញ​ថា​គាត់​មាន​ផ្ទុក​វីរុស​កូវី​ដ​១៩​​។​មនុស្ស​បួន​នាក់​រស់នៅ​​ក្នុងផ្ទះ​នោះ​ក៏​ត្រូវ​បាន​ពិនិត្យឃើញកូ​វីដ​១៩​ផងដែរ និង​ឥឡូវ​កំពុង​ដាក់​នៅ​ដាច់​ពី​គេ​និង​ទទួល​ការព្យាបាល​ដោយ​ដិតដល់​។​

​កាលពី​ថ្ងៃ​សុក្រ​នេះដែរ ក្រសួង​សុខាភិបាល​ថៃ​បាន​អំពាវនាវ​អោយ​មនុស្ស​វ័យចាស់​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ឬ​ចាក់ដូស​ជំរុញ ចំ​ពេល​ការឆ្លង​ជំងឺ​កូវី​ដ​១៩​មាន​ការកើនឡើង​។​

​វេជ្ជបណ្ឌិត តា​រ៉េ​ស ក្រាស​សា​ណាយ​រ៉ាវី​វ៉ុង​(Tares Krassanairawiwung) អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ បាន​និយាយថា ចំនួន​ឆ្លងកូវី​ដ​១៩​ត្រូវ​រំពឹងថា​នឹង​កើនឡើង​នៅពេល​រដូវវស្សា​​ចូលមក​ដល់ ដូច្នេះ​ក្រុម​ជន​ងាយ​រងគ្រោះ​ត្រូវ​បាន​ណែនាំ​អោយ​ទៅ​ចា​ក់​វ៉ាក់សាំង​ការពារ​។​

​ការសិក្សា​មួយ​ចាប់ពី​ថ្ងៃ​៣​ដល់​៩​មេសា បង្ហាញ​ថា​ថៃ​កំពុង​វាយលុក​ដោយ​វីរុស​អូ​មី​ក្រុង​XBB.x និងកំពុង​ប្រយ័ត្ន​បំផុត​ចំពោះ​វីរុស​អូមីក្រុងកូនកាត់XBB.1.16 ដែល​ចម្លង​លឿន​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ថៃ​បាន​បញ្ជា​ទៅ​អាជ្ញាធរ​សុខាភិបាល​នៅ​តាម​ទីតាំង​ទេសចរណ៍​ធំៗ​តាមដាន​អោយ​ដិត​ដល់​អំពី​ករណី​កូវី​ដ​១៩​នៅពេល​មាន​សេចក្តីរាយការណ៍​អំពី​ការឆ្លង​បន្ត​កើន​​ឡើង​។​លោក​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​សុខភាព​សំរាប់​ក្រុមមនុស្ស​៦០៨ ដែល​រួមមាន​មនុស្ស​វ័យចាស់ មនុស្ស​មាន​ជំងឺ​ប្រចាំកាយ ក្រុមគ្រូពេទ្យ​និង​បុគ្គលិក​ជួរមុខ​។​លោក​បាន​អំពាវនាវ​មនុស្ស​ក្នុង​ក្រុម​​នេះ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​។​

​មន្ត្រី​ថៃ​បានអោយដឹងថា ចំនួន​ឆ្លង​បាន​កើន​ជាង​ពីរ​ដង​ក្រោយ​បុណ្យចូលឆ្នាំថ្មី ដោយ​សប្តាហ៍​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី​១.០៨៨ ឬ​១៥៥​នាក់​ក្នុង​មួយថ្ងៃ ដោយ​កើន​២,៥​ដង​លើស​ចំនួន​ឆ្លង​កាល​ពី​មួយ​ស​ប្តា​​ហ៍មុន​៕

​មនុស្ស​វ័យចាស់​នៅ​ថៃ​ត្រូវបាន​ណែនាំ​អោយ​ទៅ​ចា​ក់វ៉ាក់សាំង​បង្ការ​នៅពេល​ចំនួន​ឆ្លង​ចាប់ផ្តើម​កើនឡើង​ក្រោយ​ចូលឆ្នាំថ្មី និង​រដូវវស្សា​ជិត​ចូលមក​ដល់​