ជំនន់​ទឹកភ្លៀង​ស្រុកស្រែ​អំបិល មិនទាន់​ថមថយ​ឥទ្ធិពល​ឡើយ ខណៈ​មេឃ​បន្ត​ភ្លៀង​ខ្លាំង​

1482
ចែករម្លែក
  • 24
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: ស្ថានភាព​ជំនន់​ទឹកភ្លៀង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល បាន​គំរាមកំហែង​ដល់​ភូមិ​មួយទៀត​ហើយ ខណៈ​ភូមិ​ចំនួន​៣​ដែល​កំពុង​រងគ្រោះ បរិមាណ​ទឹក​ចុះ​ធូរស្រាល​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​១២ ថ្ងៃទី​២០ កក្កដា នេះ ប្រសិនបើ​អាកាសធាតុ​មេឃ​បន្ត​ធ្លាក់ភ្លៀង​ឥតឈប់ឈរ​នោះ​។ បញ្ហា​គ្រោះធម្មជាតិ​នេះ អាជ្ញាធរ ក៏​កាន់តែ​ព្រួយបារម្ភ និង​រិះរក​វិធានការ​តាមដាន​ពិនិត្យ​តំបន់​រស់នៅ​របស់​ពល​រដ្ឋ​រង​ផលប៉ះពាល់​ជានិច្ច​។​

​គិតទល់​ម៉ោង​នេះ បរិមាណ​ជំនន់​ទឹកភ្លៀង​ដែល​កើតមានឡើង​ក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល​ជិត​មួយ​សប្តាហ៍​ទៅហើយ មិន​ថមថយ​ឥទ្ធិពល​របស់​ខ្លួន ពោលគឺ​នៅតែ​បន្ត​គំរាមកំហែង​ដល់​ពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ប្រឈម​មួយ​នានា ស្របពេល​មេឃ​បន្ត​ភ្លៀង​ធ្លាក់​ខ្លាំង​ឥតឈប់ឈរ​។​

​លោក ទួន សិលា អភិបាលស្រុក​ស្រែអំបិល បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​ម៉ោង​១២​មុននេះ​ថា ជំនន់​ទឹកភ្លៀង ធ្វើ​បន្ត​ជន់​លិច​បង្ក​ផលប៉ះពាល់​បន្ថែម​ហើយ​ទៅកាន់​តែ ភូមិ​បាន​ទៀត គ្រា​កន្លងទៅ មានតែ​ភូមិ​បាក់​អង្រុត ភូមិ​ព្រះអង្គ​កែវ និង​ភូមិ​ពោធិ​បឹង ទេ​ដែល​រងគ្រោះ​។ ពោលគឺ​ត្រៀម​ប្រចាំ​ការចុះពិនិត្យ​ស្ថានភាព​ទឹក និង​លំនៅដ្ឋាន​ពលរដ្ឋ​ដែល​កំពុង​រង​ផលប៉ះពាល់​ថែមទៀត​។​
​ចំពោះ​ផល​ខូចខាត​បឋម ត្រូវបាន​លោក​អភិបាលស្រុក បញ្ជាក់​ជាបឋម​សិន​ថា មានផ្ទះ​សំបែង​ចំនួន​៤០៨​គ្រួសារ ដីស្រែ​ចម្ការ​ជាង​១​ពាន់​៦៧​ហិច​តា រីឯ​សត្វពាហនៈ​គោក្របី និង​គោយន្ត​របស់​ពលរដ្ឋ បាន​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​សហការ​យ៉ាង​ដុតដៃដុតជើង​សម្បើម​ណាស់ ដើម្បី​ធ្វើ​យ៉ាង​ចុះជួយ​សង្គ្រោះ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​បាន​ទាន់ពេលវេលា​។ តែ​ទោះ​យ៉ាងណាក្តី ពុំមាន​មនុស្ស​ណា​ម្នាក់​ស្លាប់ ដោយសារតែ​ជំនន់​ទឹកភ្លៀង​នេះ​ទេ​។

​បើតាម​លោក ទួន សិលា អភិបាលស្រុក​ស្រែអំបិល ភូមិសាស្ត្រ​តំបន់​ពលរដ្ឋ​កំពុងរ​ង​គ្រោះ​ខាងលើ ជា​វាលទំនាប និង​ខ្លះទៀត​ហ៊ុំព័ទ្ធ​ព្រៃឈើ​តាម​ជើងភ្នំ ដែល​ធ្វើឱ្យ​លំបាក​ដឹក​ជ​ញ្ចូ​ន​ស្បៀងអាហារ ដោយ​ម្តង​ត្រូវ​ធ្វើដំណើរ​ផ្លូវគោក និង​ម្តង​ផ្លូវទឹក​។ ដូច្នេះ​ពួកគាត់​ពិតជា​ប្រឈម​នឹង​ងាយ​ការរង​គ្រោះធម្មជាតិ​ខ្លាំងណាស់​។

​ពាក់ព័ន្ធ​នឹង​ក្តីបារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ​រងគ្រោះ កាលពី​ថ្ងៃទី​១៩ កក្កដា លោកស្រី មិថុនា ភូ​ថង អភិបាល និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ប្រចាំខេត្ត​កោះកុង បាន​ដឹកនាំ​អាជ្ញាធរ​ស្រុក មន្ត្រី​មន្ទីរជំនាញ និង​សមត្ថកិច្ច ចម្រុះ​ជាច្រើន​នាក់ បាន​ចុះទៅពិនិត្យ​ស្ថានភាព​ប៉ះពាល់ សួរសុខទុក្ខ និង​ផ្តល់​ស្បៀងអាហារ​មួយចំនួនធំ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជិត​៣០០​នាក់ ដែល​កំពុង​ត្រូវការ​ជំនួយ​។​
​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង លោកជំទាវ មិថុនា ភូ​ថង បង្ហាញ​ការសោកស្តាយ​ពី គ្រោះធម្មជាតិ​ដែល​កំពុង​កើតមាន​ក្នុង​ភូមិឋាន​របស់​ពល​រដ្ឋ​ឃុំ​ដង​ពែង​។ ហើយ​ក្នុងនាម​លោកជំទាវ​ជា​តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពុំបាន​ព្រងើយកន្តើយ​នឹង​គ្រោះអាសន្ន​មួយ​នេះ ដោយ​មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ណា​អត់​អាហារ​ដាច់ពោះ​ស្លាប់​ឡើយ​ក្នុងសម័យ​អភិវឌ្ឍន៍​។

​លោកស្រីប្រធាន​សាខា​កាកបាទក្រហម​ប្រចាំខេត្ត​កោះកុង ក៏បាន​បញ្ជាក់ទៀតថា ប្រមុខ​អ្នកដឹកនាំ​ប្រទេស​ទាំងពីរ តែង​យកចិត្ត​ទុក​ខ្ពស់​អំពី​ផល​លំបាក​ប្រជាពលរដ្ឋ​ជានិច្ច គ្រប់​ទីកន្លែង ដោយ​ឈរលើ​គោលការណ៍​គ្រឹះ​សកម្មភាព​មនុស្សធម៌​ឥត​លម្អៀង ដើម្បី​សម្រាល​ទុក្ខលំបាក​គ្រា​មាន​អាសន្ន​នានា​។

​ចំណែក លោក​អ៊ុំ ភឹម យ៉ាន និង​អ្នកស្រី ផាត វ៉ាន់ ពលរដ្ឋ​រងគ្រោះ​ដោយសារតែ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ដង​ពែង លើកឡើងថា ពួកគាត់​លិច​ផ្ទះ និង​ដីស្រែ​ចម្ការ​អស់ទាំង​ស្រុង​ជាង​១០​ថ្ងៃ​មកហើយ ឥឡូវ​លំបាក​ទាំង​ការរស់នៅ ទាំង​ការហូបចុក បូករួម​ទាំង​មាន​ជំងឺ​ទៀតផង​។ ទន្ទឹម​នោះ ពលរដ្ឋ​ក៏​សម្តែង​នូវ​ការ​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្តកោះកុង​ទាំងអស់ ដែល​ផ្តល់នូវ​ស្បៀងអាហារ​ដល់​ពួកគាត់ គ្រាន់តែ​ដោះស្រាយ​គ្រាអាសន្ន​នេះ​។​

​គួរ​ជម្រាប​ដែរ​ថា មុននឹង​ក្រុម​អាជ្ញាធរខេត្ត និង​អ្នកសារព័ត៌មាន ចុះ​លំនៅឋាន​ពលរដ្ឋ​នីមួយៗ ត្រូវធ្វើ​ដំណើរ​តាមរយៈ​ទូក អូរ​ប័​រ គោយន្ត និង​ថ្មើរជើង​។ តំបន់​ដែល​ជិះទូក​អូរ​ប័​រ គឺមាន​ចរន្តទឹក​ហូរ​គួច​ខ្លាំង ចំណែក​ផ្លូវគោក ត្រូវ​ថ្មើរជើង​កាត់​ទួល​ស្រូវ​ស្រែ​ដែល​លិច​ទឹក​មាន​ឈ្លើយ​តូចធំ​ជាដើម​។ ពិសេស​គួរឱ្យ​ភ័យខ្លាច​ទៀត​នោះ ព្រៃឈើ​តាម​មាត់​ព្រែក​មាន​សត្វ​ក្រពើ និង​ពស់​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម