ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សូមញញឹមឡើង។ រថយន្ត Mercedes-Benz ស៊េរីថ្មីរបស់អ្នកត្រូវបានប្រទានពរជ័យជាមួយនឹងកាមេរ៉ាជាច្រើន រួមទាំងកាមេរ៉ាមុខងារ Selfie ដូច្នេះអ្នកអាចឆ្លៀតពេលបង្ហោះរូបភាពនៅលើបណ្តាសង្គមបានផងដែរ។
ប្រព័ន្ធកម្សាន្តនៅលើអេក្រង់កណ្តាលរថយន្តE-Class ស៊េរីថ្មីនេះមានជម្រើសអេក្រង់គ្រប់គ្រងឌីជីថលឆ្លាតវៃធំទូលាយ ជាមួយនឹងកម្មវិធីបំពាក់មកស្រាប់ដូចជា Angry Birds, Zoom និង TikTok របស់ចិន ដែលប្រទេសលោកខាងលិចភាគច្រើនហាមឃាត់ព្រោះតែបារម្ភពីសន្តិសុខ។
លើសពីនេះទៀត ជំនួយការផ្នែកដាស់ស្មារតីគឺប្រើប្រាស់កាមេរ៉ានៅក្នុងអេក្រង់របស់អ្នកបើកបរ ដើម្បីពិនិត្យមើលថាតើអ្នកបើកបរងងុយដេក ឬ ចោលភ្នែកចេញពីផ្លូវ ហើយនឹងជូនដំណឹងដល់ពួកគេ។
ពាក់កណ្តាលនៃស៊េរីរថយន្ត E-Class ទាំង៦ប្រភេទគឺជារថយន្តហាយប្រ៊ីដអគ្គិសនីបូកនឹងសាំង។
រថយន្ត E200 របស់ Mercedes មានម៉ាស៊ីន Turbocharged ៦ស៊ីឡាំង ចំណុះ ២ លីត្រ ដែលជាប្រភេទហាយប៊ីដអគ្គិសនី-ស៊ីសាំងតិច កម្លាំង ២០៤ សេះ (ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥ វិនាទី និងអាចជាន់កប់បានដល់ល្បឿន ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង) និងពីរម៉ូដែលទៀតគឺ E220d និង E220d 4Matic ប៉ុងពីរដូចគ្នា គឺប្រើម៉ាស៊ីនហាយប្រ៊ីដអគ្គិសនី-ម៉ាស៊ូត ( ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៨ វិនាទី)។
បីម៉ូដែលទៀតគឺជាប្រភេទហាយប្រ៊ីដអគ្គិសនីស៊ីសាំងច្រើនជាង រួមមានរថយន្ត E300e (ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៤ វិនាទី និងអាចជាន់កប់បានដល់ល្បឿន ២៣៤ គីឡូម៉ែត្រក្នុងមួយម៉ោង); រថយន្តប៉ុងពីរ E300e4Matic គឺយឺតជាងបន្តិច និង E400e មានថាមពលខ្លាំងជាងគេបង្អស់ (ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៣ វិនាទី និងអាចជាន់កប់បានដល់ល្បឿន ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង) ជាមួយនឹងការបញ្ចេញឧស្ម័ន CO2 ត្រឹមតែ ២០ ក្រាម/គីឡូម៉ែត្រ និងបើបើកដោយអគ្គិសនីសុទ្ធគឺបាន ១០៩ គីឡូម៉ែត្រ៕
ពាក់កណ្តាលនៃស៊េរីរថយន្ត E-Class ទាំង៦ប្រភេទគឺជារថយន្តហាយប្រ៊ីដអគ្គិសនីបូកនឹងសាំង