ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ដុំភ្លើងនិងផ្សែងដ៏ធំមួយបានផុសឡើងលើតំបន់គ្រីម៉េក្រោយពីដ្រូនមួយដែលគេជឿថាជារបស់អ៊ុយក្រែនបានវាយប្រហារឃ្លាំងប្រេងធំមួយនៅកណ្តាលទីក្រុងកំពង់ផែទ័ពជើងទឹកសេវ៉ាស្តូប៉ូល(Sevastopol)កាលពីព្រឹកថ្ងៃអាទិត្យ។
រូបភាពបង្ហាញដុំភ្លើងនិងកំសួលផ្សែងធំមួយក្រោយគេឮការផ្ទុះពីរនៅទីក្រុងខាងលើ ក្នុងឧបទ្វីបគ្រីម៉េ។
ការផ្ទុះបានកើតឡើងនៅម៉ោង៤និង២០នាទីព្រឹកនិងទំនងជាការប៉ុនប៉ងចុងក្រោយរបស់អ៊ុយក្រែនដើម្បីវាយប្រហារមូលដ្ឋានជើងទឹករុស្ស៊ីនៅក្នុងឧបទ្វីបដែលរុស្ស៊ីកាត់យកជាទឹកដីរបស់ខ្លួន។
ធុងប្រេងធំចំនួនបួនបានផ្ទុះនៅឃ្លាំងសេវ៉ាស្តូប៉ូល ហើយអាជ្ញាធរក្រុងសេវ៉ាស្តូប៉ូលដែលតែងតាំងដោយរុស្ស៊ីបានបញ្ជូនក្រុមពន្លត់អគ្គិភ័យទៅកាន់កន្លែងកើតហេតុជាបន្ទាន់។
ដុំភ្លើងនិងកំសួលផ្សែងដ៏ធំបានលេចឡើងលើទីក្រុងសេវ៉ាស្តូប៉ូលដោយសារឆេះឃ្លាំងប្រេងដែលទំនងជាបណ្តាលមកពីការវាយប្រហារដោយដ្រូនអ៊ុយក្រែន
មន្ត្រីរុស្ស៊ីបានទទួលស្គាល់ថាមានអគ្គិភ័យ ហើយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ត្រូវបានរាយការណ៍អំពីឧបទ្ទវហេតុនេះ ដែលវាបង្ហាញអំពីបរាជ័យនៃក្រុមការពារដែនអាកាសរបស់លោក។
ការផ្ទុះឆេះឃ្លាំងប្រេងនេះកើតឡើងចំពេលរុស្ស៊ីប្រឈមការវាយប្រហារធំពីកងកម្លាំងអ៊ុយក្រែនដែលត្រៀមខ្លួនអស់ហើយក្រោយបានទទួលសព្វាវុធសំខាន់ៗពីសម្ពន្ធមិត្តលោកខាងលិច។នៅប៉ុន្មានសប្តាហ៍មកនេះ ដ្រូនបានជ្រៀតចូលដែនអាកាសក្រុងសេវ៉ាស្តូប៉ូលតែត្រូវបានកងកម្លាំងការពារដែនអាកាសស្ទាក់កំទេច។
អ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតថាខ្លួនមានបំណងវាយយកឧបទ្វីបគ្រីម៉េមកវិញ ក្រោយរុស្ស៊ីវាយកាន់កាប់និងដាក់ជាឧបសម្ពន្ធរបស់ខ្លួននៅឆ្នាំ២០១៤ទាំងអន្តរជាតិមិនទទួលស្គាល់៕