ដោយ: សុផល / ភ្នំពេញ: នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ គណៈចលនាមហាជន នៃគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំ ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះ ឆ្នោតឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រួមជាមួយវត្តមានចូលរួមពី រចនាសម្ព័ន្ធគណៈចលនាមហាជន ថ្នាក់កណ្ដាល គណៈជំនាញទាំង៤, គណៈចលនាមហាជន ពីបណ្តាគណបក្ស ក្រសួងស្ថាប័ន, រាជធានីខេត្ត, ក្រុងស្រុកខណ្ឌ រួមទាំងសមាសភាពពី អង្គការមហាជននានា ដែលមានសមាសភាព ប្រមាណ ០០០ នាក់ នៅវិមាន មករា។

   

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍ អំពីដំណើរការនៃការរៀបចំ និងគោលបំណង នៃពិធីជំនួបនាពេលនេះ ព្រមទាំង ប្រធានបទនៃបទបង្ហាញសំខាន់ៗ ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំ រយៈពេល ១ថ្ងៃ ពេញនេះ។

ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស នាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែក ដល់រចនាសម្ព័ន្ធ របស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមនិងបទពិសោធន៍ ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិ សតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ សម្រាប់ដំណើរឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានរួមចំណែក ដ៏មានសារៈសំខាន់ ក្នុងការរក្សាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់ គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោត នាពេលកន្លងមក។

សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា៖ «ស្ថានភាពនយោបាយ បច្ចុប្បន្ន របស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេសចាត់ចែងកិច្ចការផ្ទៃក្នុង ក៏ដូចជា ការរៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន» ជាមួយគ្នានេះសម្ដេចក៏បានលើក ទឹកចិត្តឱ្យសមាជិក សមាជិកាទាំងអស់ បន្តចូលរួមធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជន កម្ពុជានៅតែបន្តរក្សាប្រៀបឈ្នះ នាពេលខាងមុន និងអាណត្តិបន្តបន្ទាប់ទៀត។

សូមជម្រាបថា ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានការធ្វើបទបង្ហាញចំនួន ដែលនឹងផ្តល់ជាពិសោធន៍ និងចំណេះដឹងថ្មីៗ បន្ថែមទៅលើបច្ចុប្បន្នភាព ស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា, បទពិសោធន៍ ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ និងការងារមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣៕/V-PC