​រឿងរ៉ាវ​អតីតកាល​ដែល​មិនអាច​បំភ្លេច​

2802
ចែករម្លែក
  • 60
    Shares
​រូប​ខាងស្តាំ​បង្អស់ សុ​ត សុ​ខេ​ម ហៅ ឡា​ច (​រូបភាព​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយ​: អ៊ុន សុដាវី និង អា​លី​សុន វេ​ល​ខេ​ស / ភ្នំពេញ​: ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​រស់រានមានជីវិត មិន​ចង់​រំឭក​និង​ចងចាំ​ពី អតីតកាល​ដ៏​ឈឺចាប់​របស់ខ្លួន ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ទេ​។ របប​ខ្មែរក្រហម​បានធ្វើ​ឲ្យ​ប្រជាជន មិន​ទុកចិត្ត​គ្នា បាក់ស្បាត និង​ខ្លាចរអា​យ៉ាងខ្លាំង ជាពិសេស​ចំពោះ​អ្នក​ដែល​បាន​បាត់បង់​ក្រុមគ្រួសារ សាច់ញាតិ និង​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក ហើយ​បញ្ហា​ទាំងនេះ កំពុងតែបន្ត​ជះឥទ្ធិពល​ទៅដល់​ជីវិត​រស់នៅ​បច្ចុប្បន្ន​របស់​ជនរងគ្រោះ​។

​សុ​ត សុ​ខេ​ម ហៅ ឡា​ច ជា​ស្ត្រី​ម្នាក់​បានទទួល​បទពិសោធ​ន៍​ជីវិត​ជាច្រើន​ក្នុង​របប​ខ្មែរក្រហម និង​ជា​ស្ត្រី​ម្នាក់​បាន​ខិតខំ​ព្យាយាម​បំភ្លេច​រឿងរ៉ាវ​អតីតកាល ដែល​បាន​កើតឡើង​ចំពោះ​គាត់​និង​ក្រុមគ្រួសារ​របស់គាត់​ក្នុង​របប​ខ្មែរក្រហម​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ឡា​ច មិនអាច​បំភ្លេច​អតីតកាល​ទាំងអស់​បានឡើយ ព្រោះ​ទំហំ​នៃ​ការបាត់បង់ និង​ការឈឺចាប់ ដែល​គាត់​បាន​ជួបប្រទះ នៅតែ​ជា​ស្រមោល​ជាប់​ជាមួយ​ខ្លួន​គាត់​ជានិច្ច​។

​នៅ​ចុងឆ្នាំ​១៩៧៨ ស្វាមី​របស់ ឡា​ច ឈ្មោះ សុខ សួគ៌​ហេង ជា​គ្រូបង្រៀន ហើយក៏​ជា​អ្នក សរសេរ​បទ​ចម្រៀង “​ទំនួញ​កវី​ទល់ដែន​” ដែល​ច្រៀង​ដោយ​លោក អ៊ិន យ៉េ​ង បាន​ចងក​សម្លាប់ ខ្លួន ក្រោយពេល​ដឹងថា​ខ្មែរក្រហម​មានបំណង​សម្លាប់​គាត់​។ ចំណែកឯ​កូនស្រី​ទី​៣​របស់ ឡា​ច ដែលមាន​អាយុ​១០​ឆ្នាំ បាន​ឈឺ​ស្លាប់​ដោយសារ​ជំងឺ​។ ក្រៅពីនោះ ឡា​ច ក៏បាន​រំឭក​ពី​ពេលវេលា​ដ៏​លំបាក​បំផុត​ក្នុងកំឡុងពេល​ផ្តល់កំណើត​ដល់​កូនប្រុស​ម្នាក់​របស់គាត់​ក្នុង​របប​ខ្មែរក្រហម​។ ទាំងអស់នេះ​គឺជា​ឥទ្ធិពល​មួយ បាន​ជំរុញ​ឲ្យ ឡា​ច ចាប់ផ្តើម​គិត និង​ចងចាំ​ពី​ភាព​មិនអាច​លើកលែងទោស​ដល់​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម​ណា​ម្នាក់​បានឡើយ​។

​សព្វថ្ងៃ ឡា​ច មាន​អាយុ ៦៦ ឆ្នាំ ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា រស់នៅ​ក្នុងភូមិ​ក្រាំង​ត្នោត ឃុំ​សន្លុង ស្រុក​ត្រាំ​ង ខេត្តតាកែវ​។ ឡា​ច មានកូន​៤​នាក់ ស្រី​២​នាក់ និង​ប្រុស​២​នាក់​។ សព្វថ្ងៃ ឡា​ច រស់នៅ​ជាមួយ​កូនស្រី​ច្បង កូនប្រសា និង​ចៅ​៣​នាក់ ដោយ​ប្រកបមុខរប​ប​ធ្វើស្រែ​ចម្ការ និង​លក់​ទឹកអំពៅ​ក្នុង​សាលារៀន​មួយ​នៅ​ជិត​ផ្ទះ​របស់គាត់ ។

​ឡា​ច បាន​រៀបការ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ហើយ​មានកូន​៣​នាក់​មុន​ពេលដែល​ខ្មែរក្រហម​ទទួលបាន​អំណាច​គ្រប់គ្រង​ប្រទេស​នៅក្នុង​ឆ្នាំ​១៩៧៥ ។ ដោយសារតែ​ប្តី​មានមុខរ​បរជា​គ្រូបង្រៀន ទើប ឡា​ច ត្រូវ​ចាក​ចេញពី​ស្រុកកំណើត​ទៅ​រស់នៅ​ជាមួយ​ប្តី​។ ដំបូង ឡា​ច បាន​ចាក​ចេញពី​ស្រុកកំណើត​ទៅ​រស់នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែលជា​ស្រុក​មួយ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ហើយក៏​ជា​កន្លែង​មួយ​ដែល​ប្តី​របស់គាត់​បាន​សរសេ​រ​បទ​ចម្រៀង “​ទំ​នួ​យក​វី​ទល់ដែន​” ឡើង​។ ក្រោយមក ឡា​ច និង​ក្រុមគ្រួសារ​បាន​ផ្លាស់​ទៅ​រស់នៅក្នុង​ខេត្តកំពត ។

​នៅក្នុង​ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានទទួល​ជ័យជម្នះ និង​ចូលមក​កាន់កាប់​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ឡា​ច ប្តី​និង​កូន​៣​នាក់ ត្រូវ​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទី​រួម​ខេត្តកំពត មក​រស់នៅ​និង​ធ្វើការ​នៅក្នុង​ឃុំ​ដំបូក​ខ្ពស់ ស្រុក​ឈូក ខេត្តកំពត​។ មកដល់​ឃុំ​ដំបូក​ខ្ពស់​ដំបូង ឡា​ច ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ធ្វើ​ការងារ​ដូចជា ដក​ស្ទូង និង​លើក​ទំនប់​។ ចំណែកឯ​ប្តី ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ទៅ​ភ្ជួរស្រែ និង​ដឹកឧស រីឯ​កូន​៣​នាក់ តម្រូវ​ឲ្យ​ទៅធ្វើ​ការងារ​ក្នុង​កងកុមារ​និង​រៀនសូត្រ​ជាមួយ​កុមារ​ដ៏ទៃទៀត​។ ឡា​ច បញ្ជាក់ថា គ្មាន​ថ្ងៃ​ណា​ដែល​គ្រួ​សារបាន​ជួបជុំគ្នា​ដោយ​រីករាយ​ដូច​ពីមុន​ទេ គឺ​សមាជិកគ្រួសារ​ទាំងអស់​អាច​ជួបជុំគ្នា​តែ​ពេលយប់​បន្ទាប់ពី​ត្រឡប់​មកពី​ធ្វើការ​វិញ​តែប៉ុណ្ណោះ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការងារ​កាន់តែ​លំបាកទៅៗ ចំណែក​របប​អាហារ​ដែល​ទទួល​បានជា​ប្រចាំថ្ងៃ​បាន​កាត់បន្ថយ​បន្តិច​ម្តងៗ​។

​នៅ​ចុងឆ្នាំ​១៩៧៧ ឡា​ច បានផ្តល់​កំណើត​ដល់​កូនប្រុស​ពៅ​របស់គាត់​ឈ្មោះ សុខ ហន​។ ឡា​ច ប្រាប់ថា ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ក្នុង​របប​ខ្មែរក្រហម​ទាំងអស់ នៅតែ​បន្តធ្វើ​ការងារ​ជាធម្មតា​ដូច​ពីមុន​រហូតដល់​ថ្ងៃ​សម្រាលកូន​។ ឡា​ច បានបញ្ជាក់​បន្ថែមថា ក្រៅពី​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ គាត់​និង​ស្ត្រី​ដ៏ទៃទៀត​មិន​ធ្លាប់​ទទួលបាន​ថ្នាំ​រក្សា​កូន​ឬ​ការត្រួតពិនិត្យ​សុខភាព​ម្តាយ​និង​ទារក​ជាប្រចាំ​ខែ​ឬ​ប្រចាំត្រីមាស​នោះទេ​។ ឡា​ច បាន​យក​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះ “​ដើម​បន្លា​បង្ក្រាប​” ជា​ប្រភេទ​រុក្ខជាតិ​ដុះ​ទាប​ស្មើ​ដី ដើម​វា​មាន​បន្លា និង​មាន​ផ្កា​តូចៗ​ពណ៌​ឈូក​ខ្ចី ហើយ​ភាគច្រើន​ដុះ​នៅ​ជុំវិញ​ផ្ទះ សម្រាប់​ធ្វើជា​ឪ​សថ​ដាំទឹក​ហូប​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​។ ឡា​ច ប្រាប់ថា​បន្លា​ប្រភេទ​នេះ​ត្រូវបាន​ចាស់ៗ​ពី​បុរាណ​ជឿថា​ជា​ឪ​សថ​បុរាណ​ម្យ៉ាង អាច​ព្យាបាល​ជំងឺ​បាន​១០០​មុខ​។

​ទោះបីជា​យ៉ាងណា ឡា​ច បាន​បង្កើត​កូនប្រុសរ​បស់​គាត់​ដោយ​សុវត្ថិភាព​។ ឡា​ច បាន​ចែករំលែក​ពីបទ​ពិសោធន៍​របស់គាត់​ដោយ​មិន​ស្ទាក់ស្ទើរ​ក្នុងពេល​សម្រាលកូន​ថា កូន​របស់គាត់​កើតមក​បាន​ដោយ​សុវត្ថិភាព​ដោយសារតែ​កន្ត្រៃ​ដ៏​ចាស់​មួយ ដែល​មានមុខ​សុទ្ធតែ​ច្រែស​សម្រាប់​កាត់​ទង​ផ្សិត​តែប៉ុណ្ណោះ​។ គ្មាន​ថ្នាំសង្កូវ គ្មាន​ក្រណាត់ គ្មាន​សម្លៀកបំពាក់ និង​គ្មាន​សម្ភារៈ​អ្វី​ទាល់តែសោះ​ក្នុងពេលដែល​គាត់​សម្រាលកូន​។ ចំពោះ ឡា​ច ជា​ម្តាយ មានតែ​ភួយ​មួយ​ធ្វើ​ពី​ក្រចៅ ដែល​ធ្ងន់​ស្ទើរតែ​លើក​មិន​រួច​សម្រាប់​គ្របដណ្តប់​ខ្លួន ។ បន្ទាប់ពី​សម្រាលកូន ឡា​ច បាន​ប្រើប្រាស់​តែ​ឪ​សថ​បុរាណ​ដែល​ផ្សំ​ពី​ឬ​ស​ឈើ​ច្រើន​ប្រភេទ​សម្រាប់​ដាំទឹក​ផឹក​។ ក្រៅពីនោះ ឡា​ច បាន​អាំងភ្លើង​ឆ្អើរ​ខ្លួន​តាម​ទន្លាប់​ចាស់​ពី​បុរាណ​ដែល​តែងតែ​ធ្វើ​តាំងពី​បុរាណកាល​។ ទោះបីជា​ជួបប្រទះ​បញ្ហា​ច្រើន​យ៉ាងណា ឡា​ច នៅតែ​អាច​ឆ្លងកាត់​ភាពលំបាក​ទាំងអស់​បាន​ហើយ​បង្កើតបាន​កូនប្រុស​ម្នាក់​ដែល​នៅ​រស់រានមានជីវិតរ​ហូត​ដល់​សព្វថ្ងៃ​។​

​ឡា​ច និយាយ​ទាំង​អួលដើមក​រថា នៅ​ថ្ងៃ​ដែល​កូន​របស់គាត់​មាន​អាយុ​គម្រប់​១​ខែ ជា​ថ្ងៃមួយ​ដែល​ប្តី​របស់គាត់​បាន​ចាកចេញ​ទៅដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​។ ឡា​ច បាន​ប្រាប់ថា​ថ្ងៃមួយ នៅពេលដែល​គាត់​កំពុងតែ​បំបៅ​ដោះ​កូន ម៉ោង​ប្រហែល​៥​រសៀល មាន​កងឈ្លប​ខ្មែរក្រហម​មួយក្រុម​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ បាន​ចូលមក​ខាង​ក្នុងផ្ទះ​របស់គាត់ ហើយ​ប្រាប់​ប្តី​គាត់​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​នៅ​រសៀល​ថ្ងៃ​បន្ទាប់​ជាមួយ​បុរស​៥​នាក់​ផ្សេងទៀត​នៅក្នុង​ភូមិ​។ បន្ទាប់ពី​កងឈ្លប​ចាកចេញ​ផុតពី​ផ្ទះ ប្តី របស់​ឡា​ច បាន​ប្រាប់ ឡា​ច ថា​គាត់​មិន​ទៅ​ចូលរួម​ប្រជុំ​ទេ ព្រោះ​វា​ជា​ផែនការ​សម្លាប់​របស់​ខ្មែរក្រហម ហើយ​ម្យ៉ាងទៀត ប្តី​របស់ ឡា​ច មិន​ចង់​ឲ្យ​ក្មេង​តូចៗ​វាយ​សម្លាប់​គាត់​ដែរ​។ ព្រឹក​ថ្ងៃ​បន្ទាប់ ប្តី របស់​ឡា​ច បាន​ទៅ​ជួប​ឪពុកម្តាយ និង​សាច់ញាតិ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ហើយ​ប្រាប់​ពី​ដំណឹង​ដែល​គាត់​ទទួលបាន​ពី​កងឈ្លប​និង​ផែនការ​ដែល​គាត់​មិន​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​បុរស​៥​នាក់​ទៀត បន្ទាប់មក​ក៏បាន​ចាក​ចេញទៅ​។ ឡា​ច ស្មានថា​ប្តី​របស់គាត់​សម្រេចចិត្ត​ទៅ​ចូលរួម​ប្រជុំ​តាម​ការកោះហៅ​របស់​អង្គការ តែ​បី​ថ្ងៃ​ក្រោយមក គាត់​ទទួលដំណឹង​ថា​ប្តី​របស់គាត់​បាន​ចងករ​សម្លាប់ខ្លួន​។ ឡា​ច និយាយថា នៅពេលដែល ប្តី​របស់គាត់​ខកខាន​មិនបាន​ទៅ​ចូលរួម​ប្រជុំ កងឈ្លប បាន​មករក​ប្តី​របស់គាត់​ដល់ផ្ទះ​តែ​មិន​ជួប ក៏​ចាប់ផ្តើម​ដើរ​ស្វែងរក​នៅ​កន្លែង​ផ្សេងៗ​នៅក្នុង​ភូមិ​។
​បី​ថ្ងៃ​ក្រោយមក កងឈ្លប​ទាំង​នោះបាន​ប្រទះឃើញ​សាកសព​ប្តី​របស់គាត់ ដែល​បាន​ចងក​សម្លាប់ខ្លួន​នៅលើ​ដើមឈើ​មួយ ហើយ​ក្រុម​ឈ្លប បាន​យក​សាកសព​ប្តី​របស់ ឡា​ច ទៅ​កប់​ក្នុងភូមិ​ដែល​គាត់​រស់នៅ​។

​ឡា​ច ចាប់ផ្តើម​មាន​អារម្មណ៍​អស់សង្ឃឹម​នៅពេលដែល​ដឹងថា​ប្តី​បាន​ស្លាប់បាត់​បង់ជីវិត​។ ប៉ុន្តែ​ដោយសារ​កូន​ទាំង​៤​នាក់​របស់គាត់​បានធ្វើ​ឲ្យ​គាត់​មាន​កម្លាំងចិត្ត​តស៊ូ​រស់​ឡើងវិញ​។ ឡា​ច ត្រូវបាន​ប្រធានភូមិ ចាត់​ឲ្យ​មើលថែរក្សា​ក្មេងៗ​មួយក្រុម​ចំនួន​៥​នាក់ ព្រោះ​ប្រធានភូមិ​គិតថា ឡា​ច ទើបតែ​សម្រាលកូន​រួច​។ មិនយូរប៉ុន្មាន ឡា​ច ត្រូវ​ចាត់តាំង​ឲ្យ​ចូលធ្វើការ​ជាមួយ​ក្រុម​កង​នារី​មេម៉ាយ​មាន​គ្នា​ប្រហែល​១០០​នាក់ ដើម្បី​លើក​ទំនប់​ម្លិ​ច ដែល​ស្ថិត​ក្នុងស្រុក​ជុំ​គិរី ខេត្តកំពត​។ និយាយ​ដល់​ចំណុច​នេះ ឡា​ច បាន​ប្រែ​ទឹកមុខ​ក្រៀមក្រំ តែ​គាត់​នៅតែ​បន្ត​រៀបរាប់​ទៀតថា ទំនប់​ម្លិ​ច ជាទី​លាន​ទុក្ខសោក ដែលមាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ ដោយសារ​ការបង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង​។ ខ្មែរក្រហម​មាន​គោលដៅ​សាងសង់​ទំនប់​នេះ ជា​កន្លែង​ស្តុក​ទឹក​ប្រើប្រាស់​និង​សម្រាប់ធ្វើ​ស្រែចម្ការ ។

​ក្នុង​ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម បាន​ចូលមក​ដល់ទី​កន្លែង​ដែល ឡា​ច កំពុង​រស់នៅ​។ ឡា​ច និង​ប្រជាជន​ជាច្រើន​ត្រូវ​ខ្មែរក្រហម​បង្ខំ​ឲ្យ​រត់​សំដៅទៅ​ភ្នំ​លះបង់ ដែល​ស្ថិតនៅ​ក្នុងស្រុក​ជុំ​គិរី ខេត្តកំពត​។ ឡា​ច និង​សាច់ញាតិ បានធ្វើ​ដំណើរ​តាម​រទេះគោ​សំដៅទៅ​កាន់​ភ្នំ​លះបង់ តែ​គាត់​ធ្វើដំណើរ​បានត្រឹមតែ​ពាក់​កណ្តាលផ្លូវ​ក៏​ត្រឡប់មក​ក្រោយ​វិញ ព្រោះ​គាត់​និង​ប្រជាជន​មួយក្រុម​បានដឹងថា កងទ័ព​វៀតណាម​មិនបាន​ធ្វើបាប​ប្រជាជន​ដូច​ខ្មែរក្រហម​ឃោសនា​ឡើយ ព្រោះ​គាត់​បាន​ជួប​ជាមួយ​កងទ័ព​វៀតណាម​នៅតាម​ផ្លូវ​។ ឡា​ច និង​សាច់ញាតិ​បាន​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​វិញ​តាំងពី​ពេលនោះ​មក​។

​ដោយសារតែ​ប្រពៃណី ឡា​ច សម្រេចចិត្ត​មិន​រៀបការ​ទៀត​ទេ ហើយ​ព្យាយាម​ដើរតួរ​នាទី​ជា​ម្តាយ​និង​ឪពុក ដើម្បី​មើលថែរក្សា​កូន​ទាំង​៣ ដែល​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ ទោះបីជា​លំបាក​យ៉ាងណា ក៏​គាត់​បាន​ប្តេ​ជ្ងា​ចិត្ត​បញ្ជូន​កូន​ឲ្យ​ទៅ​សាលា រហូតដល់​កូនប្រុស​បង​របស់គាត់​បាន​ក្លាយជា​អាជីវករ និង​កូនប្រុស​ពៅ​បាន​ធ្វើជា​គ្រូបង្រៀន​ដូច​ប្តី​របស់គាត់​។

​ឡា​ច បាន​យំ បន្ទាប់ពី​គាត់​បានផ្តល់​បទសម្ភាសន៍ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញថា​គាត់​ពិតជា​បាន​ឆ្លងកាត់​ពេលវេលា​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ និង​ចងចាំ​រហូតដល់​បច្ចុប្បន្ន​។ រឿងរ៉ាវ​របស់ ឡា​ច បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពីបទ​ពិសោធន៍​របស់​ស្ត្រី​ជាច្រើន​ទៀត​នៅក្នុង​របប​ខ្មែរក្រហម ថា​តើ​ស្ត្រី​បាន​ប្រឈមមុខ​ចំពោះ​ពេលវេលា​ដ៏​លំបាក និង បញ្ហា​អ្វីខ្លះ​ក្នុងការ​ផ្តល់កំណើត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម