ប្រែសម្រួលៈបំណង(VNExpress)៖ រដ្ឋាភិបាលឡាវបានសំរេចដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំខែពី១,២លានគីប(៧០,៤ដុល្លារ)ទៅដល់១,៣លានគីប(៧៦,២៨ដុល្លារ)ចាប់ពីថ្ងៃ០១ឧសភាតទៅ ដើម្បីសម្រាលការលំបាកដែលកម្មករជួបប្រទះចំពេលអតិផរណាកើនឡើងនិងសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា។
ការសំរេចចិត្តនេះធ្វើឡើងនៅកិច្ចប្រជុំរបស់រដ្ឋាភិបាលកាលពីថ្ងៃ២៥-២៦មេសា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី សូណេសាយ ស៊ីផាដន(Sonexay Siphandone)។
កាលពីឆ្នាំ២០២២ នៅពេលជីវភាពរបស់កម្មករជួបការលំបាកខ្លាំងដោយសារអតិផរណា គណៈកម្មាធិការកណ្តាលរបស់សហព័ន្ធសហជីពឡាវបានស្នើដំឡើងប្រាក់ឈ្នួលអប្បរមាដល់១,៥លាបគីប។ទោះជាយ៉ាងណា សភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវបាននិយាយថា ការដំឡើងក្នុងកំរិតប៉ុណ្ណឹងនឹងប៉ះពាល់អវិជ្ជមានលើសហគ្រាសដែលកំពុងតស៊ូនឹងការលំបាក។
ក្រៅពីដំឡើងប្រាក់ឈ្នួលអប្បរមា នាយករដ្ឋមន្ត្រីឡាវបានប្រាប់ក្រសួងការងារនិងសង្គមកិច្ចអោយធ្វើការជាមួយវិស័យពាក់ព័ន្ធដើម្បីពិចារណាថាតើការដំឡើងប្រាក់ឈ្នួលនេះវាស៊ីគ្នានឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នដែរឬអត់។លោកក៏ស្នើសុំពួករដ្ឋមន្ត្រីនិងវិស័យនានាអោយធ្វើការសិក្សាស៊ីជំរៅលើការដំឡើងប្រាក់ឈ្នួលនិងរាយការណ៍លទ្ធផលមកកាន់រដ្ឋាភិបាលនៅត្រីមាសទីបីនៃឆ្នាំ២០២៣៕
កម្មករឡាវនឹងទទួលបានប្រាក់ខែទាបបំផុត៧៦ដុល្លារចាប់ពីថ្ងៃ១ឧសភានេះទៅ