ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ដល់ភាគីពាក់ព័ន្ធ មន្ត្រីគ.ជ.ប តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរយៈពេលពីរថ្ងៃនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ២៩ ខែមេសាបានឱ្យដឹងថាលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នឹងថ្លែងបើកវគ្គ​បណ្ដុះ​បណ្ដាល​ខាងលើនេះ នៅព្រឹកថ្ងៃទី២ ខែឧសភា វេលាម៉ោង ៨ព្រឹក ។ ដោយឡែក នៅរសៀលថ្ងៃទី៣ ខែឧសភា វេលាម៉ោង ១៧លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងថ្លែង មតិណែនាំ និងបិទវគ្គបណ្ដុះបណ្ដាល។

វគ្គវណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលដៅ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគណបក្សនយោបាយ យល់ដឹងពីនីតិវិធី និងបទបញ្ញត្តិនានាពាក់ព័ន្ធទៅនឹងការឃោសនាបោះឆ្នោត នៅពេលមុខ ។

ប្រតិទិន របស់ គ.ជ.ប យុទ្ធនាការនៃការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ៕សរន