ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សីដក់ និង ឈីនឡូន ដែលបោះជម្រំហ្វឹកហាត់ នៅប្រទេសមីយ៉ាន់ម៉ានោះ បានវិលត្រឡប់ មកមាតុប្រទេសវិញ ហើយកាលពីថ្ងៃទី ៣០ មេសា ម្សិលមិញនេះ ជាមួយគ្នានេះ កីឡាប្រដាល់សកល ដែលចេញទៅ បោះជម្រំហ្វឹកហាត់ រយៈពេល ១ខែ នៅប្រទេសកាហ្សាក់ស្ថាននោះ ក៏បានត្រឡប់ មកវិញដែរ។
លោក មាស សារិនប្រធានសហព័ន្ធសីដក់ និង ឈីនឡូនកម្ពុជា បានមានប្រសាសន៍ ថាៈ ក្រុមកីឡាករ កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជា បានត្រឡប់មកហើយ បន្ទាប់ពីបានធ្វើការហ្វឹកហាត់ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ៥ ខែ ដើម្បីពង្រឹង សមត្ថភាព និងបច្ចេកទេស ត្រៀមខ្លួនចូលរួមប្រកួត នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានចំនួន ៣៦ រូប ក្នុងនោះ កីឡាករ -កីឡាការិនី ៣០ រូប និង គ្រូបង្វឹក ៦រូប ដែលចេញទៅហ្វឹក ហាត់ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
ការហ្វឺកហាត់ នៅប្រទេសមីយ៉ាន់ម៉ានេះ ក្រោមការសហការជាមួយ សហព័ន្ធកីឡា សីដក់ និង ឈិនឡូនអាស៊ី ឧបត្ថម្ភសំបុតយន្តហោះ និងសម្លៀកបំពាក់ ពីគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES 2023 ព្រមទំាងការគាំទ្រ យ៉ាងពេញទំហឹង របស់ក្រសួងអប់រំ យុវជន និងកីឡា។
ដោយឡែក លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថាៈ លោកបាន អញ្ជើញទទួលស្វាគមន៍ ដំណើរវិលត្រលប់មកកាន់មាតុ ប្រទេសពីសំណាក់ អត្តពលិកកម្ពុជា ប្រភេទកីឡាប្រដាល់សកល បន្ទាប់ពីបានធ្វើការបោះជំរំហ្វឹក ហាត់រយៈពេល ១ខែ នៅប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ V / N