អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​៨​ឆ្នាំ​បន្ថែម​

995
ចែករម្លែក

តុលាការកូរ៉េខាងត្បូងមួយកាលពីថ្ងៃសុក្រទី២០កក្កដាបានកាត់ទោសអតីតប្រធានាធិបតី ប៉ាក ហ្គុនហេ អោយជាប់គុក៨ឆ្នាំបន្ថែមចំពោះការរំលោភលើមូលនិធិរដ្ឋនិងរំលោភច្បាប់បោះឆ្នោត។

លោកស្រីឥឡូវប្រឈមការជាប់គុកជាង៣០ឆ្នាំ។លោកស្រីបានត្រូវកាត់ទោសអោយជាប់គុក២៤ឆ្នាំរួចជាស្រេចហើយចំពោះការប្រព្រឹត្តអំពើពុករលួយដ៏ធំដែលបាននាំដល់ការបណ្តេញលោកស្រីចេញពីតំណែងកាលពីឆ្នាំមុន។

តុលាការសង្កាត់សេអ៊ូលកាលពីថ្ងៃសុក្រ បានរកឃើញទោសកំហុសរបស់លោកស្រី ដែលបង្កការខាតបង់ដ៏ច្រើនដល់ហិបប្រាប់រដ្ឋ ដោយសារតែទទួលប្រាក់៣ពាន់លានវ៉ុន(២,៦លានដុល្លារ)ដោយខុសច្បាប់ពីមេៗសេវាស៊ើបការជាតិក្នុងអំឡុងលោកស្រីកាន់តំណែងប្រធានាធិបតី ហើយបានកាត់ទោសលោកស្រីអោយជាប់គុក
៦ឆ្នាំ។

ទោះជាយ៉ាងណា លោកស្រីមិនត្រូវបានគេរកឃើញថាមានកំហុសចំពោះការស៊ីសំណូកទេ ពាក់ព័ន្ធនឹងការផ្ទេរលុយ។តុលាការបាននិយាយថា វាមិនច្បាស់ថាតើមេចារកម្មបានស្វះស្វែងឬទទួលការគាំទ្រជាថ្នូរនឹងការផ្តល់លុយ។

តុលាការក៏បានកាត់ទោសដាច់ដោយឡែកដោយសំរេចដាក់គុកប៉ាក២ឆ្នាំ ចំពោះការរំលោភច្បាប់បោះឆ្នោតដោយសារតែលោកស្រីជ្រៀតជ្រែកក្នុងការតែងតាំងបេក្ខជនរបស់គណបក្សរបស់លោកស្រីនៅមុនការបោះឆ្នោតសភាឆ្នាំ២០១៦។

ក្នុងសវនាការកាលពីថ្ងៃសុក្រ ប៉ាកមិនមានវត្តមានក្នុងតុលាការទេ។លោកស្រីអាចជាប់គុកវែងជាង៣២ឆ្នាំ ដោយសារការកាត់ទោសដំបូងអោយជាប់គុក២៤ឆ្នាំ រដ្ឋអាជ្ញាទាមទារផ្លាស់ប្តូររយៈពេលជាប់គុករហូតដល់៣០ឆ្នាំ។តុលាការកំពូលនឹងសំរេច ករណីនេះនៅថ្ងៃ២៤សីហា។

សូមបញ្ជាក់ថា ក្រោយមានការតវ៉ាប្រឆាំងពីប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់ ពួកសមាជិកសភាកូរ៉េខាងត្បូងនៅខែធ្នូឆ្នាំ២០១៦បានចោទទោសទម្លាក់តំណែងលោកស្រីប៉ាក។លោកស្រីត្រូវបានបណ្តេញចេញពីតំណែងដោយការសំរេចរបស់តុលាការធម្មនុញ្ញនៅខែមីនាឆ្នាំមុន និងក៏ត្រូវបានចាប់ខ្លួននៅមួយសប្តាហ៍ក្រោយ៕៖ វាសនា

រូប ឯកសារ កាលពី ថ្ងៃ ៧ សីហា ឆ្នាំមុន បង្ហាញ ប៉ាក ហ្គុ ន ហេ ត្រូវបាន នាំ ឡើង តុលាការក្រុង សេ អ៊ូ ល

ទីតាំងផ្សាយពាណិជ្ជកម្ម