ដោយៈ សុខុម / ស្ទឹងត្រែង៖ លោក ភីម ប៉ិច វ័យ ៥៣ ឆ្នាំ សម្បុរខ្មៅស្រអែម ដៃស្តាំកាន់ពូថៅ។ ដៃឆ្វេងកាន់ដែកពន្លៀកតូចមួយ ខំប្រឹងប្រើកម្លាំងដៃ វាយយ៉ាងធ្ងន់ ទៅលើដុំដែក ដើម្បីយកដែក ដែលមានតម្លៃចេញពីក្នុងម៉ាស៊ីនរថយន្តខូច លាយ ឡំនឹងតំណក់ញើស ហូរចេញពីប្រាណ។

បុរសវ័យចំណាស់រូបនេះ ប្រឹងធ្វើការបណ្តើរ និយាយជាមួយអ្នកសារព័ត៌មានបណ្តើរ ដោយសម្តីតិចៗថា គាត់បានប្រកបមុខរបរ ដើរទិញអេដចាយ អស់រយៈពេល ១០ ទៅ ២០ ឆ្នាំហើយ តាំងពីកូននៅតូចៗម៉្លេះ ក្រោយចាកចេញពីស្រុកកំណើត ឯខេត្តកំពង់ចាម ហើយមករស់នៅខេត្តស្ទឹងត្រែង។

មុខរបរមួយនេះ ជួនថ្ងៃខ្លះ ចំណេញថ្ងៃខ្លះ ក៏ខាតទាំងចុងទាំងដើម ដោយសារតែ ការម៉ៅដែកខាត។ ម្យ៉ាងទៀត ទីផ្សារលក់អេតចាយ ក៏មិនទៀងទាន់ផង។

លោក ភីម ប៉ិច បានប្រើពេលវេលាស្ទើពាក់កណ្តាលជីវិតទៅហើយ ក្នុងគ្រួសារ ដែលមានប្រពន្ធឈ្មោះ ធួ ភាព អាយុ ៥៤ ឆ្នាំ មានកូនប្រុសស្រីចំនួន ៥នាក់ ក្នុងនោះ មានស្រីចំនួន ៣ នាក់។ ក្រោយមក កូនប្រុសទាំងពីរនាក់ ក៏បាត់បង់ជីវិត ដោយសារ លង់ទឹក ជាបន្តបន្ទាប់ កាលពីជាង ១០ ឆ្នាំមុន។ រីឯកូនស្រី បីនាក់ ក្រោយមក ក៏មានគ្រួសារ រៀងៗខ្លួន។

បច្ចុប្បន្ន គ្រួសារលោក ភីម ប៉ិច នៅតែប្រកបមុខរបរទិញអេដចាយលក់ដដែល ដោយសារគ្រួសារលោក គ្មានជម្រើសផ្សេង។ លោក ភីម ប៉ិច សព្វថ្ងៃរស់នៅក្នុងបន្ទប់ ជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឫស្សី​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាននិយាយប្រាប់ថាៈ បើទោះបីជាមុខរបរ មិនសមប្រកបយ៉ាងក្តី គ្រួសារលោកនៅតែ បន្តមុខរបរនេះ ដល់ពេលវ័យទៅមុខលែងរួច។ លោកមិនចង់ទៅរកការងារធ្វើ នៅក្រៅប្រទេសឡើយ គឺសុខចិត្តជុំគ្រួសារ បន្តមុខរបរនេះរហូត៕ V / N