ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកបៃដិនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នៅក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃចន្ទទី១ឧសភានេះ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងសមភាគីហ្វីលីពីនលោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) រំពឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការចូលរួមផ្នែកធុរកិច្ចកាន់តែច្រើនឡើងក៏ដូចជា”ការពង្រឹងផ្នែកយោធា” ចំពេលមានការព្រួយបារម្ភរួមគ្នាអំពីចិន។
លោកម៉ាកូសបានគ្រោងទៅដល់សហរដ្ឋអាម៉េរិកនៅយប់ថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃដែលមន្ត្រីហ្វីលីពីននិយាយថាមានគោលបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងពិសេសរវាងហ្វីលីពីននិងសហរដ្ឋអាម៉េរិកដែលជាសម្ពន្ធមិត្តយូរអង្វែង។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកបាននិយាយដោយមិនបញ្ចេញឈ្មោះថា វាមិនអាចទៅរួចទេក្នុងការមើលស្រាលលើសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ហ្វីលីពីនបើទោះបីជាទំនាក់ទំនងមានហួសពីសន្តិសុខក៏ដោយ។
លោកបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា “យើងនឹងបង្ហាញព័ត៌មានមួយចំនួនក្នុងសប្តាហ៍ក្រោយដែលនឹងបង្ហាញពីការចូលរួមផ្នែកធុរកិច្ចច្រើនឡើងប៉ុន្តែក៏មានការពង្រឹងផ្នែកយោធាមួយចំនួនផងដែរ”។
មន្ត្រីរូបនោះបាននិយាយថា ជាផ្នែកនៃការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo)នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរបស់ប្រធានាធិបតីទៅកាន់ប្រទេសហ្វីលីពីន។
លោកបាននិយាយថា ខណៈលោកម៉ាកូសកំពុងស្វែងរកទំនាក់ទំនងល្អជាមួយចិននិងសហរដ្ឋអាម៉េរិក រដ្ឋាភិបាលក្រុងម៉ានីលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទំនាក់ទំនងការទូត”បែបបង្កហេតុ” របស់រដ្ឋាភិបាលក្រុងប៉េកាំង និងស្វែងរកទំនាក់ទំនងកាន់តែរឹងមាំជាមួយសម្ពន្ធមិត្ត។
មន្ត្រីរូបនោះបាននិយាយថា “យើងកំពុងស្វែងរកការមិនបង្កហេតុ ប៉ុន្តែដើម្បីផ្តល់ការគាំទ្រទាំងខាងស្មារតីនិងអនុវត្តបានសម្រាប់ហ្វីលីពីននៅពេលដែលពួកគេព្យាយាមចូលមកតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចដ៏ស្មុគស្មាញ ទីតាំងភូមិសាស្ត្ររបស់ពួកគេគឺពិតជាសំខាន់”។
ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថាហ្វីលីពីនជាទីតាំងសក្តានុពលសម្រាប់ប្រព័ន្ធរ៉ុក្កែត មីស៊ីល និងកាំភ្លើងធំដើម្បីទប់ទល់នឹងការឈ្លានពានរបស់ចិនមកលើកោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។
ដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនរបស់លោកម៉ាកូសកើតឡើងបន្ទាប់ពីហ្វីលីពីនកាលពីថ្ងៃសុក្រសប្តាហ៍មុនបានចោទប្រកាន់ឆ្មាំសមុទ្រចិនថា “បើកបរយ៉ាងគ្រោះថ្នាក់” និង”កលយុទ្ធដ៏គឃ្លើន” នៅសមុទ្រចិនខាងត្បូង នៅក្នុងការប្រឈមមុខដាក់គ្នាលើដែនសមុទ្រមួយផ្សេងទៀតរវាងប្រទេសទាំងពីរ។
ប្រឈមមុខនឹងសម្ពាធបែបនេះពីចិន ហ្វីលីពីននិងអាម៉េរិកបានបង្កើនការចូលរួមផ្នែកការពារជាតិយ៉ាងរហ័ស រួមទាំងសមយុទ្ធយោធាទ្រង់ទ្រាយធំនិងការពង្រីកការចូលរបស់អាម៉េរិកទៅកាន់មូលដ្ឋានទ័ពនារបស់ហ្វីលីពីននាពេលថ្មីៗនេះ។ ចិនបានជំទាស់នឹងកិច្ចព្រមព្រៀងស្តីពីមូលដ្ឋានទ័ពនេះ៕
ប្រធានាធិបតីម៉ាកូសនិងក្រុមមន្ត្រីយោធាអាម៉េរិកជួបគ្នាអំឡុងសមយុទ្ធ Balikatan កាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៣