​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ប្រទេស​ចិន​មាន​ការវិវឌ្ឍ​ឥតឈប់ឈរ ហើយ​មនុស្ស​និង​បច្ចេកវិជ្ជា​របស់​ចិន​ក៏​វិវឌ្ឍ​ផងដែរ​។​រាប់​ចាប់ពី​ខ្យល់អាកាស​ស្អាត​និង​រថយន្ត​បញ្ចេញ​ថាមពល​ស្អាត​រហូត​​ដល់​បុគ្គល​ដែល​មាន​កម្រិតវប្បធម៌​ខ្ពស់​និង​របៀបរបប​រស់នៅ​ប្រកបដោយ​ការបណ្តុះបណ្តាល ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្នត់គំនិត​របស់​យើង​អំពី​ប្រទេស​ចិន​គួរតែ​ចាប់ផ្តើម​ហើយ​។ អ្វីៗ​ដែល​កន្លង​ទៅ​គឺ​បង្គន់​កខ្វក់​និង​សីលធម៌​មូលដ្ឋាន​នៃ​ការតម្រង់​ជួរ​ត្រូវបាន​ចាត់ទុក​ថា​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​។ ពិតណាស់ ប្រទេស​ចិន​បាន​ក្លាយជា​ប្រធានបទ​ធំ​បន្ទាប់​ទាក់ទង​នឹង​បច្ចេកវិជ្ជា និរន្តរភាព​និង​​ការច្នៃប្រឌិត​។​

​ការស្រេកឃ្លាន​ក្នុង​ការកែលម្អ​ខ្លួនឯង​គឺ​ហួស​ពី​ការរំពឹងទុក​និង​សភាវគតិ​របស់​មនុស្ស​ទាំងពួង មិន​គ្រាន់តែ​ដើម្បី​រស់រាន​មាន​ជីវិត​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ដើម្បី​ជំនួស​តំណែង​លេខ​១​និង​ធ្វើឱ្យ​ល្អ​ជាង​ដៃ​គូប្រជែង​​លើ​ពិភពលោក​ផងដែរ ដែល​នេះ​បានធ្វើឱ្យ​ចិន​មានឈ្មោះ​នៅលើ​ផែនទី ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​។​

– វិនិយោគ​ដើម្បី​ការវិវឌ្ឍ​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ចិន​បាន​បោះជំហាន​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី និង​រថយន្ត​ហាយ​ប្រ៊ី​ដដែល​ស៊ី​ថាមពល​តិច​មិន​ប៉ះពាល់​ដល់​​បរិស្ថាន និង​បំពាក់​ទៅ​ដោយ​បច្ចេកវិជ្ជា​ទំនើប​ទាន់សម័យ​។ ជាក់ស្តែង នេះ​គឺជា​លទ្ធផល​នៃ​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ចិន​លើ​ការលើកកម្ពស់​ការផលិត​រថយន្ត​អគ្គិសនី​និង​រថយន្ត​ហាយ​ប្រ៊ី​ដ រួមជាមួយ​នឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិជ្ជា និង​សមត្ថភាព​ច្នៃប្រឌិត​របស់​ប្រទេស​។​

​ហេតុ​ដូច្នេះ​ហើយ ចិន​បាន​ក្លាយជា​ប្រទេស​ផលិត​ដ៏​ធំ​មួ​យ​និង​ជា​អ្នក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ធំជាងគេ​នៅលើ​ពិភពលោក ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដូចជា BYD និង Great Wall Motor (GWM)​នាំមុខ​គេ​ខាង​បច្ចេកវិជ្ជា​និង​ការបង្កើត​ថ្មី​ខាង​រថយន្ត​អគ្គិសនី​។ ឧទាហរណ៍​ជាក់ស្តែង ក្រុមហ៊ុន BYD បាន​ផលិត​រថយន្ត Han EV ដែល​មាន​ចម្ងាយ​បើកបរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាង ៥២០ គីឡូម៉ែត្រ​នៅ​ពេល​សាក​ភ្លើង​ពេញ ដោយ​ធ្វើឱ្យ​វា​ក្លាយជា​រថយន្ត​អគ្គិសនី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​នៅលើ​ទីផ្សារ​។​

​ជាធម្មតា ការប្រើប្រាស់​បច្ចេកវិជ្ជា​ទំនើប​ដូចជា​ម៉ាស៊ីន​ទាំងនេះ​ផ្តល់​នូវ​ជម្រើស​មិន​ប៉ះពាល់​ដល់​បរិស្ថាន​សម្រាប់​អ្នកប្រើប្រាស់​ស្របពេល​ជាមួយគ្នា​នេះ​បាន​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ប្រទេស​​លើ​ឥន្ធនៈហ្វូស៊ីល​ផងដែរ​។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​ទាំងនេះ​កំពុង​វិនិយោគ​យ៉ាងខ្លាំង​ក្នុង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ដើម្បី​កែលម្អ​មិន​គ្រាន់តែ​ដំណើរការ​ទាំងមូល​នៃរ​ថយ​ន្ត​អគ្គិសនី​របស់​ពួក​​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើនល្បឿន​ពី​កាបូន​ទាប​ទៅរក​កាបូន​សូន្យ​ផងដែរ​។​

​ឧទាហរណ៍​ជាក់ស្តែង ក្រុមហ៊ុន GWM បាន​បណ្តាក់​ទុន​សរុប​ចំនួន ១០០ ពាន់​លាន​យ័ន​ដើម្បី​ផ្តោត​លើ​បច្ចេកវិជ្ជា​សំខាន់ៗ​ដូច​ជា​ការ​ស៊ី​ថាមពល​ទាប បន្ទះ​ឈីប​កម្រិត​ខ្ពស់ក៏​ដូច​ជា​ឧបករណ៍​សិន​ស័រ (Sensor)​ទំនើប ការ​បញ្ចូន​ព័ត៌មាន​និង​បញ្ញា​សិប្បនិម្មិត​។ ក្រុមហ៊ុន​ថែមទាំង​បាន​បង្កើត​មជ្ឈមណ្ឌល R&D និង​មជ្ឈមណ្ឌល​ច្នៃប្រឌិត​បច្ចេកវិជ្ជា​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​ផងដែរ រួម​ទាំង​សហរដ្ឋ​អាម៉េរិក កាណាដា អាល្លឺម៉ង់ អូទ្រីស ជប៉ុន កូរ៉េខាងត្បូង និង​ឥណ្ឌា​។​

– ថាមពល​ជំនួស​

​ឧទាហរណ៍​គួរឱ្យកត់សម្គាល់​មួយទៀត​នៃ​ការរីកចម្រើន​របស់​ចិន​ក្នុងការ​ក្លាយជា​អ្នកត្រួសត្រាយ​ខាង​បច្ចេកវិជ្ជា​គឺ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការស្វែងរក​ប្រភព​ថាមពល​ស្អាត​ផ្សេង​ទៀត​សម្រាប់​រថយន្ត ដូចជា​អ៊ីដ្រូសែន​ជាដើម​។ ជាក់ស្តែង ក្រុមហ៊ុន GWM គឺជា​សមាជិក​សហគ្រាស​រថយន្ត​ចិន​ដំបូង​គេ​នៃ​ក្រុមប្រឹក្សា​អ៊ីដ្រូសែន​។ ពិត​ណាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​នេះ​នឹង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​​រថយន្ត​ប្រើ​អាគុយ​ឥន្ធនៈ​អ៊ីដ្រូសែន​ក្នុង​ឆ្នាំ ២០២៥​។ ម៉ូ​ដែល​ថាមពល​ថ្មី​ទាំងនេះ​នឹង​ត្រូវ​រួមបញ្ចូល​នៅក្នុង​រថយន្ត​ជំនាន់​បន្ទាប់​នៃ​ម៉ាក GWM ចំនួន​បួន​គឺ Haval, Wey, ORA និង GWM Pickup ។​

​ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​នានា​ហាក់​កំពុង​បង្កើនល្បឿន​នៃ​ការបង្កើត​រថយន្ត​អគ្គិសនី​ដូច​អ្វី​ដែល​បាន​ជួបប្រទះ​នៅក្នុង​ពិព័រណ៍​យានយន្ត​សៀង​ហៃ ដែល​ទើបនឹង​បញ្ចប់​ថ្មីៗ​នេះ​។ ម៉ាក​យីហោ​ដូចជា BYD, Xpeng, GWM ក៏ដូចជា HiPhi បានបង្ហាញ​រថយន្ត​អគ្គិសនី​ជា​ចម្បង​។​

– អនាគត​នៃ​ការបើកបរ​

​ក្រៅ​ពី​រថយន្ត​អគ្គិសនី ក្រុមហ៊ុន​ផលិត​រថយន្ត​និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នានា​របស់​ចិន​ក៏​កំពុង​ឈាន​មុខ​គេ​ផងដែរ​ក្នុង​វិស័យ​បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ ក្រុមហ៊ុន SAIC Motor ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​របស់​ចិន បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Alibaba ដើម្បី​បង្កើត​បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។​

​ក្រុមហ៊ុន​រថយន្ត​ចិន​មួយ​ទៀត​ឈ្មោះ Geely បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Baidu ដើម្បី​បង្កើត​បច្ចេកវិជ្ជា​បើកបរ​ស្វ័យភាព​កម្រិត ៤ ដែល​មានន័យថា រថយន្ត​អាច​បើកបរ​ដោយ​ខ្លួនឯង​បាន​ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​មនុស្ស​ក្នុងស្ថានភាព​ភាគច្រើន​។​

​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ធំ​បំផុត​របស់​ចិន BYD មានមតិ​ខុសពី​គេ​លើ​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ យោង​តាម​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បានឱ្យដឹងថា ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ពេញលេញ​គឺ​មិន​អាច​ទៅរួច​នោះទេ ហើយ​បច្ចេកវិជ្ជា​នៅ​ពីក្រោយ​ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ​បែបនេះ​នឹង​ស័ក្តិសម​ជា​ង​ចំពោះ​ការផលិត​។ ជាងនេះទៅទៀត វា​នឹង​ពិបាក​ក្នុងការ​ចាប់កំហុស​ភាគី​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​ដែល​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ត្រូវ​បាន​យកមក​ពិចារណា​។​

– រថយន្ត​ផលិត​នៅ​ប្រទេស​ចិន​នឹង​ក្លាយ​ជា​រថយន្ត​ល្បី​នៅពេល​ខាងមុខ​?

​ជា​ការពិត​ណាស់ វា​តែងតែ​មាន​មតិ​ផ្សេង​គ្នា​ពី​ក្រុមហ៊ុន​ផ្សេងៗ​គ្នា​និង​មនុស្ស​ផ្សេងៗ​គ្នា​លើ​ប្រធានបទ​ស្រដៀង​គ្នា​នេះ ប៉ុន្តែ​រឿង​មួយ​ដែល​យើង​មិន​អាច​មិន​យល់​ស្រប​តាម​នោះ​គឺ​ការពិត​ដែលថា រថយន្ត​ផលិត​នៅ​ប្រទេស​ចិន​អាច​នឹង​ក្លាយ​ជា​អនាគត​នៃ​ឧស្សាហកម្ម​រថយន្ត​។​

​ពិតណាស់ ខណៈ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ជួបប្រទះ​ទាក់ទង​នឹង​ការទទួលស្គាល់​ម៉ាក​យីហោ​និង​ការយល់ឃើញ​របស់​អ្នក​ប្រើប្រាស់​ពី​ជុំវិញ​ពិភពលោក ចិន​សព្វថ្ងៃ​កំពុង​ប្រឹងប្រែង​ខ្លាំង​ណាស់​និង​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការអភិវឌ្ឍ​និង​ផលិត​យានយន្ត​អគ្គិសនី​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។ នេះ​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​ប្រៀប​ឈ្នះ​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​ពិភពលោក ដោយសារ​តម្រូវកា​ររ​ថយ​ន្ត EV បន្ត​កើនឡើង​ឥតឈប់ឈរ​។​

​ដូចគ្នា​នេះ​ផង​ដែរ ទំហំ​ដ៏​ធំ​របស់​ប្រទេស​នេះ​បាន​ផ្តល់​ប្រៀប​ប្រកួតប្រជែង​ខាង​អាជីវកម្ម​នៅក្នុង​ប្រទេស​ចិន​ជាង​ប្រទេស​ដទៃ​នៅលើ​ពិភពលោក​។ តួលេខ​ចំនួន​កម្មករ​ផលិត​មិន​គ្រាន់តែ​រាប់ម៉ឺន​នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​ទៅ​រាប់សែន​នាក់​ឯណោះ​។ ហើយ​ជាមួយនឹង​បុគ្គលិក​រាប់សែន​នាក់​នៅក្នុង​ក្រុមហ៊ុន​រថយន្ត​នីមួយៗ ផ្លូវ​ឆ្ពោះទៅ​កាន់​ភាពជោគជ័យ​គឺ​កាន់តែ​ងាយ​សម្រេចបាន ដោយសារ​ផលិត​ភាពច្បាស់​ជា​កើនឡើង ដែល​អាច​នាំ​ឱ្យ​ផលិតផល​កាន់តែ​ច្រើន​ឆាប់​បាន​លក់​ចេញ និង​តួលេខ​ប្រាក់ចំណូល​កាន់តែ​កើន​ខ្ពស់​។​

​សំខាន់​ជាងនេះទៅទៀត​គឺ​របៀប​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ទាំង​នេះ​កំពុង​ពង្រីក​ការបោះ​ជំហាន​ជា​សកល​របស់​ពួកគេ​តាមរយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​និង​លទ្ធកម្ម​នានា​។ ឧទាហរណ៍​ជាក់ស្តែង ក្រុមហ៊ុន Geely បាន​ទិញ​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន រួមមាន Volvo, Polestar និង Lotus ដែល​បាន​ជួយ​បង្កើន​ការទទួលស្គាល់​ម៉ាក​យីហោ​របស់ខ្លួន និង​ភាពជឿជាក់​នៅក្នុង​ទីផ្សារ​អឺរ៉ុប​។​

​ការបណ្តាក់ទុន​រួមគ្នា​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន SAIC Motor និង Volkswagen Group ក្នុង​ឆ្នាំ ១៩៨៥ ក៏​បាន​ឃើញ​ការបង្កើត​ក្រុមហ៊ុន SAIC Volkswagen នៅក្នុង​ប្រទេស​ចិន​ផងដែរ ដែល​ចាប់​តាំងពី​ពេលនោះ​មក​បាន​បង្កើត​មូលដ្ឋាន​ផលិតកម្ម​នៅក្នុង​ក្រុង​ណាន​នី​ង (Nanjing) យី​ង​ចេង (Yizheng) នី​ង​ប៉ូ (Ningbo) យូ​រុម​ឈី (Urumqi) និង​ឆាង​សា (Changsha) ជា​បន្តបន្ទាប់​។ សូម្បី​តែ​ម៉ាក​យីហោ​ដែល​ទើប​ចាប់ផ្តើម​អាជីវកម្ម​ដូចជា HiPhi និង Zeekr ក៏​បាន​ដាក់ចេញ​នូវ​ផែនការ​ដើម្បី​ចូលទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ក្នុងអំឡុង​ពិព័រណ៍​យានយន្ត​សៀង​ហៃ​នា​ពេល​ថ្មីៗ​នេះដែរ​។​

​តាមរយៈ​ការចាប់​ដៃគូ​ជាមួយ​ម៉ាក​ល្បីៗ​ស្រាប់​និង​ការប្រើប្រាស់​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​បណ្តាញ​ចែកចាយ​ដែល​មាន​ស្រាប់​របស់​ពួកគេ បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​អាច​ពង្រីក​ចំណែក​ទីផ្សារ​ពិភពលោក​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស និង​រីកចម្រើន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​មួយ​។ ដូច្នេះ វា​សម​ហេតុផល​ក្នុងការ​និយាយថា ឥទ្ធិពល​របស់​ចិន​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​ទំនងជា​នឹង​កើនឡើង ហើយ​ចិន​អាច​នឹង​ក្លាយជា​កម្លាំង​លេចធ្លោ​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​នាពេលខាងមុខ​។​

– អនាគត​ដែល​ចៀស​មិន​រួច​

​រថយន្ត​ដែល​ផលិត​នៅ​ចិន​កំពុង​ជំរុញ​ដល់​អនាគត​នៃ​ឧស្សាហកម្ម​រថយន្ត ជាមួយនឹង​ភាពជឿនលឿន​របស់​ពួកគេ​ក្នុង​ផ្នែក​យានយន្ត​អគ្គិសនី​ក៏ដូចជា​បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ​។ វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​និរន្តរភាព​នេះ​ចំពោះ​ឧស្សាហកម្ម​រថយន្ត​អាច​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​ទីផ្សារ​ពិភពលោក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

​ខណៈ​យើង​ក្រឡេក​មើល​ទសវត្សរ៍​ក្រោយ ឥទ្ធិពល​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​លើ​ឧស្សាហកម្ម​រថយន្ត​ពិភពលោក​គ្រោង​នឹង​មាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ ហើយ​ការរួមចំណែក​របស់​ពួកគេ​ចំពោះ​ការរីកចម្រើន​នៃ​បច្ចេកវិជ្ជា​ដឹកជញ្ជូន​មិនគួរ​មើលស្រាល​នោះឡើយ​។ ទិសដៅ​នេះ​មិន​គ្រាន់តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ការងារ​ថ្មីៗ​និង​ឱកាស​អាជីវកម្ម​ក្នុង​វិស័យ​រថយន្ត​ផងដែរ​។ វា​ជា​សក្ខីភាព​មួយ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ប្រទេស​ចិន​ក្នុង​ការការពារ​បរិស្ថាន​និង​កសាង​អនាគត​ប្រកបដោយ​ចីរភាព​។​

​អាស្រ័យហេតុនេះ ខណៈ​ប្រទេស​កាន់តែ​ច្រើនឡើង​ផ្លាស់ប្តូរ​ឆ្ពោះទៅរក​ការ​រចនា​និង​កិច្ចដំណើរការ​ការងារ​ប្រកបដោយ​និរន្តរភាព​និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឧស្សាហកម្ម​រថយន្តរ​បស់​ចិន​អាច​នឹង​ឈាន​មុខ​គេ​។ ជាមួយ​នឹង​ការកើនឡើង​នៃ​តម្រូវការ​សម្រាប់​យានយន្ត​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឧស្សាហកម្ម​រថយន្តរ​បស់​ចិន​ឈរ​នៅ​ទីតាំង​ល្អ​ណាស់​ដើម្បី​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅក្នុង​ទីផ្សារ​ពិភពលោក​៕

រថយន្ត​អគ្គិសនី​ចិន​កាន់តែ​ធ្វើឱ្យ​ពិភពលោក​ទទួលស្គាល់​បន្តិចម្តងៗ