ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ាងសុផល្លែត រដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយលោក សាស្រ្តាចារ្យ JIM SKEA បេក្ខជននៃចក្រភពអង់គ្លេស ឈរឈ្មោះបោះឆ្នោត ជ្រើសរើសប្រធាន ក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថាៈ កម្ពុជាបានកំណត់គោលដៅ ច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០​ ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយ:ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍ បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ប្រការនេះ បញ្ជាក់អំពីសក្ខីភាពមួយ ដែលកម្ពុជាបានប្តេជ្ញាចិត្តដ៏រឹងមាំ សង្គតិភាព និងមានឆន្ទៈនយោបាយខ្ពស់ ក្នុងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោក បានលើកឡើងនូវគំនិតផ្តួចផ្តើម​លើកិច្ចសហការបណ្តុះ បណ្តាល ធនធានមនុស្ស តាមរយ:ការផ្តល់ឱកាសចូលបម្រើការងារ និងធ្វើកម្មសិក្សា នៅ IPCC ដល់មន្ត្រីរាជការវ័យក្មេង និងយុវជនកម្ពុជា ដែលជាអនាគតអ្នកដឹកនាំ ប្រទេស ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត លោក ក៏បានស្នើសុំ IPCC ចែករំលែក នូវរបកគំហើញថ្មីៗ ពីការស្រាវជ្រាវរបស់ខ្លួន ដល់កម្ពុជាផងដែរ។

ក្នុងឱកាសជួបពិភាក្សានោះ លោកសាស្រ្តាចារ្យ JIM SKEA បានថ្លែងអំណរ គុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន បានល្អប្រសើរ។

លោកសាស្រ្តាចារ្យ បានគាំទ្រពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ រវាង IPCC និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លើគំនិតផ្តួចផ្តើមរបស់លោករដ្ឋលេខា ធិការ លើការបណ្តុះណ្តាលធនធានមនុស្ស ដើម្បីពង្រឹងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ។

ជាការឆ្លើយតប លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ IPCC​ ចំពោះចំណាប់ អារម្មណ៍ សម្រាប់ការសហការជាមួយកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល និងគ្រប់គ្នាទាំងអស់ ត្រូវចូលរួមសហការគ្នា។

ក្នុងពិធីនេះដែរ លោក ក៏បានរំលេចអំពី សកម្មភាពសំខាន់នានា ដែលកម្ពុជា បាននឹងកំពុងអនុវត្ត ដើម្បីអភិវឌ្ឍន៍ប្រទេស ឆ្ពោះទៅរកភាពបៃតង ភាពធន់ និងប្រកបដោយចីរភាព៕ V / N