​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលីស​បង្ក្រាប​បាតុកម្ម​បារាំង​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា ដោយ​ពួកគេ​មួយចំនួន​ត្រូវ​បាតុករ​ប្រើ​គ្រាប់បែក​សាំង​ដុត​អោយ​ឆេះ​និង​រង​ការ​​វាយប្រហារ​ដោយ​កាំជ្រួច​និង​របស់របរ​ផ្សេងៗ​ចំ​ពេល​មនុស្ស​ប្រមាណ​៨០០.០០០​នាក់​ចេញ​មក​ដើរ​ដង្ហែ​នៅ​ទូទាំង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​ឧសភា​។​

​យ៉ាងហោច​ណាស់​ប៉ូលីស​១០៨​នាក់​បាន​រងរបួស​ក្នុង​ការប៉ះទង្គិច​ហិង្សា​ជាមួយ​បាតុករ​នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​ជាច្រើន​ខណៈ​ពួកគេ​ប្រើ​ឳ​កាស​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​បន្ត​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ផែនការ​​កំណែ​ទំរង់​សោធន​និវត្តន៍​របស់​ប្រធានាធិបតី​អេ​ម៉ានុយ​អែល ម៉ា​ក្រុង​។​ 

​រូបភាព​បង្ហាញ​ប៉ូលីស​ឆេះ​ក្រោយ​រង​ការ​គប់​គ្រាប់បែក​សាំង​ដាក់​នៅក្នុង​ការប៉ះទង្គិច​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​១​ឧសភា​។​ទូរទស្សន៍​បារាំង​បាន​និយាយថា ប៉ូលីស​បាន​រលាក​មុខ​និង​ដងខ្លួន​ហើយ​ត្រូវបាន​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប៉ូលីស​យ៉ាងតិច​១០៨​នាក់​រងរបួស ក្នុងនេះ​២៥​នាក់​នៅក្នុង​ទីក្រុង​ប៉ារីស ហើយ​ក្នុងចំណោម​មនុស្ស​២៩១​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូ​ទាំង​បារាំង មាន​១១១​នាក់​នៅ​ក្រុងប៉ារីស​នៅពេល​អំពើហិង្សា​បាន​ផ្ទុះ​​ឡើង​នៅក្នុង​ទីក្រុង​ជា​ច្រើន​ចំ​ពេល​មាន​ការដើរ​ដង្ហែ​ដែល​រៀបចំឡើង​ដោយ​សហជីព​។​

​មនុស្ស​រាប់​សិប​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន នៅពេល​កុបកម្ម​រារាំង​ការដើរ​ដង្ហែ​ទាមទារ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទូទាំង​បារាំង​។​បើ​តាម​សហជីព វា​ជា​ការតវ៉ា​ទាមទារ​ធំ​បំផុត​មិន​ដែន​ធ្លាប់​ជួប​នៅ​រយៈពេ​​លបី​ទសវត្សរ៍​មក​នេះ​នៅ​ពេល​ពួក​អ្នករៀបចំ​មាន​គំរោង​ធ្វើ​ការតវ៉ា​ទាមទារ​ធំៗ​នៅ​ទូទាំង​បារាំង​កាលពី​ម្សិលមិញ​ដើម្បី​ប្រឆាំងនឹង​ការសំរេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការដំឡើងអាយុ​ចូលនិវត្តន៍​ពី​៦២​ទៅ​៦៤​ឆ្នាំ​។​

​នៅ​ទីក្រុង​ប៉ារីស​តែមួយ មនុស្ស​ជាង​៥០០.០០០​នាក់​បាន​ចេញ​មក​តាម​ដង​វិថី ដោយ​ប៉ូលីស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ការបាញ់ទឹក​ដើម្បី​ទប់ទល់​នឹង​ពួកគេ​។​ទិដ្ឋភាព​ស្រដៀង​គ្នា​ក៏​កើត​មាន​ចាប់​​ពី​ទីក្រុង​ណង់​ធ៍​(Nantes)​ដល់​ម៉ា​សី​(Marseille) និង​ការចាប់ខ្លួន​កើន​ដល់​ជិត​៣០០​នាក់​៕