ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាល ខេត្តកំពង់ធំ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដោយមានការចូលរួម ជាអធិបតីភាពពី លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។

ពិធីនេះ បានរៀបចំឡើង នៅទីតាំងលោកតាអី (ជាប់ផ្ទះមុខងារ) និង លោកតា ក្រហមក គោលបំណងបួងសួងសុំសេចក្ដីសុខ ដល់លោកតាម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សាគ្រប់ទិសទី ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពីធីទទួលដង្ហែ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី ៤ – ៥ ខែឧសភា ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានឲ្យដឹងថាៈ ការប្រារព្ធពិធីនានា តាមបែបព្រហ្មសាសនា ក៏បានបង្ហាញ អំពីបេះដូងដ៏ទូលំទូលាយ របស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណី ជំនឿនៃជាតិសាសន៍របស់ខ្លួន តាំងតែពីសម័យកាល ដ៏រុងរឿងនៃអាណាចក្រអង្គរ ។ លោកក៏បានបួងសួងដល់បារមីវត្ថុសក្តិសិទ្ធ តាមបីបាច់ថែរក្សាថ្នាក់ដឹកនាំកំពូលៗ នៅកម្ពុជា និងអាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋ ខេត្តកំពង់ធំ និងបងប្អូន ដែលបានអញ្ជើញមកកម្សាន្ត ក្នុងកម្មវិធីព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិធីទទួលដង្ហែ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។ ក្នុងព្រឹត្តិការណ៍នោះដែរ ដើម្បីបានចូលរួម កំសាន្ត តាមបែបប្រពៃណី សាសនា, ពិព័រណ៍ផ្សេងៗ និងពិព័រណ៍បន្លែ ផ្លែឈើ ដែលជាកសិផលក្នុងស្រុក ជាផលិតផលទាំង ៩ ក្រុង ស្រុក ឲ្យទទួលបានតែសេចក្តី សុខសប្បាយ និងសូមឲ្យទុក្ខសោក រោគា ភ័យ ឧបទ្រុបចង្រៃ ទាំងពួង វិនាសចេញ ពីកម្ពុជា និងពិភពលោកយើងទាំងមូលផងដែរ ។

គួបញ្ជាក់ថា ខេត្តកំពង់ធំ នឹងរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្រោមព្រះរាជ ធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃ ៤ រោច ខែពិសាខ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕ V / N