​​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឆ្មា​ទម្ងន់ ១៨ គីឡូក្រាម ដែល​ជាប់​ឈ្មោះ​ជា​ឆ្មា​ធាត់​ជាងគេ​បំផុត​របស់​ពិភពលោក ទីបំផុត​ត្រូវបាន​ម្ចាស់​ថ្មី​របស់​វា​ដាក់​ឱ្យ​តម​អាហារ​។​

ឆ្មា​ឈ្មោះ ភែត​ឆេស (Patches) ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ទី​ជម្រក​សត្វ​មួយ​ក្នុង​ទីក្រុង​រី​ចម៉ុន (Richmond) រដ្ឋ​វើជី​នៀ​កាលពី​ដើមខែ​នេះ​។​មិន​យូរ​ប៉ុន្មាន​ផង ឆ្មា​ឈ្មោល​នេះ​បាន​ក្លាយជា​ល្បី​លើ​​អ៊ីនធឺណិត នៅពេល​ដែល​មណ្ឌល​ថែទាំ​និង​គ្រប់គ្រង​សត្វ​រី​ចម៉ុន​បានដាក់វា​ធ្វើជាស​ត្វ​ចិញ្ចឹម​។​

​ក្រោម​ម្ចាស់​ថ្មី​ឈ្មោះ កាយ ហ្វ​ត (Kay Ford) ភែត​ឆេស ដែល​មាន​ទម្ងន់​ស្មើ​នឹង​កុមារ​អាយុ ៤ ឆ្នាំ បាន​ស្រក ៩០ ក្រាម​រួចទៅហើយ​លើ​របប​អាហារ​ថ្មី​របស់​វា​។​

​ត្បិត​ឆ្មា​នេះ​មាន​ទំហំ​ធំ​មិន​ធម្មតា​ក៏​ពិតមែន ប៉ុន្តែ​លោកស្រី គ្រីស្ទី ភី​ត​ធឺ (Christy Peters) នាយក​នៃ​មណ្ឌល​ថែទាំ​និង​គ្រប់គ្រង​សត្វ​រី​ចម៉ុន បាន​ប្រាប់​កាសែត The Telegraph ថា ផាច់​ឆេស “​រើស​ចំណី​ណាស់​”​។​

​លោកស្រី​ភី​ត​ធឺ​បាន​បកស្រាយ​ថា ផាច់​ឆេស​ត្រូវបាន​ម្ចាស់មុន​សុំ​ចុះចាញ់ ព្រោះ​មិន​អាច​មើលថែ​ឆ្មា​នេះ​បាន​តទៅទៀត​។​

​លោកស្រី​បាន​និយាយថា ប្រតិកម្ម​ដំបូង​របស់​លោកស្រី​គឺ​ការស្រែក​ហួសចិត្ត បន្ទាប់ពី​បាន​ឃើញ “​ឆ្មា​ធំ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពីមុន​”​។​

​ក្រុម​ពេទ្យសត្វ​បាន​និយាយថា ទម្ងន់​ជា​មធ្យម​របស់​ឆ្មា​ក្នុងស្រុក អាស្រ័យ​លើ​ពូជ​គឺ​ប្រហែល ៤,៥ គីឡូក្រាម​។ កុមារ​អាយុ ៤ ឆ្នាំ​មាន​ទម្ងន់​ជា​មធ្យម ១៧ គីឡូក្រាម​។​

​បន្ទាប់ពី​ធ្វើតេស្តិ៍​រោគ​វិនិច្ឆ័យ​លើ​ផាច់​ឆេស ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញថា ឆ្មា​នេះ​មាន​សុខភាព​ល្អ​ទាំងស្រុង ត្បិត​វា​ត្រូវ​រស់​នៅក្នុង​ការិយាល័យ​មួយ​របស់​ក្រុម​សង្គ្រោះ ដោយសារ​តែ​វា​ធំ​ពេក​មិន​អាច​រស់​ក្នុង​ទ្រុង​បាន​ក៏​ដោយ​។​

​លោកស្រី​ភី​ត​ធឺ​បាន​ពន្យល់ថា ពួក​គេ​ជឿ​ថា ផាច់​ឆេស​ប្រហែល​ជា​ស៊ី​អាហារមនុ​ស្ស​ជាជាង​អាហារ​ឆ្មា ប៉ុន្តែ​លោកស្រី​ទទូច​ថា​វា​មិនមែន​ជា​ឆ្មា​ល្មោភស៊ី​នោះទេ​។ លោកស្រី​បាន​បន្ថែមថា “​វា​ពិតជា​ស៊ី​រើស​ណាស់​”៕

​ភែត​ឆេស​ឥឡូវ​ស្រ​កបាន ៩០ ក្រាម​ជាមួយ​របប​អាហារ​ថ្មី​ដែល​ម្ចាស់​វា​ឈ្មោះ កាយ ហ្វ​ត ដាក់​ឱ្យ​ស៊ី