ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ និង​ពិធី​ប្រគល់​ម៉ូតូ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាលខេត្ត​សៀមរាប​

987
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ និង ធ្វើ​ពិធី​ប្រគល់​ម៉ូតូ​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​ស្រុក ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​កងកម្លាំង​នគរបាល​យើង​ទាំងអស់​ដែល​ក្នុង​ខែ​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ជំនាញ​របស់ខ្លួន​ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ​នៅក្នុង​ខេត្តសៀមរាប​កន្លងមក​នេះ​។​

​លោក​បាន​មានប្រសាសន៍ សង្កត់ធ្ងន់ថា​៖​ភារកិច្ច​របស់​កងក​ម្លាំ​ង​នគរបាល​យើង​ចំពោះមុខ​នេះ​គឺ​កិច្ចការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ សាធារណៈ សម្រាប់​កិច្ចដំណើរការ ឃោសនាបោះឆ្នោត និង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នាពេលខាងមុខ​ដូចនេះ​។​

​លោកស្នងការ​ខេត្តសៀមរាប សូម​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​ត្រួតពិនិត្យ​សភាពការណ៍​និង​ត្រៀម​អន្តរាគមន៍ តាម​ការស្នើសុំ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុងករណី​មានការ​អុកឡុក​ការគំរាមកំហែង អំពើហិង្សា ល្មើសច្បាប់​ផ្សេងៗ ដែល​នាំ​ឲ្យ រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​នាពេលខាងមុខ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្រសួង​បាន​ផ្តល់ជូន​នូវ​ម៉ូតូ​ដល់​គ្រប់​ស្នងការ​រាជធានី​ខេត្ត​ទូទាំងប្រទេស ដោយឡែក​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប យើង​ក៏បាន​ទទួល​នៅ​ម៉ូតូ​ចំនួន​១០០​គ្រឿង​ពី​ក្រសួង ដើម្បី​ផ្តល់ជូន​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្នុង​១​ប៉ុស្តិ៍​១​គ្រឿង​បន្ថែមទៀត រួមទាំង​ប្រេងសាំង​ប្រចាំត្រីមាស​ទី​៣ ចំនួន​១២០​លីត្រ​ក្នុង​១​ប៉ុស្តិ៍​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៍​បានធ្វើការ​ផ្តាំផ្ញើ​ដល់​អស់លោក​ជា​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ផងដែរ ក្រោយពី​បានទទួល​ម៉ូតូ ហើយ​ត្រូវ​ចេះ​ទុកដាក់​ថែរក្សា​សម្ភារ​មធ្យោបាយ​ដែលមាន​នេះ ឲ្យ​បាន​គង់​វង់​ល្អប្រសើរ​ជា​ប្រយោជន៍​បំរើ​ឲ្យ​កិច្ចប្រតិបត្តិការ​បានយូ​រ​អង្វែង ក្នុង​ការចេញ​ល្បាត​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​កិច្ចការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ យើង​នៅ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​និង​មាន​តម្លាភាព​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម