​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ថ្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ក្នុង​ជំនួញ​នៅ​អាស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​២​ឧសភា ដោយ​បន្ថែម​ការ​ធ្លាក់​ថ្លៃ​ពី​ការ​ធ្លាក់​នៅក្នុង​ជំនួញកា​លពី​មួយ​ថ្ងៃមុន ចំ​ពេល​ទិន្នន័យ​សេដ្ឋកិច្ច​កិច្ច​​មក​ពី​ចិន​បង្ហាញអោយឃើញថា​ខ្សោយ​និង​មាន​ការរំពឹង​ទុក​ថា ធនាគារ​កណ្តាល​អាម៉េរិក​នឹង​បង្កើន​អត្រា​ការប្រាក់​ដែល​នឹង​កាន់តែ​ដាក់​សម្ពាធ​លើ​ទីផ្សារ​ប្រេង​។​

​ប្រេង​ម៉ាក​Brent​បាន​ចុះ​០,៣​ភាគរយ​ឬ​២៤​សេន​មក​នៅត្រឹម​៧៩,០៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅពេល​ប្រេង​WTI​នៅ​អាម៉េរិក​ចុះ​២៥​សេន​ផង​ដែរ​មក​នៅត្រឹម​៧៥,៤១​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​សូមបញ្ជាក់​ថា​ប្រេង​ម៉ាក​ទាំង​ពីរ​បាន​ធ្លាក់ចុះ​អស់​ជាង​១​ដុល្លារ​ក្នុង​ការជួញដូរ​វគ្គ​មុន​។​

​ទីណា តេង អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ទីផ្សារ​CMC Markets​បាន​និយាយថា​«សម្ពាធ​លើ​ប្រេង​គឺ​មក​ពី​ការ​រើប​រើ​សេដ្ឋកិច្ច​នៅ​ចិន​មិន​សំរេចដូច​ការរំពឹងទុក ​ដោយ​ជះ​ផល​អាក្រក់​លើ​ទស្សនវិស័យ​នៃ​តំរូវ​​ការ​ប្រេង​»​។​

​ទិន្នន័យ​បានបង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា សកម្មភាព​ឧស្សាហកម្ម​រោងចក្រ​ចិន​ធ្លាក់ចុះ​នៅ​ខែ​មេសា ដែល​ជា​ការធ្លាក់ចុះ​លើកដំបូង​ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០២២​។​សូមបញ្ជាក់ថាការ​រើប​រើ​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម​ចិន​​ចេញពី​ផល​នៃ​វិធានការ​ប្រឆាំង​កូវី​ដ​១៩​ត្រូវ​រំពឹងថា​នឹង​រុញ​សេចក្តីត្រូវការ​នៅ​ឆ្នាំនេះ​។​

​ទោះជា​ទិន្នន័យ​ឧស្សាហកម្ម​កម្មន្តសាលរ​បស់​ចិន​ខ្សោយ ក៏​មាន​សញ្ញា​វិជ្ជមាន​នៃ​ការ​រើប​រើ ផ្អែក​លើ​ការចំណាយ​ក្នុងអំឡុងពេល​ឈប់សម្រាក​បុណ្យទាន​ប្រាំ​ថ្ងៃ​នៅក្នុង​ប្រទេស​នាំចូល​ប្រេង​ធំ​បំផុត​ក្នុង​លោក​​មួយ​នេះ នេះ​បើ​តាម​អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ANZ Research​។​

​ទូរទស្សន៍​ចិន​CCTV បាន​និយាយថា ក្រុមហ៊ុន​លក់រាយ​និង​ក្រុមហ៊ុន​ម្ហូបអាហារ​ធំៗ​បានឃើញ​ការលក់​របស់គេ​កើនឡើង​២១​ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ផ្អែក​លើ​ទិន្នន័យ​របស់​ក្រសួង​ពា​​ណិ​ជ្ជកម្ម​។​ការធ្វើដំណើរ​១៩,៧​លាន​ជើង​ត្រូវ​បានកត់សំគាល់​ឃើញ​នៅ​ទូទាំង​ប្រទេស​ចិន​ក្នុងអំឡុងពេល​ឈប់សម្រាក​។​ចរាចរណ៍​ក៏​កើនឡើង​២០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩​។​

CCTV​បាន​រាយការណ៍​ថា ក្នុងអំឡុងពេល​ចុង​សប្តាហ៍​ការធ្វើដំណើរ​នៅ​ថ្ងៃ​ដំបូង​នៃ​ពេលឈប់​សម្រាកបាន​កើនឡើង​១៥១,៨​ភាគរយ​ធៀប​នឹង​ថ្ងៃ​ដូច​គ្នា​កាលពី​ឆ្នាំមុន នៅពេល​ចំនួន​ការធ្វើដំណើរ​តាម​ផ្លូវ​​អាកាស ផ្លូវគោក ផ្លូវ​ទឹក​និង​រថភ្លើង​បាន​កើន​ដល់​៥៦,៩៩​លាន​នៅថ្ងៃនោះ​។​

តាមពិត​ស្តុក​ប្រេង​ឆៅ​អាម៉េរិក​បាន​ធ្លាក់​ដល់​សប្តាហ៍​ទី​បី​ជាប់​គ្នា​ដែល​អាច​ជួយ​ទប់​ថ្លៃ​ប្រេង តែ​ធនាគារ​អាម៉េរិក​ដែល​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​និង​ពុធ ត្រូវ​រំពឹងថា​នឹង​បន្ត​បង្កើន​អត្រា​កា​ប្រាក់​​ថែមទៀត​ដែល​វា​នឹង​រារាំង​សកម្មភាព​សេដ្ឋកិច្ច​ក៏ដូចជា​តំរូវការ​ប្រេង​នៅ​អាម៉េរិក​៕

​ការ​ធ្វើ​ដំណើរ​និង​ការ​លក់រាយ​ក្នុងអំឡុងពេល​ឈប់​សម្រាក​នៅ​ចិន​កើនឡើង​ដែល​បង្ហាញ​អំពី​សកម្មភាព​សេដ្ឋកិច្ច​ចិន​កំពុង​ដំណើរការ​ក្រោយ​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩