ដោយ:បូកគោ/កែបៈ ការចូលរួមអភិរក្សធនធានសមុទ្រ ពិសេសពពួកសត្វសមុទ្រកម្រ និងប្រភេទសត្វដែលកំពុងរងគ្រោះជាផ្នែកមួយដ៏សំខាន់ដើម្បីរួមចំណែកក្នុងកិច្ចលើកកម្ពស់វិស័យទេសចរណ៍។ នេះជាការក្រើនរំលឹករបស់ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងអង្គសិក្ខាសាលាស្តីអំពីការអភិរក្សប្រទេសសត្វសមុទ្រកំពុងរងគ្រោះថ្នាក់ដើម្បីទេសចរណ៍ធម្មជាតិនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាក្រុងកែប។
លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ការអភិរក្សសត្វសមុទ្រជាតួនាទីរបស់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។ កិច្ចការនេះមិនមែនសម្រាប់តែសមត្ថកិច្ច និងមន្ត្រីជំនាញ ឬប្រជានេសាទនោះទេ។និយាយរួម ប្រជាពលរដ្ឋទូទៅអាចចូលរួមបានតាមរយៈការលើកទឹកចិត្តមិនឱ្យមានការធ្វើចរាចរសត្វទាំងនោះដោយការអប់រំផ្សព្វផ្សាយនូវសារសំខាន់របស់ធនធានសមុទ្រកម្រ និងពពួកសត្វកំពុងរងគ្រោះថ្នាក់ ការផ្សព្វផ្សាយអំពីឧបករណ៍ហាមឃាត់ និងទោសទណ្ឌនៃបទល្មើសនេសាទជាដើម។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការចូលរួមអភិរក្សសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ឱ្យមានភាពល្អប្រសើរឡើងវិញនឹងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងតំបន់។ ជាក់ស្តែងក្នុងខេត្តកែប បើមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជានេសាទរួមគ្នាអភិរក្សធនធាន និងជីវៈចម្រុះ ពិសេសសត្វសមុទ្រកម្រ និងពពួកសត្វកំពុងរងគ្រោះថ្នាក់បានល្អ ខេត្តនេះនឹងបំពេញគ្រប់លក្ខខណ្ឌជាខេត្តទេសចរណ៍តំបន់ឆ្នេរ ដែលមានគ្រប់សក្តានុពល។ ពេលនោះភ្ញៀវទេសចរពិតជានឹងមកលេងកម្សាន្តនៅតាមតំបន់កោះដើម្បីទស្សនាសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ ដូចជា សត្វផ្សោត ជ្រូកទឹក អណ្តើកសេះសមុទ្រ ផ្កាថ្មជាដើម។
កញ្ញា ថាប់ រចនា នាយកប្រតិបត្តិអង្គការអភិរក្សសត្វសមុទ្រកម្ពុជាបានបញ្ជាក់ថា សមុទ្រខេត្តកែបមានផ្សោតក្បាលត្រឡោកចំនួន៣២ដែលបានធ្វើអត្តសញ្ញាណរួចរាល់ក្នុងចំណោមសត្វផ្សោតប្រមាណជាង៧០ក្បាល។ ជាមួយនេះ ក៏មានជ្រូកទឹក Dugong Dugong ចំនួន៤ក្បាល ល្មិចសមុទ្រត្រូវបានជួយសង្គ្រោះជាង៧០ក្បាល សេះសមុទ្រនៅតំបន់ប្រជុំកោះអាចម៍សេះ៤ប្រភេទ និងផ្កាថ្មនៅតំបន់អភិរក្សកោះអាចម៍សេះចំនួន១៥អម្បូរផងដែរ៕/PC