ដោយ៖ ដេប៉ូ / ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក CHOI SANGYUL អគ្គនាយក នៃវិទ្យាស្ថានបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាព ការងារ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានមកទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារ លើវឌ្ឍនភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តគម្រោងលើកកម្ពស់ សមត្ថភាពវិទ្យាស្ថាន សម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា រវាងក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈ និងKOSHA ចាប់ពីថ្ងៃទី ២–៤ ខែឧសភា ឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២ ខែឧសភានេះ ប្រតិភូកូរ៉េខាងលើ បានជួបពិភាក្សាការងារ ជាមួយលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងជួបពិភាក្សាការងារ ជាមួយតំណាងនាយកដ្ឋានពេទ្យការងារ ព្រមទាំង ទស្សនកិច្ចសិក្សា នៅអតីតអគារបេឡាជាតិរបបសន្តិសុខសង្គមផងដែរ។
សម្រាប់គោលបំណងទី១ នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ដឹង អំពីរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីជ្រើសរើសសម្ភារ បរិក្ខា និងឧបករណ៍សម្រាប់ បម្រើក្នុងការបណ្តុះបណ្តាល ឱ្យបានសមស្របទៅនឹងបរិបទនៃឧស្សាហកម្មនៅកម្ពុជា សម្រាប់វិទ្យាស្ថានOSHTI ។ ត្រង់ចំណុចនេះ គេបានវាយតម្លៃថា ផ្អែកលើ បច្ចុប្បន្នភាព នៃឧស្សាហកម្ម ផលិតកម្មជាចម្បង ដែលភាគច្រើន គឺរោងចក្រកាត់ដេរ ផលិតស្បែកជើង និងរោងចក្រដំឡើងរថយន្ត ដែលត្រូវបានគ្រោងទុក។
មួយវិញទៀត ប្រសិនបើនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ មានតម្រូវការក្នុងការផ្លាស់ប្ដូរសម្ភារ បរិក្ខារ និងឧបករណ៍ចាំបាច់ ណាមួយនោះ KOSHA នឹងផ្ដល់ត្រឡប់មកវិញ នូវសម្ភារ បរិក្ខារ និងឧបករណ៍ ដែលមានក្នុងគម្រោងអភិវឌ្ឍផ្លូវការ (ODA) របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។
គោលបំណងទី២ គឺការកែលម្អ និងជួសជុលអគារ ប.ស.ស ចាស់ ពីអគារការិយា ល័យ ដើម្បីបម្រើការងារបណ្តុះបណ្តាល សម្រាប់វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ។ ក្នុងនាមជាអ្នកអនុវត្តគម្រោង និងមានបទពិសោធន៍ វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ត្រូវរៀបចំបណ្តាញចរន្ត អគ្គិសនី និងទីតាំងដែលអាចផ្ទុកសម្ភារ បរិក្ខារ និងឧបករណ៍ធ្ងន់ៗ សម្រាប់រចនាសម្ព័ន្ធ របស់វិទ្យាស្ថាន។
ចំពោះគោលបំណងទី៣ គឺការគ្រប់គ្រងធនធានមនុស្ស មុនពេលបញ្ចប់ការកែលម្អ និងជួសជុលអគារវិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ។ ការរៀបចំផែនការជ្រើសរើសសាស្រ្តាចារ្យ ប្រតិបត្តិការវិទ្យាស្ថានបណ្ដុះបណ្ដាល សុវត្ថិភាព និងសុខភាពការងារ ការបណ្ដុះបណ្ដាលបុគ្គលិក ការអភិវឌ្ឍនូវកម្មវិធី សិក្សាមុន យ៉ាងហោចណាស់ នៅពាក់កណ្ដាលឆ្នាំ២០២៤។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការ ជាមួយក្រសួង មុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាព ការងារកូរ៉េ ក្នុងការអនុវត្តនូវគម្រោងរៀបចំច្បាប់ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Act) ដែលចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ និងគម្រោងរៀបចំវិទ្យាស្ថានបណ្តុះបណ្តាល ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Training Center) ដែលអនុវត្តនៅក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៤៕/V-PC