ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថាៈ ពីការបោះឆ្នោតមួយ ទៅការបោះ ឆ្នោត មួយទៀត កម្ពុជាបានធ្វើការកែលម្អ និងកែទម្រង់ការបោះឆ្នោត ជាបន្តបន្ទាប់ ពិសេសក្រោយការបោះឆ្នោត ឆ្នាំ២០១៣ កម្ពុជាធ្វើការកែទម្រង់ស៊ីជម្រៅមួយកម្រិត ថែមទៀត ទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងស្ថាប័ន រៀបចំ ការបោះឆ្នោត។ តាមរយៈការកែទម្រង់នេះ នៅឆ្នាំ២០១៤ រដ្ឋសភា បានធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយដាក់បញ្ចូលស្ថាប័ន គ.ជ.ប ទៅក្នុងជំពូកទី១៥ ថ្មី (ពីរ) ហើយក្រោយមក ច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើជាបន្តបន្ទាប់។

 

ការបញ្ជាក់នេះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការ រាជធានី ខេត្ត រៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជាប្រធាន ផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិក គធ.ខប ដែលជា ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

លោក ទេព នីថា បានបន្តថាៈ អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ ស្តីពីវិសោធនកម្មនៃច្បាប់ ស្តីពីការបោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦ មក គ.ជ.ប បានរៀបចំចាត់ចែង និងគ្រប់គ្រងការងារចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ទទួលបានលទ្ធផលជោគជ័យ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។

លោកបានបញ្ជាក់ថាៈ ផ្អែកតាមបទពិសោធន៍ ពីការបោះឆ្នោតមុនៗ និងជោគជ័យ នៃការរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងលទ្ធផល នៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោត កន្លងទៅនេះ គ.ជ.ប បានពិនិត្យ និងកែលម្អការងារ បច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អ ប្រសើរ ថែមមួយកម្រិតទៀត តាមរយៈការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងការដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោត។

អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថាៈ ក្រៅពីការរៀបចំការងារបច្ចេកទេស បោះឆ្នោតបានល្អប្រសើរហើយនោះ ការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព របស់មន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដែលត្រូវអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ គឺជាកត្តាចាំបាច់។ ហេតុនេះហើយ ទើប គ.ជ.ប តែងតែយកចិត្តទុកដាក់រៀបចំបើក វគ្គបណ្តុះបណ្តាលដល់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។ ជាក់ស្ដែង វគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺមានគោលបំណងបង្កើនសមត្ថភាព ផ្ដល់ចំណេះដឹង និងជំនាញបន្ថែមទៀត ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ព្រមទាំងនីតិវិធីនៃការ ដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលឃោសនាបោះ ឆ្នោត ដល់សិក្ខាកាមដែលជាមន្រ្តី គ.ជ.ប និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈ អនុវត្ត និងផ្តល់កិច្ចសហការ តាមមុខការរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ សំដៅធានាឱ្យដំណើរការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន មានភាពចាស់ទុំ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាល ស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣៕/V